ខៀវ កាញារីទ្ធ សុំយួនកុម្មុយនីសឲ្យបង្រៀនមន្ត្រីខ្មែរ ខាងព័ត៌មាន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 23, 2016
- ប្រធានបទ: វិស័យព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាងចំណាត់ថ្នាក់ឆ្នាំ២០១៦ នៃសេរីភាពខាងវិស័យសារព័ត៌មាន ដែលទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders - RSF) បានចាត់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់លេខ ១២៨ ខណៈប្រទេសវៀតណាម ទៅក្នុងចំណាត់ថ្នាក់លេខ ១៧៥ ពីក្នុងចំណោម១៨០ប្រទេស ក្នុងពិភពលោក។
ប៉ុន្តែចំណាត់ថ្នាក់នេះ មិនប្រាកដមានន័យទាំងស្រុងថា វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរជាងប្រទេសវៀតណាមនោះទេ។ ភស្ដុតាង? ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា ទើបស្នើសុំប្រទេសវៀតណាម ឲ្យបង្រៀនពីវិស័យនេះ ដល់មន្ត្រីក្រសួងព័ត៌មានខ្មែរ នៅក្នុងជំនួបមួយ ជាមួយសមភាគីវៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។
ទៅរៀនពីយួន ព្រោះចំណាយតិច!
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានស្នើសុំដូច្នេះ ទៅលោក ត្រឿង មិញទន់ (Truong Minh Tuan) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម ក្នុងមូលហេតុ ដើម្បីត្រៀមផ្សព្វផ្សាយព័ត៌មាន ឲ្យមានវិសាលភាព នៅក្នុងការបោះឆ្នោត ជ្រើសរើសឃុំប្រឹក្សាឃុំសង្កាត់ នៅ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសថ្នាក់ជាតិ នៅឆ្នៃ២០១៨ខាងមុខនេះ។ បើទោះជាប្រទេសវៀតណាម មិនដែលធ្វើការបោះឆ្នោតម្ដងសោះ នោះក៏ដោយ ក៏រដ្ឋមន្ត្រីកម្ពុជា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសវៀតណាមមាន«ការរីកចំរើន» គួរកត់សំគាល់ ហើយជាពិសេសទៅទៀតនោះ ដោយហេតុថា ការទៅរៀននៅប្រទេសវៀតណាម ចំណាយប្រាក់តិច ជាងបណ្តាប្រទេសផ្សេងៗ។
លោក កាញារីទ្ធ បានថ្លែងបន្តថា ប្រទេសវៀតណាម នៅជិតប្រទេសកម្ពុជា ដូចនេះមានការងាយស្រួល ក្នុងការបញ្ជូនមន្ត្រី ទៅសិក្សាជំនាញបន្ថែមទៀត។ លោកថា ការបញ្ជូនទៅសិក្សាជំនាញនេះ គឺដើម្បីឲ្យមន្ត្រីជំនាន់ថ្មី អាចបម្រើការជំនួសមន្ត្រីខ្មែរចាស់ៗ ដែលចូលនិវត្តន៍។
គ្មានសេរីភាព គ្មានការប្រកួតប្រជែង... គ្មានភាពជឿនលឿន!
ផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីខ្មែរ ប្រទេសវៀតណាម នៅមានរបៀបរបបធ្វើព័ត៌មាន មិនជឿនលឿន និងតែងស្នើសុំ (ឬជួល) គ្រូ (ឬអ្នកជំនាញ) ពីប្រទេសបារាំង ឲ្យទៅជួយបង្ហាត់បង្ហាញ។ រាល់ការផ្សាយបន្តផ្ទាល់ នៅក្នុងប្រទេសវៀតណាម ត្រូវបានហាមឃាត់ ឬបើមិនដូច្នេះទេ ក៏ការផ្សាយនោះ ចាំបាច់ត្រូវស្ថិតក្រោមការយល់ព្រម និងឃ្លាំមើលយ៉ាងដិតដល់ ពីតំណាងម្នាក់ របស់រដ្ឋាភិបាលវៀតណាម។ នេះបើតាមសេចក្ដីប្រកាសនានា របស់ស្ថានទូតបារាំង ប្រចាំនៅប្រទេសវៀតណាម។
ប្រសិនជានិយាយពីសេរីភាព នៃវិស័យព័ត៌មាននោះ ត្រូវបានរបាយការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលសរសេរភ្ជាប់ មកជាមួយនឹងចំណាត់ថ្នាក់ខាងលើ វាយតម្លៃថា សឹងតែគ្មានសេរីភាព ខាងសារព័ត៌មាននេះ សោះតែម្ដង។ វិស័យព័ត៌មានរបស់ប្រទេសកុម្មុយនីសមួយនេះ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ យ៉ាងតឹងតែង ពីសំណាក់បក្សកុម្មុយនីស។ មានតែព័ត៌មានបែកធ្លាយ តាមបណ្ដាញអ៊ិនធើណែត តែបន្តិចបន្តួចប៉ុណ្ណោះ ដែលអាចចាត់ទុក ជាប្រភពព័ត៌មានឯករាជ្យ និងអាចទទួលយកបាន។ ប៉ុន្តែម្ចាស់ប្រភពទាំងនោះ តែងរងនូវការធ្វើទុក្ខបុកម្នេញ ឬចាប់ដាក់ពន្ធនាគារ ជារឿយៗពីសំណាក់អាជ្ញាធរ៕