បុណ្យខួប១០០ថ្ងៃ កែម ឡី ប្រកាសធ្វើ ទាំងគ្មានកន្លែងប្រារព្ធ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 23, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្មានទីកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃ នៃសពលោក កែម ឡី ដែលត្រូវជនប្រដាប់អាវុធបាញ់សម្លាប់ កាលពីជាង២ខែមុននោះទេ។ នេះបើតាមសេចក្ដីប្រកាស របស់គណកម្មការបុណ្យសព ដែលចេញផ្សាយឲ្យដឹង ក្នុងថ្ងៃសុក្រនេះ។ សេចក្ដីប្រកាសព័ត៌មាននោះ គ្រាន់តែបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យនឹងធ្វើចាប់ពីថ្ងៃទី១៤ សល់ថ្ងៃទី១៧ ខែតុលាខាងមុខនេះ ក្នុងនោះថ្ងៃទី១៤ និងទី១៥ នឹងធ្វើពិធីតាមសាសនា និងប្រពៃណី - ថ្ងៃទី១៦ មានការដង្ហែក្បួនរូបចម្លាក់ តំណាងឲ្យលោក កែម ឡី ទៅកាន់ស្រុកកំណើត នៅខេត្តតាកែវ និងថ្ងៃទី១៧ គឺជាពិធីវេរភត្តប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ សង្ឃសមាជិកមួយអង្គ នៅក្នុងគណកម្មការបុណ្យសពនោះ បានមានថេរដីកាឲ្យដឹងថា គ្មានកន្លែងប្រារព្ធពិធីបុណ្យ ដោយហេតុថា វត្តពោធិយារាម ហៅ«វត្តចាស់» ដែលគណៈកម្មការមានគម្រោង ចង់យកជាកន្លែងប្រារព្ធពិធី ដូចពេលធ្វើបុណ្យតំកល់សពដំបូងនោះ មិនអនុញ្ញាតឲ្យធ្វើពិធីបុណ្យនេះ នៅក្នុងទីអារាមរបស់ខ្លួន។ បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ ដដែល គឺព្រះចៅអធិការវត្តចាស់ បានមានសង្ឃដីកាត្អូញត្អែរ ថាមានខាងអាជ្ញាធរ បានមកកៀបសង្កត់ព្រះអង្គ មិនឲ្យប្រារព្ធបុណ្យខួប១០០ថ្ងៃ ឧទ្ទិសជូនលោក កែម ឡី នៅក្នុងបរិវេណវត្តចាស់ឡើយ។
នៅក្នុងសេចក្ដីប្រកាសដដែល របស់គណកម្មការបុណ្យ បានអំពាវនាវទៅកាន់សាធារណជន ដើម្បីស្វែងរកទីកន្លែង ដើម្បីធ្វើពិធីបុណ្យនោះ នៅក្នុងរាជធានីភ្នំពេញ។ សេចក្ដីប្រកាស បានសរសេរថា៖ «ដើម្បីឲ្យកម្មវិធីបុណ្យ អាចប្រព្រឹត្តិធ្វើទៅបាន គណកម្មការបុណ្យសូមអំពាវនាវ ដល់សាធារណជនមេត្តាផ្ដល់ ឬជួលទីកន្លែងក្នុងរាជធានីភ្នំពេញ ឲ្យគណកម្មការ ដើម្បីប្រារព្ធពិធីបុណ្យខួបគម្រប់ខួប១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី ដោយក្ដីអនុគ្រោះ»។
លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និងមួយគ្រាប់ទៀតចំទ្រូង។ ករណីបាញ់សម្លាប់នេះ បានកើតឡើង នៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខាស្ដុបបូកគោ៕
» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖
» បទសំភាសរបស់វិទ្យុអាស៊ីសេរី ជាមួយព្រះសង្ឃ ប៊ុត ប៊ុនតិញ៖