ទុក​កូន​អាយុ​២ឆ្នាំ​ចោល​ក្នុង​រថយន្ដ​ទាំង​យប់ ដើម្បី​ខ្លួន​ទៅ​រាំ!

ស្ត្រីជាម្ដាយវ័យក្មេងម្នាក់ ត្រូវបានអ្នកដំណើរតាមផ្លូវ រាយការណ៍ទៅ​កាន់​អាជ្ញាធរ នៅក្រុង «Schaffhouse» នៃ​ប្រទេស​ស្វីស បន្ទាប់ពីអ្នក​ដំណើរ​រូប​នោះ បានប្រទះឃើញទារកម្នាក់អាយុ២ខួប នៅក្នុងរថយន្ដរបស់ស្ត្រី​រូប​នោះ ដែល​​ចត​ចោល​ក្នុងចំណតរថយន្ដមួយ ទាំងកណ្ដាលរាត្រី ខណៈខ្លួន​ឯង​ចេញ​ទៅ​រាំ​កំសាន្ដ យ៉ាង​រំភើយ។
ទុក​កូន​អាយុ​២ឆ្នាំ​ចោល​ក្នុង​រថយន្ដ​ទាំង​យប់ ដើម្បី​ខ្លួន​ទៅ​រាំ!
ទារកអាយុ២ឆ្នាំ ត្រូវបានម្ដាយទុកចោល ទាំងកណ្ដាលរាត្រី ដើម្បីចេញទៅ​រាំកំសាន្ដ នៅ​ក្បែរនោះ។ (រូបថតនគរបាល)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 23, 2016
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារនគរបាល ត្រូវបានបញ្ជូនភ្លាមៗ ទាំងកណ្ដាលរាត្រី ទៅកាន់ចំណតរថយន្ដមួយ ក្នុងក្រុង «Schaffhouse (ស្ថិតនៅភាគខាងជើង នៃប្រទេសស្វីស)» បន្ទាប់ពីទទួលដំណឹង ពីអ្នកដំណើរនៅក្បែរនោះ ដែល​បាន​ប្រទះឃើញ​ទារកម្នាក់អាយុ២ខួប នៅក្នុងរថយន្ដតែម្នាក់ឯង ហើយបានរាយការណ៍ករណីនេះ ទៅ​កាន់​អាជ្ញាធរ។ បន្ទាប់មក នគរបាលបានដឹងថា ម្ដាយរបស់ទារករូបនោះ បានទុកកូនខ្លួនចោល ដើម្បីខ្លួន​ចេញ​ទៅ​រាំ​សប្បាយ។

នគរបាលបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអាធ្រាត​យប់ថ្ងៃសៅរ៍ ចូលមក​ថ្ងៃ​អាទិត្យ​ចុងសប្ដាហ៍មុន។

ភ្នាក់ងារ​នគរបាល ដែលបានទៅដល់កន្លែងកើតហេតុ មិនបានហៅអ្នកបច្ចេកទេស ដើម្បីគាស់ទ្វា ឬកញ្ចក់​រថយន្ដ ក្នុងការជួយរំដោះទារក ចេញមកក្រៅទេ ដោយហេតុថា ស្ត្រីជាម្ដាយបានត្រឡប់មកវិញ នៅប៉ុន្មាន​នាទី ក្រោយមក។ ស្ត្រីជាម្ដាយអាយុ២៥ឆ្នាំរូបនេះ បានសារភាពថា នាងបានចេញទៅរាំកំសាន្ត ក្នុងរង្គសាល​មួយ​ក្បែរ​នោះ និងពិតជាបានទុកកូនរបស់នាង នៅក្នុងរថយន្ដនេះ តែម្នាក់ឯងមែន។

នៅអ៊ឺរ៉ុបខាងលិខ ឪពុកម្ដាយដែលខ្ជីខ្ជារ ក្នុងការថែរក្សាកូន រាប់តាំងពីការទុកកូនចោល គ្មានមនុស្ស​ធំ​នៅ​ក្បែរ​ដូច្នេះ នឹងត្រូវមានទោស។ ក្នុងករណីខ្លះ ឪពុកម្ដាយ​ថែមទាំងត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារ និង​ដក​សិទ្ធិលែងឲ្យថែរក្សា និងចិញ្ចឹមកូនខ្លួនឯង​ នោះរហូតថែមទៀត។

ប៉ុន្តែរឿងរ៉ាវខាងលើ នៅមិនបានបញ្ចប់ទៅ ត្រឹមតែស្ត្រីជាម្ដាយវ័យក្មេង ទៅរាំដោយ​ទុកកូន​ខ្លួន​ចោល​ដូច្នេះ​ទេ។ អ្នកដំណើរម្នាក់ ដែលបានឃើញទារក នៅក្នុងរថយន្ដតែម្នាក់ឯងនោះ ក៏កំពុងរងបណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិ និង​បង្ក​ការ​ខូចខាត ទៅលើទ្រព្យសម្បត្តិឯកជននោះដែរ។ នៅមុននគរបាលមកដល់ អ្នកដំណើររូបនោះ បាន​សម្ដែង​ការ​ខឹងសម្បារ (ព្រោះឃើញកូនតូច ត្រូវបានទុកចោលតែឯង) ដោយបានវាយតប់ ទៅលើរថយន្ដ​ចត​ចោល​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...