នៅ​តូច​មិន​ទាំង​ស្គាល់​ឈ្មោះ​ឪពុក​ម្តាយ​ផង តែ​ចេះ​ដើរ​រកប្រាក់

ខុសពីកូនចៅរបស់អ្នកផង ដែលស្ថិតក្នុងវ័យនេះ កំពុងតែត្រូវការភាពកក់ក្តៅ និងការថ្នាក់ថ្នមពីឪពុកម្តាយ តែចំពោះក្មេងប្រុសម្នាក់នេះវិញ នៅក្នុងវ័យត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ បានក្លាយជាអ្នករកប្រាក់ដោយលក់ឥវ៉ាន់ តាមហាងអាហារទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យករាណ៍ដោយ៖ ហេង វុទ្ធី ភ្នំពេញថ្ងៃទី០៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងថាស ដែលពេញប្រៀបដោយផ្លែឈើ ច្រកផ្លាស្ទិចជិត រៀបជាគំនរបួនទៅប្រាំជាន់ ក្មេងប្រុសម្នាក់នេះ ដើរ​រកអតិថិជនរបស់ខ្លួន ដែលកំពុងទទួលទានអាហារ នៅក្នុងហាងចំណីជាច្រើន ស្ថិតនៅខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ភាពឆ្លាតវៃរបស់កុមារតូចម្នាក់នេះ បានធ្វើភ្ញៀវនៅក្នុងហាងគ្រប់តុ ចាប់ភ្លឹកមើលក្មេង​ប្រុស​ម្នាក់នោះ ទាំងសម្តីកោតសរសើរនៅក្នុងចិត្ត លាយឡំជាមួយនឹងភាពអាណិតអាសូរ។ មានអ្នកខ្លះ បាន​ហៅ​កុមារយើងមកជិត ដើម្បីទិញផ្លែឈើដែលកុមារលក់។ ឯអ្នកខ្លះទៀតបានហុចលុយឲ្យ ប៉ុន្តែកុមារបែរជាមិន​ទទួលប្រាក់«ដាក់ទាន»នោះទៅវិញ។

ការចាប់អារម្មណ៍ដ៏ច្រើនទាំងនេះ បានបណ្តាលឲ្យអ្នកសាព័ត៍មាន របស់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូជួប​សាក​សួរផ្ទាល់ ជាមួយក្មេងដ៏តូចមួយនេះ នៅលា្ងចថ្ងៃទី៤កុម្ភៈឆ្នាំ២០១៥។ មានឈ្មោះ ហុង កុមារយើងទើបនឹង​មានអាយុ៤ឆ្នាំប៉ុណ្ណោះ ហើយកំពុងរស់នៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និយាយទាំងសម្លេង​ដ៏តូច​ឆ្មារ កុមារ ហុង បានថ្លែងឡើងថា ខ្លួនមិនដឹងឪពុកម្តាយឈ្មោះអ្វីនោះទេ តែ ហុង គ្រាន់តែដឹងថា មាន​បង​ប្អូន​១០នាក់ នៅក្នុងគ្រួសារ។ កុមារបានបន្តថា ក្នុងមួយយប់ គេលក់បាន៥០កញ្ចប់ ក្នុងនោះ១០ហាង ដែលគេ​បាន​លក់នៅក្នុងរាជធានីភ្នំពេញ។

អ្នកញ៉ាំអាហារនៅហាងមួយ លោក នី ប៊ុនឡេង ជាបញ្ជាការកងទ័ព រស់នៅភូមិស្វាយជ្រុំ ឃុំព្រៃសំរោង ស្រុក​មុខកំពូល ខេត្តកណ្តាល បានលើកឡើងថា លោកអាណិតណាស់ ដែលឃើញក្មេងមិនទាន់ទាំងគ្រប់​អាយុ​ចូលរៀនផង បែរជាមកដើរលក់ដូរទាំងយប់បែបនេះ នោះនឹងនាំឲ្យប៉ះពាល់ដល់អនាគតក្មេង ទៅថ្ងៃក្រោយ។ លោកបន្ថែមថា ទាំងនេះជាការមើលរំលងរបស់សង្គម ហើយទង្វើទាំងនេះ ជាការរំលោភសិទ្ធកុមារ។ លោក​ចង់ឲ្យសង្គមលប់បំបាត់ រាល់ការរំលោភសិទ្ធទាំងអស់នេះ ទៅលើកុមារ។ លោកបញ្ជាក់ កាលពីមុន​លោកក៏​ធ្លាប់ក្រដែរ ហេតុនេះលោកដឹងពីអារម្មណ៍អ្នកក្រ។ លោកបានលើកឡើងថា៖ «ខ្ញុំអាណិតក្មេងនេះណាស់»។

កញ្ញា សុខ លាប និស្សិតម្នាក់រៀន នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ឆ្នាំទីបី បានលើកឡើងថា ឃើញ​បែប​នេះ​មិនសមសោះ ក្មេងដ៏តូចអាចដើរទូលឥវ៉ាន់លក់ ទាំងយប់បែបនេះ ពិតជាគួឲ្យសរសើរផង និងអាណិត​ផង​ណាស់។ កញ្ញាថា នាងក៏ជាអ្នកក្រដែរ តែនាងបានរៀនសូត្រ ហើយឪពុកម្តាយនាងមិនបណ្តោយឲ្យកូនៗ ទៅ​ជាបែបនេះនោះទេ។ កញ្ញាចង់ឲ្យសង្គម ត្រូវក្រឡេកមើលឲ្យបានគ្រប់ជ្រុងជ្រោយ ពីបញ្ហាកុមារទាំងនេះ ដែល​ត្រូវធ្វើការទាំងបង្ខំរបៀបនេះ។ នាងថា៖ «ខ្ញុំហួសចិត្តណាស់ គេនៅតូចពេក»។ ប៉ុន្តែកញ្ញាបានសរសើរកុមារ ហុង ត្រង់ថា មិនទទួលយកលុយដាក់ទាន ពីនរណាម្នាក់សោះ នៅក្នុងហាងនោះ បើអ្នកទាំងនោះមិនទិញ​ផ្លែ​ឈើ​ពីគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...