គណៈកម្មការទី៧រដ្ឋសភា ចុះតាមស្ថាប័នអប់រំ ដើម្បីយកទិន្នន័យជាក់លាក់
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០៥ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 15, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំក្រុមការងាររបស់លោក បានចុះធ្វើទស្សនៈកិច្ចផ្ទាល់ នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈនេះ នៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំ របស់សាលានីមួយៗ ដើម្បីឈានទៅធ្វើកំណែទម្រង់បន្ថែម នៅក្នុងប្រព័ន្ធអប់រំ។
ការចុះធ្វើទស្សនៈកិច្ច របស់គណៈកម្មការទី ៧នៃរដ្ឋសភានេះ បានចាប់ផ្តើមធ្វើឡើងនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនដំបូងគេបង្អស់។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោក ចង់ប្រមូលព័ត៌មានមួយចំនួន សំរាប់រៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី ៣១ ខែ មីនាខាងមុខនេះ ដែលមានលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាវាគ្មិនផង។ សិក្ខាសាលានោះ នឹងរៀបចំធ្វើនៅក្នុងវិមានរដ្ឋសភា ក្រោមប្រធានបទ «វិធានការកំណែទម្រង់ វិស័យអប់រំនៅកម្ពុជា»។
លោកថា ព័ត៌មានដែលលោកចង់បាននោះ មានដូចជាចំនួនសិស្ស ចំនួនគ្រូ បរិស្ថានសាលា និងជាពិសេសនោះ គឺកម្មវិធីសិក្សានៅក្នុងសាលា នាពេលបច្ចុប្បន្ន។ គណៈកម្មការទី៧ របស់រដ្ឋសភាមានភារៈត្រូវតែដឹង និងសិក្សាឲ្យស៊ីជម្រៅ ពាក់ព័ន្ធទៅនឹងលោកគ្រូ អ្នកគ្រូផងដែរ ដើម្បីងាយស្រួលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរទៀតថា កំណែទម្រង់ប្រព័ន្ធគ្រប់គ្រង ជាការចាំបាច់បំផុត តាមរយៈការផ្លាស់ប្តូរ ពីរបៀបបុគ្គលនិយម ទៅជាប្រព័ន្ធគ្រប់គ្រង ដោយការទទួលខុសត្រូវ លុបបំបាត់ចោលនូវវប្បធម៌តួឯក។
ក្រៅពីចុះទស្សនកិច្ច នៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួននោះ គណៈកម្មការទី ៧ នៃរដ្ឋសភាដដែលនេះ គ្រោងនឹងចុះទៅពិនិត្យមើលប្រព័ន្ធអប់រំ នៅតាមសាលាថ្នាក់វិទ្យាល័យ និងបឋមសិក្សាថែមទៀត ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ នេះបើតាមប្រធាំនគណកម្មការដដែល បានថ្លែងប្រាប់អ្នកសារព័ត៌មាន៕