នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ច្រាន​ចោល​ការ​​ចោទ​​របស់​និស្សិត

ក្រោយពីការចោទប្រកាន់របស់ក្រុមនិស្សិតរបស់ខ្លួន រហូតមានការយកញត្តិទៅដាក់ដល់រដ្ឋសភានោះ នាយក​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ បានចេញមកបកស្រាយថា ការលើកឡើងទាំងនោះ ជារឿង«មិនពិត»។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៨ មករា ២០១៥
  • កែប្រែចុងក្រោយ: January 29, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ មាន​អាជ្ញាប័ណ្ណត្រឹម​ត្រូវ ពី​ខាង​ក្រសួង​សុខាភិបាល​រួច​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហាក់ មុន្នី នាយក​វិទ្យាស្ថាន​មួយ​នេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ដោយ​បាន​ថ្លែង​អះអាង​ទៀត​ថា៖ «យើង​អាច​ទៅ​ទាក់​ទង​សាលា ដើម្បី​សុំ​ថត​ចម្លង​អាជ្ញាប័ណ្ណ​នេះ​បាន»។

ការ​បក​ស្រាយ​របស់​លោក ហាក់​ មុន្នី បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ដាក់​ញត្តិ ដល់​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៥ របស់​ក្រុម​និស្សិត​ពេទ្យ​មួយ​ក្រុម ដែល​បាន​ចោទ​ប្រកាន់​វិទ្យាស្ថាន​ឯកជន​មួយ​នេះ​ថា បាន​បើក​សាលា​បង្រៀន​ពួក​គេ ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​ពាក់ព័ន្ធ និង​បាន​ប្រមូល​ប្រាក់​ពី​និស្សិត​ដើម្បី​ការ​ចុះ​កម្មសិក្សា នៅ​ថ្ងៃ​ទី១ ខែ​មិថុនា តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ដែល​ឃើញ​កម្ម​សិក្សា​នោះ មាន​រូប​រាង​យ៉ាង​ណា​ឡើយ។

ឆ្លើយតបនឹងករណីនេះ លោក ហាក់ មុន្នី បានថ្លែងបញ្ជាក់ ក្នុងកិច្ចសម្ភាសដាច់ដោយឡែកមួយតាមទូរស័ព្ទ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ប្រាក់៦០ដុល្លានឹងត្រូវបង់ចូលទៅឲ្យ​មន្ទីរ​ពេទ្យ នៅពេលនិស្សិត​ត្រូវ​បាន​មន្ទីរពេទ្យ ទទួលឲ្យចុះកម្មសិក្សាក្នុងស្ថាប័នរបស់ខ្លួន។ លោកថា៖ «ជាគោល​ការណ៍ វាមិនជាអីទេ។ នៅ​ពេល​ចុះកម្មសិក្សា នៅមន្ទីរពេទ្យរដ្ឋ គឺមន្ទីរពេទ្យគេតម្រូវឲ្យនិស្សិតទាំងអស់នេះ បង់ថវិកាណ្នឹងហើយ។»

ចំណែក​បញ្ហា​ដែលយឺតយ៉ាវនោះ ដូចជាត្រូវបានលោក មុន្នី ទម្លាក់កំហុស​ទៅឲ្យ​ក្រសួង​អប់រំទៅវិញ ដែលត្រូវ​ទទួល​ស្គាល់​លើ​បញ្ជីឈ្មោះរបស់និស្សិតទាំងអស់ ដែលសាលាបានបញ្ជូនទៅ​កាន់​ក្រសួងនោះ មុននឹងយក​បញ្ជី​ឈ្មោះ​ទាំង​នោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបាន។

នាយកវិទ្យាស្ថាន បាននិយាយទៀតថា៖ «គឺខាងក្រសួងអប់រំ លោកមិនទាន់ឃើញទម្លាក់ឈ្មោះមក ហើយ​យើង​(...)គ្រាន់ជាអ្នកគ្រប់គ្រង អញ្ចឹងខាងលើ យើងមិនដឹងថា វាយ៉ាងម៉េចទេ»។

ចំពោះការកំណត់តួនាទីរបស់លោក ក្នុងនាមជានាយកសាលា លោក ហាក់ មុន្នី ថ្លែងថា លោកមិនបានដឹងទេ ហើយរាល់ការប្រជុំជាមួយខាងក្រសួង ឬការសម្រេចផ្សេងៗជាមួយរដ្ឋមន្ត្រី ក៏មិនស្ថិតក្នុងដែនអំណាច របស់​លោកដែរ ហើយថា នោះជាតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលា គឺលោកស្រី ជា សំអាត ដែលជា​ថ្នាក់​លើរបស់លោក។ លោកបានថ្លែងទៀតថា៖ «ការប្រជុំលើកក្រោយនេះ ជាមួយនឹងខាងក្រសួង​សុខាភិបាល និងក្រសួងអប់រំ ជាមួយនឹងអភិបាលរងរាជធានីភ្នំពេញណ្នឹង លោកនឹងប្រាប់ឲ្យខាងសាលា (...) ឥឡូវលោក (លោកស្រី ជា សំអាត) បានទៅវៀតណាមមិនទាន់មកវិញ អញ្ចឹង ការងារដោះស្រាយណ្នឹង វា​មិន​ទាន់​មាន​ដំណោះស្រាយអី។ ដោយសារថ្នាក់ខាងក្រោម គឺថ្នាក់នាយកសាលាអី គឺត្រឹមប្រជុំខាងក្រោម ផ្នែក​បច្ចេកទេស​ទេ។»

សូមបញ្ជាក់ថា ក្រុមនិស្សិតដែលបានយកញត្តិទៅដាក់ សុំឲ្យរដ្ឋសភាជាតិដោះស្រាយ ពីបញ្ហាក្នុងវិទ្យាស្ថាន​របស់ពួកគេនោះពីល័ក្ខខ័ណ្ឌបីចំណុច។ ពីក្នុងចំណោមនោះ និស្សិតមួយចំនួនបានត្អូញត្អែរ ពីការបង់ប្រាក់​របស់ពួកគេទៅឲ្យសាលា តែមិនឃើញមានលទ្ធផលត្រឡប់មកវិញ ហើយនិស្សិតមួយចំនួនទៀត បានថ្លែង​បារម្ភពីអនាគតរបស់ពួកគេ។

តំណាងនិស្សិតឈ្មោះ ថន រដ្ឋា ជានិស្សិឆ្នាំទី៣ផ្នែកគិលានុប្បដ្ឋាក នៃវិទ្យាស្ថាន​ខាងលើបានថ្លែង ក្នុងថ្ងៃទី២៩ ខែមករានេះថា នៅមិនទាន់មានខាងសាលា ដោះស្រាយឲ្យក្រុម​និស្សិត​នោះ​ទេ។ តំណាងនិស្សិតរូបនេះ បាន​និយាយទៀតថា ពួកគេនឹងរង់ចាំរយៈពេល១០ថ្ងៃទៀត ដើម្បីមើលពីការ​ត្រួត​ពិនិត្យរបស់រដ្ឋសភា បន្ទាប់ពី​ក្រុម​ខ្លួបានដាក់ញត្តិរួច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...