ក្រសួងអប់រំបង់ប្រាក់ជាង១ម៉ឺនដុល្លារ ក្នុងបទល្មើសបៀតបៀនផ្លូវភេទមួយ នៅកូរ៉េខាងត្បូង

- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 23, 2016
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានកញ្ចប់ប្រាក់ យ៉ាងហោចជាងមួយម៉ឺន ពីរពាន់ដុល្លារ ដើម្បីបង់រំលោះ ឬបង់ពិន័យឲ្យមន្ត្រីរបស់ខ្លួន ដែលជាប់ចោទ ពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ នៅឯបរទេស។ នេះបើតាមការអះអាង របស់លិខិតមួយ ចុះថ្ងៃទី៩ ខែមិថុនា របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ផ្ញើរទៅកាន់ក្រសួងការបរទេសកម្ពុជា។
លិខិតរបស់ឯកអគ្គរាជទូតកម្ពុជា បានសរសេរថា៖ «ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាប ជូនឯកឧត្ដម (រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន) មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៥០ (ម៉ោងកូរ៉េ) ការិយាល័យរដ្ឋអាជ្ញាសង្កាត់ "Seoul Southern" បានសម្រេចលើកលែងការចោទប្រកាន់ និងដោះលែងលោក គ្រី ស៊ាងឡុង ទាំងស្រុងពីមណ្ឌលឃុំឃាំង "Nambu Detention Center" ក្នុងទីក្រុងសេអ៊ូល។ ប៉ុន្តែរដ្ឋអាជ្ញាបានសម្រេច ផាកពិន័យជាប្រាក់ចំនួន ៣.៦០០.០០០វ៉ុន និងសងជំងឺចិត្តដល់ជនរងគ្រោះចំនួន៥.០០០.០០០វ៉ុន និងថ្លៃមេធាវីចំនួន ៥.៥០០.០០០វ៉ុន។ ចំពោះថវិកាទាំងអស់នេះ គឺបានពីការផ្ដល់ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយសំណង។»
បើនិយាយមកដល់មុនថ្ងៃទី២៣ ខែមិថុនានេះ ករណីលោក គ្រី ស៊ាងឡុង ខាងលើ ហាក់ដូចជាស្ងៀមស្ងាត់ មិនត្រូវបាននរណាម្នាក់ ទម្លាយចេញមកឲ្យដឹង ជាសាធារណៈនោះទេ ដែលផ្ទុយពីការផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូងយ៉ាងហោចចំនួនពីរ ដែលបានធ្វើសេចក្ដីរាយការណ៍ តាំងពីដើមខែមិថុនាកន្លងមក។ សេចក្ដីរាយការណ៍ របស់សារព័ត៌មានទាំងនោះ បានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ត្រូវបានអាជ្ញាធរប្រទេសកូរ៉េខាងត្បូង ធ្វើការឃាត់ខ្លួន កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានីសេអ៊ូល ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្ស អាស៊ានបូក៣ ឆ្នាំ២០១៦ ហៅជាភាសាអង់គ្លេសថា «2016 ASEAN+3 HRD Forum»។
សារព័ត៌មានកូរ៉េ «News1 Korea» បានសរសេរថា លោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់ ថានៈស្មើនឹងប្រធាននាយកដ្ឋាន របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានរងការចោទ ថាបានលូកដៃ ទៅចាប់ចង្កេះស្ត្រីអ្នកបកប្រែភាសា និងព្យាយាមថើបនាង។ ស្ត្រីរូបនោះ បានប្ដឹងនគរបាលភ្លាមៗ បន្ទាប់ពីសកម្មភាពមិនប្រក្រតី របស់មន្ត្រីកម្ពុជា។ សារព័ត៌មានបានស្រង់ការទាមទារ របស់រដ្ឋអាជ្ញាប្រចាំតំបន់ មកបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង គួរហាមមិនឲ្យមន្ត្រីកម្ពុជារូបនេះ ធ្វើដំណើរចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅលើកក្រោយៗទៀត។
ក្នុងលិខិតរបស់លោក ឌីម៉ង់ បានឲ្យដឹងទៀតថា ស្ថានទូតបានចេញកំណត់ទូត ដាច់ដោយឡែកចំនួនបី ដើម្បីស្នើសុំឲ្យអន្តរាគមន៍ដោះលែង លោក គ្រី ស៊ាងឡុង គឺមួយច្បាប់ ផ្ញើទៅការិយាល័យចៅក្រម នៅថ្ងៃទី២៧ ខែឧសភា មួយច្បាប់ ផ្ញើទៅការិយាល័យរដ្ឋអាជ្ញា នៅថ្ងៃទី៣ ខែមិថុនា និងមួយច្បាប់ទៀតផ្ញើរ ទៅក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមិថុនា។ លិខិតបានបញ្ជាក់ទៀតថា៖ «ខ្ញុំបាទនិងមន្ត្រីស្ថានទូត បានទៅជួបរដ្ឋអាជ្ញាចំនួនពីរលើក និងជួបផ្ទាល់ជាមួយលោក គ្រី ស៊ាងឡុង ចំនួនបួនលើក។ បច្ចុប្បន្ននេះលោក គ្រី ស៊ាងឡុង កំពុងស្នាក់នៅស្ថានទូត ហើយនឹងត្រូវត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី១០ ខែមិថុនា។»។
ទំនងជាមិនចង់ ឲ្យករណីនេះលេចឮសុះសាយខ្លាំង លោក គ្រី ស៊ាងឡុង អាយុ៤៤ឆ្នាំ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលម៉ិញថា លោកមិនបានបៀតបៀនផ្លូវភេទ ទៅលើអ្នកបកប្រែរបស់លោកឡើយ និងបានអះអាងថា «បញ្ហាដោះស្រាយរួចហើយ»។
នៅក្នុងប្រតិកម្មភ្លាមៗ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ តែលោក បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងនឹងចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះករណីខាងលើ៕