បទពិពណ៌នា៖ អាមេរិកថា កម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ និងសិទ្ធិលំនៅដ្ឋាន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ម៉ៃឃើល ផន័រ (Michael Posner) បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើបញ្ហាសិទ្ធិដីធ្លី និងប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ នៅពីមុខស្ថានទូតអាមេរិក នារសៀលថ្ងៃទី១៩ខែកុម្ភះ។
MONOROOM.info photo/ O. Vary។
ដំណើរមកកាន់កម្ពុជាលើកនេះ លោក ម៉ៃឃើល ផន័រ ត្រូវបានទទួលស្វាគមន៍ នៅពីមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ ដែលបានជួបប្រជុំគ្នា នារសៀលថ្ងៃទី១៩ខែកុម្ភះ។ ក្រុមប្រជាពលរដ្ឋទាំងនោះ មានបំណងស្វែងរកអន្តរាគមន៍ ពីឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះ ដើម្បីសុំឲ្យមានការដោះលែង សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ នៅក្នុងពន្ធនាគារនៅឡើយ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វណ្ណី បានថ្លែងថា ពួកគាត់បានដាក់ញត្តិ ទៅកាន់ស្ថានទូតអាមេរិក សុំមន្ត្រីជាន់ខ្ពស់នៃប្រទេសមហាអំណាច ជួយ«អន្តរាគមន៍» ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែង អ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។ អ្នកមកជួបជុំគ្នានៅមុខស្ថានទូត បានរួមគ្នាបញ្ជាក់ថា អ្នកស្រីយ៉ោម បុប្ផា មិនបានធ្វើខុស ដូចការចាទប្រកាន់របស់តុលាការទេ។ ក្នុងក្ដីសង្ឃឹមដ៏មុតមាំក្នុងការតវ៉ានេះ តំណាងសហគមន៍អ្នកស្រី ទេព វណ្ណី អះអាងថា ក្រុមអ្នកស្រីមិនប្រឆាំង នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទេ តែគ្រាន់តែធ្វើទៅតាមសិទ្ធិ ដែលមានស្របតាមច្បាប់។ តែផ្ទុយមកវិញ ក្រុមអ្នកស្រី បែជារងនូវភាពអយុត្តិធម៌ ការប្រើអំពើហិង្សា ការចាប់ចង ការឃុំខ្លួនដោយខុសច្បាប់ និងនីតិវិធីច្បាប់របស់តុលាការដែលមិនឯករាជ្យ និងមិនយុត្តិធម៌។
នៅក្នុងសន្និសិត ធ្វើទៅកាន់អ្នកសារពត៌មាន លោក ម៉ៃឃើល ផន័រ បញ្ជាក់ថា បញ្ហាជំលោះដីធ្លី និងបញ្ហាក្ដីក្ដាំទាំងឡាយនៅតុលាការ «វាគួរតែត្រូវទទួលបាន នូវការដោះស្រាយ ដោយ តម្លាភាព យុត្តិធម៌ និងត្រឹមត្រូវ»។ លោកឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្វាគមន៍ចំពោះការផ្អាក នូវសម្បទានដីសេដ្ឋកិច្ច និងចំពោះការចាក់គ្រឹះ នៃប្រព័ន្ធគ្រប់គ្រងដីធ្លីដោយនិតិរដ្ឋ គោលនយោបាយដីធ្លី ដែលត្រូវការ អោយមានតម្លាភាពច្រើនជាងនេះ។ ជាមួយគ្នានោះ លោកបានសម្ដែង ការខ្វល់ខ្វាយ ដោយលោកដឹងថា មានសកម្មជនសិទ្ធិដីធ្លីមួយចំនួន ត្រូវបានចាប់ដាក់ពន្ធនាគារ។ «រដ្ឋាភិបាលគួរផ្តួចផ្តើម អោយមានការពិភាក្សាដេញដោល ជាសាធារណៈដោយស្មោះត្រង់ ដែលស្វែងរកមើលគោលនយោបាយឆ្លើយតប សមស្របទៅនឹងបញ្ហាកាន់កាប់ដីធ្លី ហើយរកមើលវិធីប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ច្រើន ក្នុងការដោះស្រាយជំលោះ»។
សូមរំលឹកឡើងវិញថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូង កាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទប្រើហឹង្សាដោយចេតនា។ មកដល់ពេលនេះសកម្មជនរូបនោះ ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារ អស់រយះពេលជាងប្រាំខែហើយ។ ចំណែកសហគមន៍ជាតិ និងអន្តរជាតិវិញ បានចាត់ទុកបញ្ហានេះ ថាជាការ«បំបាក់ស្មារតីសកម្មជនដីធ្លី និងបំបិទសេរីភាពបញ្ចេញមតិ» ដោយប្រើប្រព័ន្ធតុលាការ។
ប្រព័ន្ធតុលាការកម្ពុជា ដែលតែងតែរងការរិះគន់ ជាញឹកញយ ថាមិនអាចទុកចិត្តបាន សម្រាប់ការពារជនរងគ្រោះ ទន់ខ្សោយ។ លោកម៉ៃឃើល ផន័រ បានលើកមកពន្យល់ទៀតថា «សេចក្តីត្រូវការក្នុងពេលនេះ តម្រូវអោយមានតុលាការមិនលំអៀង និងមានដំណើរក្តីដ៏ត្រឹមត្រូវមួយ។ ក្នុងឆ្នាំកន្លងទៅនេះ ខ្ញុំមានការរំខានចិត្ត ដោយសារមានសេចក្តីរាយការណ៍ អំពីសវនាការ ដែលគ្រាន់តែធ្វើជាការបង្គ្រប់កិច្ច និងការប្រតិបត្តិរបស់តុលាការ ដែលធ្វើអោយនៅមានមន្ទិលនៅឡើយ។ ការណ៍នេះ លេចឡើងញឹកញាប់បំផុត ក្នុងករណីដែលធ្វើអោយគេមានការចាប់អារម្មណ៍ខ្លាំង ដូចជាករណីរបស់លោក សុខ សំអឿន និងប៊ន សំណាង ដែលត្រូវបានចោទ ពីបទធ្វើឃាតលើលោក ជា វិជ្ជា ដែលជាសកម្មជនការងារនោះជាដើម។ ចុងចោទគ្រប់រូប មានសិទ្ធិទទួលបានការកាត់ក្តី ដោយយុត្តិធម៌ ហើយខ្ញុំសុំអោយរដ្ឋាភិបាល ធ្វើអោយបានប្រសើរជាងនេះ។»
បើមិនមែនជាករណីប្រើហិង្សាទេ «ករណីអ្នកស្រីយ៉ោម បុប្ផា» ក៏មិនខុសពីករណីលោក ម៉ម សូណង់ដូ ឬ លោក សម រង្សី នោះដែរ។ នេះជាការវិភាគមួយទៀត របស់លោក កែម ឡី បកស្រាយទៅនឹងបទពិពណ៌នារបស់ មនោរម្យព័ងអាំងហ្វូ។ លោកបាននិយាយ ផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាល ថាគួរពិចារណា ក្នុងការធ្វើ«សម្បទានជាកញ្ចប់»មួយ សម្រាប់មនុស្សទាំងអស់នេះ។ លោកបានបន្ថែមគំនិតវិជ្ជមានមួយទៀតថា មិនគួរបៀមបញ្ហាទាំងអស់នេះទុក ដោយនាំទៅដល់ការរំខាន និងភាពស្មុគ្រស្មាញ ដល់ការអភិវឌ្ឍន៍ប្រទេស និងត្រូវធ្វើរឿងអ្វីផ្សេងទៀត ដែលថ្មីៗ ជៀសជាងដោះស្រាយតែបញ្ហា «ចាស់ដដែលៗ» ទាំងដោយមតិជាតិ និងអន្តរជាតិ មិនទទួលស្គាល់ និងយល់ព្រមបែបនេះ។
មនោរម្យព័ងអាំងហ្វូ ព្យាយាមសុំការបកស្រាយ ពីមន្ត្រីរដ្ឋាភិបាល និងខាងតុលាការ នៅថ្ងៃទី២០ខែកុម្ភះនេះ តែនៅមិនទាន់ រកការបកស្រាយបាននៅឡើយ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ