ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា

អ្នកស្រី ប៊ូ រចនា និងកូនៗទាំងបួននាក់ របស់អ្នកស្រីជាមួយលោក កែម ឡី បានចាកចេញ ពីប្រទេស​កម្ពុជា​ហើយ។ នេះ​បើ​តាម​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ដែលបានអះអាងការចាកចេញនេះ តាមរយៈវិទ្យុអាស៊ីសេរី នៅមុន​នេះ​បន្តិច។
ប្រពន្ធ​កូន​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​កម្ពុជា
ក្រុមអ្នកអាឡោះអាល័យលោក កែម ឡី បានកាន់រូបរបស់លោក ក្នុងពិធីដង្ហែសពថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 29, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានមានសង្ឃដីកាថា មុនការចាកចេញ ពីប្រទេសកម្ពុជា ដែលជាទឹកដីកំណើត អ្នកស្រី ប៊ូ រចនា បានធ្វើលិខិតផ្ទេរសិទ្ធិ ជូនទៅគណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី ដើម្បីទទួល​ធ្វើ​បុណ្យ រំលឹកខួបមួយរយថ្ងៃ ជូនលោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធ បាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅ​កណ្ដាល​បេះដូង​នៃព្រះរាជាណាចក្រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ ក៏ការចាកចេញនេះ មិនត្រូវបានព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ភរិយា និងកូន​ទាំង​បួន របស់លោក កែម ឡី ចេញទៅកាន់ប្រទេសណាឡើយ។ ព្រះអង្គគ្រាន់តែមានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗ បានចាកចេញពីប្រទេសដើមកំណើត តាំងពីថ្ងៃទី២៨ ខែសីហាម្សិលម៉ិញ ហើយវេលានេះ បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាពហើយ។

ព័ត៌មានដែលបានទម្លាយ ក្នុងពេលកន្លងមក ជាពិសេសនៅក្នុងពេលរៀបចំធ្វើបុណ្យសព ភ្លាមៗក្រោយ​ការ​បាញ់​សម្លាប់នោះ បានឲ្យដឹងថា អ្នកស្រី ប៊ូ រចនា និងកូនទាំងបួន ទទួលបានសិទ្ធិជ្រកកោន ផ្នែកនយោបាយ នៅ​ប្រទេស​អូស្ត្រាលី ក្រោមការជួយជ្រោមជ្រែង ពីសំណាក់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា។ ប៉ុន្តែព័ត៌មាន​នេះ ត្រូវបានក្រុមគ្រួសារសពលោក កែម ឡី បដិសេធ នៅពេលក្រោយបន្តិចមក។

លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​ដ៏ល្បីឈ្មោះ ត្រូវបាន​ខ្មាន់​​កាំភ្លើង​​បាញ់​​សម្លាប់ នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និងមួយ​គ្រាប់​ទៀត ចំ​ទ្រូង។ ករណីបាញ់សម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុងហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈសាខាស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។

ភាពស្ងប់ស្ងៀម នៃការស៊ើបអង្កេត បង្កការភ័យខ្លាច...

រហូតមកដល់ពេលនេះ ការស៊ើបអង្កេតទាក់ទងនឹងការបាញ់ឆៅ សម្លាប់មនុស្សកណ្ដាលរាជធានីនេះ បាន​ប្រព្រឹត្តិទៅអស់រយៈពេលជាង៥០ថ្ងៃហើយ តែត្រូវបានទម្លាយចេញ ឲ្យដឹងយ៉ាងតិចតួច ជាទីបំផុត។ មាន​ជន​សង្ស័យ​តែ​ម្នាក់ប៉ុណ្ណោះ ដែលបានឆ្លើយអះអាង ថាខ្លួនឈ្មោះ ជួប សម្លាប់ និងដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ ភាពលាក់កំបាំង នៃសំនុំរឿងដ៏ធំមួយនេះ ត្រូវបានអ្នកវិភាគមួយចំនួន និយាយថា អាចជាមូលហេតុ ដែលបង្ក​ការ​ភ័យខ្លាចដល់គ្រួសារសពលោក កែម ឡី និងអ្នកជិតដិតដទៃទៀត។

ពិធីបុណ្យសពគម្រប់ ១០០ថ្ងៃ ជូនលោក កែម ឡី នឹងគ្រោង​ធ្វើ​ សម្រាប់រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ ទី​១៦ ខែ​តុលា ខាង​មុខ តែមិន​ទាន់​សម្រេច​ថា​នឹង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​តាកែវ នោះ​ទេ។ នេះ​បើ​តាម​ការអះអាង របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដដែល ដោយព្រះអង្គ បានបង្វែការ​កំណត់​ទីតាំង​នេះ ជូនទៅ​ប្រជា​ពលរដ្ឋ​​ជា​អ្នក​សម្រេច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...