ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

ប្រទេសកូរ៉េខាងជើង បានគម្រាមសារជាថ្មីទៀត កាលពីថ្ងៃអាទិត្យនេះ ថាខ្លួននឹងកំទេច​កងទ័ព​អាមេរិក ឲ្យ​«ក្លាយ​ជា​ផេះ»។ ការ​គម្រាម​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ចម្លើយ​មួយ តបនឹង​ប្រតិកម្ម​រិះគន់​ខ្លាំងៗ របស់​​ក្រុម​ប្រឹក្សា​​សន្តិសុខ របស់​អង្គការ​សហប្រជាជាតិ កាលពីចុងសប្ដាហ៍មុន ទៅលើ​កម្មវិធី​ផលិត​អាវុធ របស់​របប​កុម្មុយនីស។
ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»
លោក គឺម ជុង-អ៊ុន (ខាងមុខ ចំកណ្ដាល) និងមេទ័ពកូរ៉េខាងជើង នៅក្នុងរូបថតជាផ្លូវការមួយ ផ្សាយដោយរបបកុម្មុយនីស។ (រូបថត KCNA)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 30, 2016
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាស​ថ្កោល​ទោស​មួយ ប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់សាកល្បងកាំជ្រួច កាលពីពេលថ្មីៗនេះ និង​បាន​ប្រកាស​ពីកិច្ចព្រមព្រៀងមួយ ដើម្បីចាត់វិធានការ«ចំពោះមុខ» តបនឹងទង្វើរបស់របបកុម្មុយនីស។

នៅចំពោះសេចក្ដីប្រកាស«ថ្កោលទោស» របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួង​ការ​បរទេស​កូរ៉េខាងជើង បានចេញមុខមកធ្វើប្រតិកម្ម និងបានវាយតម្លៃសេចក្ដីប្រកាសនោះ ថាជា​«ផលិត​ផល​​សម្រេច» នៃ​សកម្មភាព​បែបបក្ខពួក​និយម របស់​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យបានថ្លែងឡើងថា៖ «នៅពេលនេះ ដែលសហរដ្ឋអាមេរិកបានបង្ក នូវការគម្រាមគ្រប់បែបយ៉ាង ទៅ​ដល់​កិត្តិយសដ៏ថ្លៃថ្លា និងសិទ្ធិនៃភាពស្ថិតថេរគង់វង្ស របស់សាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ​របស់​ប្រទេស​​កូរ៉េ​ខាង​ជើង ហៅកាត់ «RPDC») ដោយមិនបានខ្វល់ខ្វាយ ចំពោះការព្រមានរបស់យើងនោះ យើង​នឹង​បន្ត​ចាត់​វិធាន​ការ​ទៅមុខទៀត រាប់បញ្ចូលទាំងវិធានការយោធា ដ៏មានឥទ្ធិពលនោះផង»។

ការថ្លែង របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ «KCNA» របស់​របបកុម្មុយនីស ដកស្រង់យកមកចុះផ្សាយនោះ បានបន្តទៀតថា៖ «សាធារណរដ្ឋប្រជាមានិតកូរ៉េ មាន​មធ្យោបាយ​គ្រប់គ្រាន់ ដែលមិនត្រូវមើលរំលងបាន ដើម្បីកំទេចឲ្យក្លាយជាផេះ នូវបណ្ដាជន​ឈ្លានពាន​ទាំង​ឡាយ ទាំង​នៅ​លើ​ទឹកដីអាមេរិក និងទាំងនៅលើសមរភូមិប្រតិបត្តិការ កណ្ដាលមហាសាគរប៉ាស៊ីភិច»។

សូមបញ្ជាក់ជូនថា សេចក្ដីប្រកាសថ្កោលទោស​ខាងលើ របស់ក្រុមប្រឹក្សាសន្តិសុខ បានចេញផ្សាយ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយការបាញ់កាំជ្រួច «SLBM» ចេញពីនាវាមុជទឹក របស់ប្រទេសកូរ៉េខាងជើង ដែល​ជា​ទង្វើ​​ប្រឆាំង​​ដោយ​«ចំហរ» នូវដំណោះស្រាយ កាលពីពេលកន្លងមក របស់ក្រុម​ប្រឹក្សា​សន្តិសុខ ហាមឃាត់​ក្រុងព្យុងយ៉ាង មិន​ឲ្យ​ធ្វើការអភិវឌ្ឍន៍កម្មវិធី​ផលិត​អាវុធ​តទៅទៀត។

តាំង​ពី​​ដំណោះ​ស្រាយ របស់​ក្រុមប្រឹក្សា ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍ ជាធរមាននោះមក របប​កុម្មុយនីស​បាន​​ធ្វើការ​​សាក​​​ល្បង នូវ​​អាវុធ កាំជ្រួច និង​គ្រាប់​បែក​របស់​ខ្លួន ម្ដង​ហើយ​ម្ដងទៀតជាបន្តបន្ទាប់ ជាពិសេស​​ការ​សាក​ល្បង​​គ្រាប់​​​បែក​​​នុយក្លេអ៊ែរ កាល​​ពី​​ខែ​​មករា​​កន្លង​ទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...