ដេវីដ បេកខាំ ឆ្លើយតបរឿងប្រើ «Unicef» ដើម្បីប្រយោជន៍ខ្លួន
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៦ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 07, 2017
- ប្រធានបទ: រឿងអាស្រូវបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឯកសារជាច្រើន ដែលធ្លាយចេញពី បណ្ដាញស៊ើបអង្កេតអ៊ឺរ៉ុបមួយ ហៅថា «Football Leaks» បានបង្កភាពល្អក់កករ ទៅដល់រូបភាពដ៏ល្អល្អះ របស់អតីតកីឡាករបាល់ទាត់ ដេវិដ បេកខាំ (David Beckham)។ នៅចំពោះការរកឃើញថា កីឡាករបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នូវអង្គការ «Unicef» ដែលជាអង្គការមនុស្សធម៌មួយផ្នែក នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារនោះ លោក ដេវីដ បេកខាំ បានចេញមុខប្រតិកម្ម តាមរយៈអ្នកនាំពាក្យខ្លួន ដោយអះអាងឡើងថា ប្រាក់បៀវត្សន៍៥ខែចុងក្រោយ ដែលលោកទទួលបាន ពីក្រុមកីឡា ប៉ារីស (PSG - ក្នុងប្រទេសបារាំង) ក្នុងឆ្នាំ២០១៣ ត្រូវបានលោកប្រគល់ជូនទាំងអស់ ដោយគ្មានខ្វះមួយសេនណាឡើយ ទៅឲ្យអង្គការមនុស្សធម៌ជាច្រើន។
អ្នកនាំពាក្យបានអះអាងថា៖ «ដេវិដ បានគាំទ្រអង្គការ "Unicef" និងអង្គការមនុស្សមួយចំនួនទៀត ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ក្នុងនោះ មានទាំងការផ្ដល់វិភាគទាន នូវប្រាក់បៀវត្សន៍ទាំងអស់ ដែលលោកទទួលបាន នៅពេលលោកបានទាត់ ឲ្យក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain ឬ PSG)»។
បណ្ដាញស៊ើបអង្កេតអ៊ឺរ៉ុប «Football Leaks» ដែលមានការចូលរួម ពីប្រព័ន្ធផ្សព្វផ្សាយ ប្រមាណជា១២ស្ថាប័នធំៗ នៅក្នុងទ្វីបអ៊ឺរ៉ុប បានអះអាងថា អតីតកំពូលកីឡាករ បានប្រើប្រាស់អង្គការមនុស្សធម៌ទាំងនោះ ដើម្បីភាពមានបានរបស់ខ្លួន។ សារព័ត៌មាន «Mediapart» នៅក្នុងប្រទេសបារាំង បានសរសេរថា៖ «ដេវិដ បេកខាំ បានប្រើប្រាស់ "Unicef" ក្នុងថានៈខ្លួនជា"អង្គទូតគោចរ" ដើម្បីពង្រីកភាពល្បីល្បាញ និងដើម្បីបង្កើនផល សម្រាប់ជំនួញផ្ទាល់ខ្លួន»។
សារព័ត៌មានបានស្រង់ចម្លើយមួយ របស់លោក ដេវីដ បេកខាំ ដែលបានសរសេរ តបទៅមិត្តភ័ក្ររបស់ខ្លួន ឈ្មោះលោក «Simon Oliveira» ដែលមានតួនាទី ជានាយកប្រតិបត្តិនៃភ្នាក់ងារ «Doyen Global» មកបញ្ជាក់ថា៖ «ខ្ញុំគ្មានបំណងធ្វើវិភាគទាន ដោយប្រើប្រាស់លុយផ្ទាល់ខ្លួនខ្ញុំ ទៅឲ្យបុព្វហេតុដូច្នេះទេ»។ ចម្លើយនេះបានធ្វើឡើង បន្ទាប់ពីលោក «Simon Oliveira» បានផ្ដល់យោបល់ ឲ្យអតីតកីឡាករជាតិអង់គ្លេសរូបនេះ ទៅចូលរួមក្នុងពិធីលៀងអាហារពេលល្ងាច ដើម្បីអំពើល្អមួយ នៅក្នុងប្រទេសកុងហ្គោ ឬទៅចូលរួម ក្នុងពិធីផ្ដល់មេដៃកិត្តិយសមួយ នៅក្នុងក្រុង សៀងហៃ ប្រទេសចិន។
លោក ដេវីដ បេកខាំ អតីតកីឡាករ ដែលធ្លាប់ទាត់ឲ្យក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United) ដែរនោះ បានបន្តឆ្លើយ ទៅមិត្តភ័ក្រលោកទៀតថា៖ «ឲ្យប្រាក់រាប់លាន ទៅក្នុងមូលនិធិនេះ គឺដូចដាក់ប្រាក់ផ្ទាល់ខ្លួន របស់ខ្ញុំអញ្ចឹង។ បើគ្មានមូលនិធិនេះទេ លុយនោះ គឺជារបស់ខ្ញុំ។»។
ការស៊ើបអង្កេត បានរកឃើញទៀតថា នៅពេលដែលលោក ដេវីដ បេកខាំ បានចុះបេសកកម្ម ទៅកាន់ប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុន «DBV» របស់អតីតកីឡាករ បានផ្ញើរវិក័យប័ត្រ សម្រាប់ទឹកប្រាក់ ៨០០០អ៊ឺរ៉ូ ទៅឲ្យអង្គការ «Unicef»។ ប៉ុន្តែអង្គការមនុស្សធម៌មួយនេះ បានបដិសេធ ត្រឡប់ទៅការរកឃើញនេះថា លោក ដេវីដ បេកខាំ បានធ្វើដំណើរ នៅក្នុងយន្ដហោះឯកជន ហើយមូលនិធិ (របស់អង្គការនេះ) មិនមានខ្ទង់ចំណាយ ទៅលើសំបុត្រយន្ដហោះណាមួយ ដែលលោក ដេវិដ មិនបានទិញ (ដើម្បីធ្វើដំណើរ) នោះទេ។
» អានអត្ថបទដែលទាក់ទង៖ «ដេវីដ បេកខាំ ជួយកុមារកម្ពុជាតាម UNICEF៖ ភាពក្ដុកក្ដួល»
អង្គការ «Unicef» ដែលជាផ្នែកមួយ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារ បានបន្តបដិសេធ មិនធ្វើអត្ថាធិប្បាយ ទៅលើការចោទប្រកាន់ទាំងអស់ ទៅលើអតីតកីឡាករទេ។ ផ្ទុយទៅវិញ អង្គការ «Unicef» បានសំដែងនូវ«មោទនភាពដ៏ខ្ពង់ខ្ពស់» ចំពោះទំនាក់ទំនងដែលអង្គការមាន ជាមួយលោក ដេវីដ បេកខាំ រាប់ចាប់តាំង ពីឆ្នាំ២០១៥នោះមក។ សម្រាប់មនុស្ស ដែលនៅជុំវិញអតីតកីឡាករវិញ បានហៅការស៊ើបអង្កេត របស់បណ្ដាញ «Football Leaks» ថាគ្មានការពិត និងយកតែករណី «ខុសសាច់រឿង» មកអះអាង ជាពិសេសរឿង ដែលបណ្ដាញស៊ើបអង្កេត ទទួលបានតែពីការលួចទូរសា នៅតាមបណ្ដាញអ៊ិនធើណែត៕