សង្គម​ស៊ីវិល​ចំនួន​ប្រាំពីរ ដាក់​ឯកសារ​ទៅ អ.ស.ប ពី​​ការ​​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ៖ «ជាទម្លាប់ រដ្ឋាភិបាល តែងតែដៅមុខសញ្ញា លើអ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នកការពារសិទ្ធិមនុស្ស មានទាំងការគំរាមកំហែងផ្នែករាយកាយ និងផ្នែកផ្លូវច្បាប់ ដែលបង្កឲ្យមានភាពភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋ និងបង្កើតបរិយាកាសនៃការចាប់ពិរុទ្ធខ្លួនឯង»។ ន័យខាងលើនេះ ត្រូវបានបញ្ជាក់ឡើងតាមឯកសារ ដែលស្នើឡើងដោយអង្គការជាតិនិងអន្តរជាតិចំនួនប្រាំពីរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ «ជាទម្លាប់ រដ្ឋាភិបាល តែងតែដៅមុខសញ្ញា លើអ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស មានទាំងការគំរាមកំហែងផ្នែករាយកាយ និងផ្នែកផ្លូវច្បាប់ ដែលបង្កឲ្យមានភាព​ភ័យខ្លាចក្នុង​ចំណោម​ប្រជាពលរដ្ឋ និងបង្កើតបរិយាកាសនៃការចាប់ពិរុទ្ធខ្លួនឯង»។ ន័យខាងលើនេះ ត្រូវបានបញ្ជាក់ឡើងតាមឯកសារ ដែល​ស្នើឡើងដោយអង្គការជាតិនិងអន្តរជាតិចំនួនប្រាំពីរ។


អាជ្ញាធររារាំងការតវ៉ារបស់អ្នកភូមិបឹងកក់ នៅក្នុងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់។ (រូបថត Erika Pineros)

ការរឹតបណ្តឹងផ្នែកច្បាប់, មកលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មាន, ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន, សេរីភាព​របស់បណ្តាញផ្សព្វផ្សាយព័ត៌មាន, សេរីភាពលើប្រព័ន្ធអ៊ីនធើណេត និងសេរីភាពក្នុងការជួបប្រជុំ និងធ្វើសមាគមជាដើម។ ចំណុចខាងលើនេះត្រូវបានអង្គការជាតិ និងអន្តរជាតិទាំងប្រាំពីររួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមប៊ិច​អន្តរជាតិ, សមាគមប៊ិចកម្ពុជា, សមាគមអ្នកបោះពុម្ពអន្តរជាតិ, អង្គការមាត្រា១៩, មជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យ, អង្គការខុមហ្វ្រែល និងសម្ព័ន្ធសារព័ត៌មាន អាស៊ីអាគ្នេយ៍ រួមគ្នាបង្កើតបានជាឯកសារស្តីពី «ស្ថានភាព​សិទ្ធិមនុស្ស (សិទ្ធិប្រជាពលរដ្ឋ) និងការអនុវត្តច្បាប់នៅកម្ពុជា(បញ្ហានិទណ្ឌភាព)» ក្នុងគម្រោងបញ្ចូនទៅ​អង្គការសហប្រជាជាតិ។

តាមការបញ្ជាក់ក្នុងឯកសារ១៦ទំព័រ របស់ស្ថាប័នអង្គការទាំងប្រាំពីរនេះ ស្តីពីស្ថានភាពនានាក្នុងបរិបទកម្ពុជាថា «ស្ថាន​ភាពសិទ្ធមនុស្សនៅកម្ពុជា មិនមានភាពប្រសើរឡើងនោះទេ ផ្ទុយទៅវិញស្ថានភាពសិទ្ធិមនុស្ស មានសភាពកាន់តែយ៉ាប់​យ៉ឺនចាប់តាំងពីឆ្នាំ២០០៩ ដែលធ្វើឲ្យស្ថាប័នអង្គការសិទ្ធិមនុស្ស មានការព្រួយបារម្ភពី​ស្ថានភាពសិទ្ធិសេរីភាព​បញ្ចេញ​មតិ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្ក្រាប លើសិទ្ធិសេរីភាពបញ្ចេញមតិ និងគាបសង្កត់មកលើគំនិតប្រឆាំង ដែលរួម​មកជាមួយនិទណ្ឌភាព។»

មន្រ្តីសម្របសម្រួលគម្រោង សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សម រ៉ាមណា បានបញ្ជាក់ថា សម្រាប់កម្ពុជាត្រូវបានធ្វើការត្រួតពិនិត្យ លើកទីមួយក្នុងឆ្នាំ២០០៩ ហើយគេនឹងបន្តរពិនិត្យ​ម្តងទៀត​ក្នុង​ឆ្នាំ២០១៤។ កញ្ញាបានបញ្ជាក់ថា ក្នុងការពិនិត្យណីស្ថានភាពនានានៃប្រទេសកម្ពុជា ជាពិសេសផ្នែកសិទ្ធិមនុស្សនេះ ត្រូវ​បានដាក់ជួនទៅអង្គការសហប្រជាជាតិ ដោយក្រុមការងាររដ្ឋាភិបាល ដោយឡែក និងដោយអង្គការសង្គម​ស៊ីវិល​ដោយ​ឡែក ដោយបង្ហាញពីទស្សនៈរៀងៗខ្លួនទៅតាមអ្វីដែលខ្លយនបានធ្វើ។

មន្រ្តីសម្របសម្រួលគម្រោងផ្នែកបញ្ចេញមតិរូបនេះបន្តរថា ជាគោលការណ៍គេតម្រូវឲ្យអង្គការ ដែលមានសកម្មភាពនានា អាចដាក់ទៅបានគ្រប់អង្គការទាំងអស់ ទៅតាមសកម្មភាពនានា ដែលខ្លួនបានអនុវត្តនាពេលកន្លងមក។ ហើយអង្គការ​ទាំងនោះអាចធ្វើរួមគ្នា បើសិនជាមានទិសដៅដូចគ្នានោះ។

កញ្ញាបានបន្ថែមថា ក្រោយពេលអង្គការសហប្រជាជាតិ បានទទួលហើយយនោះ គេនិងធ្វើការផ្ទាងផ្ទាត់រវាងរបាយការណ៍​របស់រដ្ឋាភិបាល និងរបាយការណ៍របស់អង្គការសង្កមស៊ីវិល និងធ្វើសេចក្តីសម្រេច និងវិនិច្ឆ័យមួយជាចុងក្រោយ។ បន្ទាប់​មករាជរដ្ឋាភិបាល នឹងទទួលយកនូវអនុសាសន៍ ដែលដាក់ដោយអង្គការសហប្រជាជាតិនោះមកអនុវត្ត នូវចំណុច​ទាំង​ឡាយណាដែលខ្វះខាត និងមិនស្របទៅតាមស្ថានភាពច្បាប់ ដែលត្រូវអនុវត្តនោះ។ បន្ទាប់ពីដាក់ គេនឹងតាមតាមមើល​នូវដំណើរការនៃការអនុវត្តនោះ ប្រសិនបើមិនមានការអនុវត្តទេ គេនឹងមានវិធានការបន្ថែមដើម្បីឲ្យមានការអនុវត្ត។

ឯកសារដាក់ស្នើទៅអង្គការសហប្រជាជាតិ សម្រាប់ដំណើរការត្រួតពិនិត្យជាសាកល តាមពេលវេលាកំណត់ស្តី​ពី​ប្រទេសកម្ពុជានេះ បានផ្តោតសំខាន់ទៅលើ ការអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្ស ការគោរពសិទ្ធិសេរីភាព និងការបញ្ចេញ​មតិ របស់ប្រជាជនកម្ពុជា។ ពិសេសរាបរាប់ពីទង្វើរបស់រាជរដ្ឋាភិបាល ក្នុងការគំរាមកំហែង ការសម្លាប់សកម្មជន និងបទ​ពិសោធន៍នៃការចាប់ចងសកម្មជនមួយចំនួន ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។

តាមឯកសារនៃអង្គការទាំងប្រាំពីរខាងលើនេះ បានដាក់អនុសាសន៍មួយចំនួនស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណា​សម្រួលឲ្យសេរីភាព នៃការបញ្ចេញមតិនៅកម្ពុជា ឲ្យមានភាពកាន់តែប្រសើរឡើង។ ជាមួយគ្នានេះអង្គការទាំងនេះ ក៏បាន​ផ្តល់ជាអនុសាសន៍មួយចំនួន ទៅដល់រាជរដ្ឋាភិបាល ដើម្បីធ្វើការកែប្រែនូវច្បាប់ទាំងឡាយណា ដែលមិនស្របនឹង​រដ្ឋធម្មនុញ្ញ, ដោយរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, ការធានាឯករាជ្យភាព នៃប្រព័ន្ធផ្សព្វផ្សាយ​ដោយធ្វើ​យ៉ាងណា ងាកចេញពីឥទ្ធិពលនៃអ្នកនយោបាយ។ បន្ថែមលើនេះទៀតក៏សូមឲ្យ លើកកម្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ បញ្ឈប់សកម្មភាពហិង្សាគ្រន់រូបភាប មកលើអ្នកសារព័ត៌មាន និងសកម្មជនការពារសិទ្ធិមនុស្ស។ ស្នើរឲ្យមានការលើក​កម្ពស់សេរីភាព លើប្រព័ន្ធអ៊ីនធើណែត ការគោរពសិទ្ធិសេរីភាពនៃការជួបប្រជុំ និងធ្វើសមាគម និងបញ្ហានិទណ្ឌភាព​ជា​ចំបងនៅកម្ពុជា។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់ពីលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី ពីបញ្ហា​ខាងលើបានទេ នាល្ងាចថ្ងៃទី២៣ខែសីហានេះ ដោយលោកពុំទទួលទូរស័ព្ទ។ តែកញ្ញា សន រ៉ាមណា បានបញ្ជាក់ថា នា​ពេលកន្លងមក ខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បាន ដាក់លិខិតទៅរាជរដ្ឋាភិបាលកម្ពុជា ពីការអនុវត្តច្បាប់ ក៏ដូច​ជា​ការគោរពសិទ្ធិមនុស្សជាច្រើនលើក និងច្រើនសារដែរ តែមិនដែលទទួលបាន នូវការឆ្លើយតបជា​វិជ្ជមានណាមួយ​នោះ​ឡើយ។ ចំពោះឯកសារ ដែលបានធ្វើឡើងដោយអង្គការទាំងប្រាំពីរខាងលើ ដែលដាក់ទៅអង្គការសហប្រជាជាតិ សម្រាប់​ដំណើរការត្រួតពិនិត្យជាសាកល តាមពេលវេលាកំណត់ស្តីពីប្រទេសកម្ពុជា មិនបានដាក់ឌៅខាងរាជរដ្ឋាភិបាលនោះទេ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...