សង្គមស៊ីវិលវាយតម្លៃលទ្ធផលបណ្តោះអាសន្ន និងរកឃើញភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ដែលធ្វើការទាក់ទងនឹងការបោះឆ្នោត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នេះបានធ្វើការវាយតម្លៃ ចំពោះលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងបង្ហាញពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។
គម្មវិធីវាយតម្លៃរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៤ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
ក្នុងកម្មវិធីដែលរៀបចំធ្វើដោយគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា និងជាវាគ្និននៅក្នុងកម្មវិធីនេះ បានថ្លែងថា៖ «ការបោះឆ្នោតនៅនីតិកាលទី៥នេះ គឺជាការបោះឆ្នោតប្រកបដោយ ភាពចម្រូងចម្រាសខ្លាំងជាងគេបំផុត និងមានការឈឺចាប់ជាងគេ ព្រោះអ្នកចង់បោះឆ្នោតមិនបានបោះឆ្នោត»។ លោកបានពន្យល់ថា អ្នកឈ្នះឆ្នោតមិនពេញមុខមិនពេញមាត់ រីឯអ្នកចាញ់មិនអស់ចិត្ត ខណៈដែលមានចម្ងល់ និងការព្រួយបារម្ភទូទាំងប្រទេស។
ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជារូបនេះ បានដាក់ការសង្ស័យ អំពីសុច្ចរិតភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងបានហៅការបោះឆ្នោតជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ថា មិនបានឆ្លុះបញ្ចាំងពីឆន្ទះពិតរបស់ប្រជាពលរដ្ឋ គ្មានសេរីភាព និងយុត្តិធម៌។ លោក ព្រាប កុល បញ្ជាក់ថាអង្គការតម្លាភាពអន្តរជាតិកម្ពុជា នឹងចេញរបាយការណ៍លំអិត អំពីបញ្ហានេះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កន្លងមកបានធ្វើការបដិសេធ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលប្រកាសឲ្យដឹងដោយ គ.ជ.ប ដោយលោកអះអាងថា មានឈ្មោះប្រជាពលរដ្ឋច្រើនជាង ១លាននាក់ត្រូវបានគេលប់ចេញពីបញ្ជីបោះឆ្នោត និងមានភាពមិនប្រក្រតីជាច្រើនករណី ហើយបានស្នើរឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតឡើងវិញ។
នាយកប្រតិបត្តិ អង្គការសង្កេតការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេស ខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងនៅក្នុងពិធីនេះដែរថា៖ «ការប្រកាសលទ្ធផលបណ្តោះអាសន្ន ដោយ គ.ជ.ប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បានភ្ជាប់ផលវិបាកជាច្រើន»។ លោកអះអាងថា អង្គការ ខុមហ្រ្វែលរកឃើញភាពមិនប្រក្រតី ច្រើនជាង១១០០០ករណី ក្នុងកំឡុងពេលបោះឆ្នោត។
លោក គល់ បញ្ញា ពន្យល់ថាភាពមិនប្រក្រតី ដែលអង្គការរបស់លោកបានរកឃើញ រួមមាន ៤៨ ភាគរយក្នុងចំណោម អ្នកដែលអត់បានទៅបោះឆ្នោត បានអះអាងថាពួកគេបានទៅ តែបានជួបឧបស័គ្គមួយចំនួនដូចជា គ្នានឈ្នោះក្នុងបញ្ជីបោះឆ្នោត មានបញ្ហាទាក់ទងនឹងឯកសារបោះឆ្នោត រកទីតាំងបោះឆ្នោតមិនឃើញ ឈ្នោះរបស់ខ្លួនត្រូវបានគេបោះរួចហើយ បញ្ជីប៉ោង មានការដឹកជញ្ជូនមនុស្សឲ្យមកបោះឆ្នោត និងការរកឃើញថាទឹកខ្លៅជ្រលក់ដៃអាចលាងជ្រះ។ លោកបញ្ជាក់ថា៖ «ភាពមិនប្រក្រតីទាំងនេះ អាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត»។
សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប តែងតែប្រកាសបដិសេធចំពោះការលើកឡើង និងការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល ដោយអះអាងថា គ.ជ.ប អនុវត្តគ្រប់នីតិវិធីទាំងអស់ គឺស្របតាមគោលការណ៍ច្បាប់។ ប៉ុន្តែ គ.ជ.ប ក៏ត្រូវបានរងការចោទប្រកាន់ ពីគណបក្សប្រឆាំងត្រឡប់មកវិញដែរថា គ្នានភាពឯករាជ្យ និងលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច របស់បុរសខ្លាំងលោកហ៊ុន សែន៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ