សម រង្ស៊ី៖ កែទម្រង់ការបោះឆ្នោត នាំឲ្យគ្មានវិបត្តិបោះឆ្នោត
ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី បានលើកឡើងថា ការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជានៅពេលនេះ គឺចាំចាច់ណាស់ ត្រូវមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម ហើយការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅក្នុងកាលៈទេសៈនេះ ក៏នឹងនាំឲ្យប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយក្រោយការបោះឆ្នោត នៅពេលខាងមុខផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ក្នុងសិក្ខាសាលា ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅសណ្ឋាគារអ៊ីមភើរៀរាជធានីភ្នំពេញថ្ងៃទី០៧ មីនា នេះ លោក សង រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានពន្យល់ថា ការកែទម្រង់ការបោះឆ្នោត នៅពេលនេះ មិនត្រូវធ្វើឡើងតែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនោះទេ គឺចាំបាច់ត្រូវមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់ភាគី ហើយមិនត្រូវមានការបិទបាំង ឬការស៊ុំគ្រលំ នោះទេ។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «រឿងនេះមិនមែនជារឿងនយោបាយទេ តែជារឿងលិទ្ធិប្រជាធិបតេយ្យ គឺចង់ឲ្យមានការបោះឆ្នោតត្រឹមត្រូវនៅប្រទេសកម្ពុជា។ ទោះជាគណបក្សណាចូលរួម ថ្ងៃក្រោយគឺមានការបោះឆ្នោតត្រឹមត្រូវ គោរពឆន្ទៈប្រជារាស្រ្ត កុំឲ្យបាត់ឈ្នោះ លុបឈ្នោះ បន្លំ ដែលនាំឲ្យមានភាពមិនប្រក្រតី។ រឿងនេះជារឿងយើងទាំងអស់គ្នា ដូច្នេះយើងស្នើយោបល់ពីសង្គមស៊ីវិល មុននឹងយើងទៅប្រជុំនៅថ្ងៃចន្ទ។»
ថ្ងៃចន្ទ ទី១០ ខែមីនា ជាថ្ងៃដែលក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានភាគីម្ខាង៦នាក់គ្រោងនឹងបន្តចរចា កាន់តែលម្អិតទៅលើការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ការចរចានៅថ្ងៃចន្ទគឺបន្ទាប់ ការរចរចារបស់គណបក្សទាំងពីរ ក្នុងពេលចុងក្រោយ កាលពីថ្ងៃទី០៣ មីនា បានសម្រេចឯកភាព នូវចំណុចសំខាន់ៗមួយចំនួនរួចហើយ ទាក់ទងនឹងការកែទម្រង់ការបោះឆ្នោត។
ក្នុងសិក្ខាសាលាដដែលនោះ លោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ចាំបាច់ត្រូវមានការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ព្រោះវិបត្តិនយោបាយនៅកម្ពុជា បានកើតឡើងដោយសារប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន។ លោក គល់ បញ្ញា បញ្ជាក់ថា៖ «កម្ពុជាមិនត្រូវធ្វើត្រឹមតែការជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតប៉ុណ្ណោះទេ តែត្រូវធានាថា ការបោះឆ្នោតនោះមានភាពត្រឹមត្រូវ និងមានគុណភាព»។
គួរកត់សម្គាល់ថា កម្ពុជាមានភាពជាប់គាំងផ្នែកនយោបាយជាង៧ខែមកហើយ ដោយសារគណបក្សសង្រ្គោះជាតិ បានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយបន្តធ្វើពហិកាមិនចូលប្រជុំសភារហូតមកដល់បច្ចុប្បន្ននេះ។ ហើយគណបក្សជំទាស់នេះ បានទាមទារឲ្យមានការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការកែទម្រង់ការបោះឆ្នោត។
ការទាមទារ ការបោះឆ្នោតឡើងវិញ ដោយគណបក្សសង្រ្គោះជាតិ ត្រូវបានគណបក្សប្រជាជនកម្ពុជា បដិសេធ តែគណបក្សគ្រប់គ្រងអំណាចនេះ បានឯកភាពធ្វើកំណែទម្រង់ការបោះឆ្នោត ជាមួយគណបក្សជំទាស់៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ មីនា ២០១៤