ពលរដ្ឋ​នៅ​បុរី​កីឡា គ្រោង​ប្តឹង​សន្តិសុខ​«បិទ​មុខ»​ខ័ណ្ឌ​៧មករា

«ខ្ញុំនឹងប្តឹងទាមទាររកយុត្តិធម៌ ពួកខ្ញុំសុទ្ធតែខ្មែរ ហើយវាវាយដូចសត្វធាតុ ខ្ញុំជាស្រ្តីមានតែដៃទទេ តែវាយកដំបងមកវាយ មកឆក់» ជាសម្រែកឈឺចាប់របស់ស្រ្តីរងគ្រោះម្នាក់ ពីក្នុងចំណោមស្ត្រីជាច្រើនផ្សេងទៀត បន្ទាប់ពីពួកគាត់ត្រូវបានកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមសន្ដិសុខ«បិទមុខ»ប្រើអំពើហិង្សាមកលើ នៅក្នុងការបង្រ្កាបទៅលើការតវ៉ានានាកន្លងទៅ។ ក្នុងខណៈពេលនេះជនរងគ្រោះទាំងនោះ កំពុងរៀបចំពាក្យបណ្តឹង ដែលគ្រោងប្តឹងនៅថ្ងៃទី១០ខាងមុខនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំនឹងប្តឹងទាមទាររកយុត្តិធម៌ ពួកខ្ញុំសុទ្ធតែខ្មែរ ហើយវាវាយដូចសត្វធាតុ ខ្ញុំជាស្រ្តីមានតែដៃទទេ តែវាយកដំបង​មក​វាយ មកឆក់» ជាសម្រែកឈឺចាប់របស់ស្រ្តីរងគ្រោះម្នាក់ ពីក្នុងចំណោមស្ត្រីជាច្រើនផ្សេងទៀត បន្ទាប់ពីពួកគាត់ត្រូវ​បានកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមសន្ដិសុខ«បិទមុខ»ប្រើអំពើហិង្សាមកលើ នៅក្នុងការបង្រ្កាបទៅ​លើការ​តវ៉ា​នាពេលកន្លងទៅ។ ក្នុងខណៈពេលនេះជនរងគ្រោះទាំងនោះ កំពុងរៀបចំពាក្យបណ្តឹង ដែលគ្រោងប្តឹងនៅថ្ងៃ​ទី១០ ខាង​មុខនេះ។


ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ជនរងគ្រោះនៅសហគមន៍បូរីកីឡា ក្នុងការបង្រ្កាបកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ កំពុងតែរៀបចំពាក្យបណ្តឹង ប្តឹងកងកម្លាំងសន្តិសុខខ័ណ្ឌ៧មករា។ ម្ចាស់បណ្តឹងចំនួន៧នាក់ ដែលរួមមាន អ្នកស្រី​ឆាយ គឹមហន អ្នកស្រីហាស់ សុចិន្តា អ្នកស្រីសេង ស្រីមុំ អ្នកស្រី ញឹម សុឃៀង ជាដើមចោទ បានបញ្ជាក់ថាកំពុង​តែរក​ជំនួយផ្លូវច្បាប់ ពីខាងសង្គមស៊ីវិលដើម្បីអោយជួយរៀបចំពាក្យបណ្តឹង។

ស្ថិតក្នុងវ័យ ៣៥ឆ្នាំ និងកំពុងមានផ្ទៃពោះ៧ខែផងនោះ អ្នកស្រី ហាស់ សិចិន្តា បានលើកឡើងថា «ខ្ញុំនឹងប្តឹងទាម​ទារ​អោយអ្នកដែលប្រព្រឹត្តទង្វើ ចំពោះពួកខ្ញុំ អោយគាត់មកទទួលខុសត្រូវ ចំពោះមុខច្បាប់។ ថ្វីត្បិតតែប្រព័ន្ធតុលាការ​ស្រុកខ្មែរ វាមិនឯករាជ្យទាំងស្រុងក៏ដោយ ប៉ុន្តែនៅថ្ងៃណាមួយ ដែលប្រទេសមានលិទ្ធ ប្រជាធិបតេយ្យពិត​ប្រាកដ​ឡើងវិញ គេនឹងអាចចាត់ការនៅអ្នកទាំងប៉ុន្មាននាក់ហ្នឹង ដែលបានធ្វើបាបពួកខ្ញុំដោយគ្មានមនុស្សធម៌។»

ស្រ្តីមានផ្ទៃពោះរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីក្រោយព្រឹត្តិការណ៍បង្រ្កាបបាន២ថ្ងៃ កូននៅក្នុងផ្ទៃរបស់អ្នកស្រី​មាន​អាការៈធ្ងន់ធ្ងរ ប៉ុន្តែដោយសារបានពេទ្យជួយទាន់ ពេលនេះកូនក្នុងផ្ទៃរបស់អ្នកស្រី មានអាការៈប្រសើរឡើង​វិញ​ហើយ តែស្ថិតនៅក្នុងការតាមដាន ពីគ្រូពេត្យនៅឡើយ។ អ្នកស្រីបារម្ភណ៍ថា កូនដែលនៅក្នុងផ្ទៃរបស់អ្នកស្រី អាច​នឹងកើតមុនខែ។

ចំពោះការបង្រ្កាបលើអ្នកដែលទាមទារ អោយមានដំណោះស្រាយ ជាពិសេសបញ្ហាដីធ្លី អ្នកស្រីយល់ថា «មិនថា​រដ្ឋាភិបាលក៏ដោយ ឬអ្នកក្រោមរដ្ឋាភិបាល គឺគាត់ប្រើអំណាចផ្តាច់ការ បើគេមិនធ្វើ (ស្រប) តាម គឺមានតែវាយ​ការបង្រ្កាបតែប៉ុណ្នឹង។ ខ្ញុំគិតថាស្រុកខ្មែរ បើនៅតែមានអ្នកដឹកនាំបែបនេះ ខ្ញុំមិនធានាថា ពួកខ្ញុំជាអ្នករងគ្រោះដីធ្លី​ទទួលបាននូវយុត្តិធម៌ទេ។»

ស្រ្តីមានកូនខ្ចីម្នាក់ទៀត ឈ្មោះ ចៅ សុភា អាយុ២៩ឆ្នាំ បានរៀបរាបប្រាប់ថា ក្នុងថ្ងៃព្រឹត្តិការណ៍ នៃការបង្រ្កាប​ត្រូវ​បានគេវាយត្រូវក្បាលមួយដំបង និងត្រូវមួយដុំថ្មដែលគេគប់មក ដែលមកដល់ថ្ងៃនេះហើយ អ្នកស្រីនៅតែមាន​អាការៈ​ឈឺចាប់ផ្នែកមុខរបួសនៅឡើយ។ ក្នុងការរៀបចំពាក្យបណ្តឹងពេលនេះ អ្នកស្រីមិនចង់បានអ្វី ក្រៅពីចង់ឲ្យ​រដ្ឋាភិបាលរកយុត្តិធម៌ និងមានដំណោះស្រាយសមរម្យលើបញ្ហាដីធ្លី នៅសហគមន៍បូរីកីឡានោះឡើយ។

ចំណែកស្រ្តីចំណាស់ម្នាក់ វ័យ៦៩ ឆ្នាំអ្នកស្រី ព្រំ ពេជ្រ បានអោយដឹងថា រហូតពេលនេះ នៅមិនទាន់បំភ្លេច​បានពី​ការឈឺចាប់ ដែលចេញពីការវាយដំនោះនៅឡើយ។ អ្នកស្រីបន្តអោយដឹងទៀតថា «ខ្ញុំ នៅមានតែ​អារម្មណ៍ ស្រម៉ៃពី​រឿងផ្ទះត្រូវគេយក»។ រីអ្នកស្រីប្រាក់ សុផា អាយុ៤៥ បានរៀបរាប់ថា អ្នកស្រីត្រូវបានគេ«អុកនឹងជង្គង់» ចំចុងដង្ហើម​ជាច្រើនដង។ អ្នកស្រីបន្តថា «វានៅតែឈឺមកដល់រាល់ថ្ងៃនេះ ហើយដៃរបស់ខ្ញុំនៅមានស្នាមជាំមិនទាន់បាត់។ ខ្ញុំគ្មាន​លុយទិញថ្មាំទេ តែបានថ្នាំពីអង្គការលីកាដូ។»

ស្រ្តីម្នាក់បន្ទាប់ពីដែលត្រូវបានសន្តិសុខប្រើដំបងឆក់វាយ នឹងត្រូវមួយដៃបានរហូតបណ្តាល ឲ្យមានក្អូតធ្លាក់ឈាម អ្នកស្រីញឹម សុឃៀង អាយុ៤៤ឆ្នាំ បានអះអាងដោយអង់អាចថា «បើទោះត្រូវគេវាយប៉ុណ្ណឹងក៏ដោយ ក៏ខ្ញុំមិនស្លុតដែរ នៅតែតស៊ូដើម្បីបានផ្ទះខ្ញុំយកមកវិញ ដើម្បីទីជំរក និងកូនរបស់ខ្ញុំ។ ទោះ១០ឬ២០ឆ្នាំ ខ្ញុំនៅតែតស៊ូទៅមុខទៀត ព្រោះខ្ញុំរស់នៅដោយស្របច្បាប់។» មិនខុសគ្នាដែរអ្នកស្រ្តី សេង ស្រីមុំ អាយុ៤៥ ដែលនៅមានអាការៈឈឺស្ពឹក​មួយ​ចំហៀងខ្លួននោះ លើកឡើងដោយការឈឺចាប់ថា «ខ្ញុំបានចូលរួមដាក់ពាក្យបណ្តឹងជាមួយគេដែរ ខ្ញុំនឹងទាមទាររក​យុត្តិធម៌ និងយកផ្ទះអោយខ្ញុំមកវិញ អោយទាល់តែបាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ អាជ្ញាធរ រួមទាំងសន្តិសុខ«បិទមុខ»ខ័ណ្ឌ៧មករា ប្រហែល១០០នាក់ បានធ្វើការបង្រ្កាបទៅលើប្រជាពលរដ្ឋនៅបូរីកីឡា ដើម្បីបណ្តេញចេញពីអាគារថ្មីទី៩ បន្ទាប់ពលរដ្ឋនៅតំបន់នោះ នាំគ្នាចូលទៅរស់នៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤៕

អានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

-----------------------------------------------
ដោយ ក. ចាន់នីតា និងអ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៧ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...