ប្រតិកម្ម ទឹម សាក់មុនី៖ វាយម្តងមួយៗ សម្លាប់ម្តងមួយៗ អោយអស់!
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សកម្មជនតវ៉ាដីធ្លីនៅសហគមន៍បុរីកីឡា អ្នកស្រីទឹម សាក់មុនី បានប្រតិកម្មខ្លាំងៗ ចំពោះអាជ្ញាធរដែលបានប្រើកម្លាំងធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែមករានេះ។ ពលរដ្ឋរងគ្រោះ ដែលមានរូបអ្នកស្រីផ្ទាល់ម្នាក់ដែរ បានរងនូវការសំពងយ៉ាងចាស់ដៃ ពីក្រុមកងកម្លាំងទាំងនោះ ដោយបានចាត់ទុកប្រតិបត្តិការរបស់ពួកគេ គ្រាន់តែជាការរក្សាសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះ។
អ្នកស្រីទឹម សាក់មុនី សកម្មជនតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បូរីកីឡា។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - «គេប្រើសំដីថា មូលហេតុដែលគេធ្វើការបង្រ្កាប ដោយសារយើងមកឈរតវ៉ា ខូចសណ្តាប់ធ្នាប់សាធារណៈ។ (...) ចុះដែលគេទៅឈូសឆាយផ្ទះប្រជាពលរដ្ឋ អោយនៅអណាធិបតេយ្យ នៅលើគំនរសម្រាម ឲ្យនៅរងទុក្ខ ចាប់និងសម្លាប់ហ្នឹង ជាសណ្តាប់ធ្នាប់របស់គេឬយ៉ាងណា?» នេះជាការលើកឡើងរបស់ អ្នកស្រី ទឹម សាក់មុនី ប្រតិកម្មទៅនឹងការឆ្លើយតបរបស់ក្រុមសន្តិសុខ ដែលបានប្រើអំពើហិង្សាលើអ្នកស្រី និងពលរដ្ឋ ដោយគ្រាន់តែឆ្លើយថា ជាការរក្សាសណ្តាប់ធ្នាប់។
អ្នកស្រីនិយាយថា ការធ្វើបាតុកម្មរបស់អ្នកស្រីក្នុងថ្ងៃនេះ គឺដើម្បីជួយរកយុត្តិធម៌អោយជនរងគ្រោះ ដែលត្រូវបានចាប់ខ្លួនទាំង២៣នាក់ និងទាមទារអោយមានដំណោះស្រាយលើបញ្ហាដីធ្លីរបស់សហគមន៍អ្នកស្រី។ អ្នកស្រីថ្លែងថា «ខ្ញុំមកទីនេះដើម្បីរកខុស និងត្រូវ ខ្ញុំមិនបានបំពានលើគេនោះទេ»។
រស់ក្នុងនាមជាជនរងគ្រោះ និងស្ថិតក្រោមគំនាបនៃការគម្រាមកំហែង គ្រប់បែបយ៉ាងដែលតែងត្រូវបានគេធ្វើ ទៅលើសហគមន៏អ្នកស្រី និងសកម្មជនតវ៉ាទាមទារសិទ្ធិដីធ្លីដទៃទៀត ក្នុងរយៈពេលកន្លងមក វាបានធ្វើឲ្យក្រុមអ្នកស្រី លែងមានការភ័យរអានោះតទៅទៀត។ ផ្ទុយទៅវិញ វារឹតតែធ្វើឲ្យអ្នកស្រីយល់ថា «រដ្ឋាភិបាលធ្វើនេះ មិនមែនធ្វើដើម្បីរាស្រ្តខ្មែរនោះទេ គឺធ្វើដើម្បីបំបាត់ពូជខ្មែរហើយយកដីលក់។ គាត់មានលុយ តែអ្នកដែលរងទុក្ខវេទនាគឺរាស្រ្តខ្មែរ។»
សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក ដែលបានធ្វើទៅលើសហគមន៍របស់អ្នកស្រី ឬការបង្ក្រាបទៅលើការទាមទារនានានោះ វាកាន់តែបង្កការព្រួយបារម្ភដល់មជ្ឈដ្ឋានជនរងគ្រោះ ក៏ដូចជារូបអ្នកស្រីផ្ទាល់ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ អ្វីដែលអ្នកស្រីអាចធ្វើបានក្នុងពេលបច្ចុប្បន្ន មានតែស្នើទៅកាន់អន្តរជាតិ អោយជួយឈឺឆ្អាលនិងអន្តរាគមន៏ ដល់ប្រទេសកម្ពុជា អោយមានការគោរពសិទ្ធិមនុស្សឡើងវិញ ជាពិសេសរកដំណោះស្រាយអោយជនរងគ្រោះពីការរំលោភដីធ្លី និងរកយុត្តិធម៌អោយជនដែលត្រូវបានចាប់ខ្លួនដោយគ្មានកំហុស។
អ្នកស្រីបាននិយាយថា «មានតែអស់លោក (អន្តរជាតិ) នេះទេ បើនៅតែអញ្ចឹងគេមានអំណាច មានកម្លាំង គេនៅតែចាប់អ្នកតវ៉ាដាក់គុក គេនៅតែធ្វើការបង្រ្កាប»។ ពាក្យថា«គេ» គឺអ្នកស្រីចង់សំដៅលើរដ្ឋាភិបាលលោកហ៊ុន សែន ដែលគ្រប់គ្រង់ប្រទេសកម្ពុជាជិត៣០ឆ្នាំ ក្រោមកណ្ដាប់ដៃដែក។
សកម្មជនដីធ្លីរូបន បានធ្វើការរិះគន់ចំៗទៅលើរដ្ឋាភិបាលថា «កន្លងមក ខ្ញុំមិនដែលឃើញគេរកសុខអោយប្រជាពលរដ្ឋនោះទេ ឃើញតែធ្វើបាបរាស្រ្ត ជាពិសេសអ្នកបុរីកីឡា។ គេថាអភិវឌ្ឍន៍អោយអ្នកបុរីកីឡាអោយរស់ស្រួល និងរីកចម្រើន តែទីបញ្ចប់គេអោយក្រុមហ៊ុនធ្វើសំរាប់អោយប្រជាជន អោយអត់មានផ្ទះនៅ។ គេធ្វើបែបនេះ គេចង់វាយម្តងមួយៗ សំលាប់ម្តងមួយៗ អោយអស់ ហើយគេធ្វើអញ្ចឹង ដើម្បីអោយអ្នកជំនាន់ក្រោយមិនហ៊ានចេញតវ៉ាទៀត៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] )-ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤