វេទិការមហាជនថ្នាក់ជាតិខេត្តរតនគីរី «រិតត្បិត»មិនឲ្យលើកពីបញ្ហាដីធ្លី?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វេទិការសាធារណៈមួយ ដែលបានរៀបចំឡើងដោយអាជ្ញាធរស្រុកវ៉ឺនសៃ ខេត្តរតនគីរី ត្រូវបានអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលមួយ បានលើកឡើងថា ហាក់បីដូចជាមានការកំណត់នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហារំលោភដីធ្លី។
វេទិកាមហាជននៅខេត្តរតនគិីរី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ឆាយ ធី)
សិទ្ធិបញ្ចេញមតិ - ប្រជាពលរដ្ឋមកពីប្រាំភូមិ ជាង១០០គ្រួសារ ក្នុងឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បានចូលរួមក្នុងវេទិកាសាធារណៈពិគ្រោះ និងស្តាប់យោបល់ប្រជាពលរដ្ឋ ដែលបានរៀបចំឡើងដោយមន្រ្តីរដ្ឋាភិបាលថ្នាក់ខេត្ត ស្រុក ឃុំ ស្តីពីការកំណែទម្រង់សេវាសាធារណៈ និងភូមិឃុំមានសុវត្តិភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ម្សិលម៉ិញនេះ។
វេទិកាបង្គ្រប់កិច្ច?
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះ លោក ឆាយ ធី មន្រ្តីអាដហុកប្រចាំខេត្តរតនគីរី សម្តែងស្វាគមន៍ និងគាំទ្រដែលមានវេទិការមួយបង្កើតឡើងជាលើកដំបូង។ លោកថា អាជ្ញាធរមូលដ្នានថ្នាក់ជាតិ រៀបចំវេទិការ ផ្តល់ឱកាលទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលមានឆន្ទៈចង់បញ្ចេញនូវមតិ យោបល់ លើកពីបញ្ហា ក្តីកង្វល់អស់ពីដួងចិត្តរបស់ពួកគាត់។ លោកបន្តថា យ៉ាងនេះក្តីលោកក៏នៅមានការសោកស្តាយ ដែលវេទិការខាងលើហាក់ពុំទាន់មានលក្ខណៈសេរី តម្លាភាព ឆ្លុះបញ្ចាំងពីឆន្ទះពលរដ្ឋពិតប្រាកដនៅឡើយទេ «គ្រាន់តែជាការធ្វើបង្រ្គប់កិច្ចប៉ុណ្ណោះ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ អភិបាលស្រុកវ៉ឺនសៃលោកជុំ ងិល ក្នុងបទសម្ភាសជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នារសៀលនេះ បានបដិសេធចំពោះការចោទប្រកាន់ថាមានការបិទបាំង ឬហាមឃាត់មិនឲ្យមានការសម្តែងមតិដោយប្រជាពលរដ្ឋក្នុងវេទិការសាធារណៈនោះ។ លោកបានបញ្ជាក់ថា វេទិការសាធារណៈនេះត្រូវបានអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ បង្ហាញពីបញ្ហាទុក្ខលំបាករបស់ខ្លួន ដើម្បីឲ្យក្រុមជំនាញនីមួយៗ បានចូលរួមនោះធ្វើការដោះស្រាយភ្លាមនៅនឹងកន្លែង។ លោកបន្តថា តែបើបញ្ហានោះមានភាពស្មុគស្មាញ ដោះស្រាយភ្លាមៗមិនបានទេ និងធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើ ដើម្បីជួយអន្តរាគម និងដោះស្រាយបន្ត។
ជាមួយគ្នានេះ លោកអភិបាលក៏បានទទួលស្គាល់ដែរថា ខាងជំនាញរបស់លោក មានការហាមឃាត់ប្រជាពលរដ្ឋមួយចំនួនពិតប្រាកដមែន។ តែពួកគាត់ទាំងនោះ លើកយកបញ្ហាដីធ្លីតែមួយគត់ មិនលើកយកបញ្ហាផ្សេងៗទៀត ដូចជាសេវាសាធារណៈ ឬសន្តិសុខជាដើម។ «ករណីដីធ្លីគាត់និយាយជាង១០នាក់ហើយ យើងថារកអាណាដែលជាបញ្ហា និយាយបន្តរទៀត កុំនិយាយតែបញ្ហាមួយមុខហ្នឹង។ (…) ដូចអត់មានអ្នកណាហាមឃាត់គាត់ទេ ឲ្យបង្ហាញតែទាំងអស់គ្នា និងគ្រប់ករណីទាំងអស់ហ្នឹង។ បើសិនជាករណីគេលើកហើយ វាដូចគ្នាទេ សូមឲ្យជួយលើកពីករណីផ្សេងដែលមិនទាន់មានគេលើកឡើង។»
ទោះមានការបដិសេធ ដោយលោកអភិបាលស្រុកវ៉ឺនសៃយ៉ាងនេះក្តី ក៏ មន្រ្តីសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគីរីលោក ឆាយ ធី បានសង្កត់ធ្ងន់ថាការហាមឃាត់នោះ ត្រូវបានលោកអធិការស្រុកវ៉ឺនសៃ ជាអ្នកមិនអនុញ្ញាតិឲ្យលើកឡើង ពិសេសពាក់ព័ន្ធនិងក្រុមហ៊ុនថ្មីមួយឈ្នោះថា អេសខេ រ៉ូបបឺ ផ្លានថេសិន (SK Rubber Plantation) ដែលទើបតែចូលមកបោះបង្គោលព្រំរំលោភចូលដីស្រែ ចំការពួកគាត់ និងដីព្រៃសហគមន៍។ «គាត់ (អធិការស្រុកវ៉ឺនសៃ) មិនមែនហាមឃាត់មិនឲ្យនិយាយក្នុងវេទិការជាទូទៅទេ គ្រាន់តែមិនឲ្យនិយាយពាក់ព័ន្ធនឹងបញ្ហាដីធ្លី»។
ករណីចោទប្រកាន់នេះដែរ លោក តឿ នូថង អធិការស្រុកវ៉ឺនសៃ បានចូលខ្លួនធ្វើការបដិសេធចោលទាំងស្រុង ថាគ្មានមូលហេតុដែលក្រុមការងាររបស់គាត់ រៀបចំវេទិការសាធារណៈ ដើម្បីស្តាប់ និងទទួលយកបញ្ហារបស់ប្រជាពលរដ្ឋមកដោះស្រាយ ហើយបែរជាហាមឃាត់ មិនឲ្យពលរដ្ឋលើកឡើងពីបញ្ហាទាំងនោះទេ។ «និយាយដោយសេរី មានបញ្ហាប្រឈមអ្វីដូចជាលួច ប្លន់ ក្មេងទំនើង…។ ឲ្យមានយោបល់ទាំងអស់គ្នា។ អត់មានព្រឹត្តិការណ៍នោះ (ហាមឃាត់ពលរដ្ឋមិនឲ្យនិយាយ) ទេ អ្នកដែលលើកឡើងមិនពិតនោះទេ។ (…) ឥឡូវក្រុមហ៊ុនអេសខេ ជាមួយប្រជាពលរដ្ឋ គេសម្របសម្រួល និងធ្វើការដោះស្រាយគ្នារួចហើយ។»
យ៉ាងនេះក្តីលោក ឆាយ ធី មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក បានសម្តែងនូវការគាំទ្រ ចំពោះការបង្កើតឲ្យមានវេទិការសាធារណៈថ្នាក់ជាតិមួយនេះ។ លោកបន្តរថា យ៉ាងហោចណាស់ វេទិការនេះក៏ផ្តល់ឲ្យប្រជាពលរដ្ឋ បានបង្ហាញនូវទុក្ខលំបាករបស់គាត់ចេញមកក្រៅដែរ ទោះបីការលើកឡើងនោះ មិនទាន់មានការដោះស្រាយបានមួយរយភាគរយក៏ដោយ។
សូមរម្លឹកថា វេទិការសាធារណៈថ្នាក់ជាតិនេះរៀបចំឡើង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ គ្រប់និន្នាការទាំងអស់បានចូលរួមតស៊ូមតិ សម្តែងការតវ៉ា និងការសួរដេញដោលនានា។ ការសម្តែងមតិទាំងនោះ រួមមានការលើកយកបញ្ហាដីស្រែ, ដីចំការ ដីព្រៃសហគមន៍ជាដើម។ ជាមួយគ្នានេះ ក៏មានការលើកឡើង ពីការផ្តល់សេវាកម្មផ្សេងៗ សេវាសាធារណៈ បញ្ហាឆក់ត្រី កាប់ព្រៃឈើ,ដឹកឈើខុសច្បាប់ ព្រមទាំងបញ្ហាអសន្តិសុខ និងការមិនអនុវត្តច្បាប់ជាដើម៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ មីនា ២០១៤