«ចាំបីថ្ងៃទៀត» កង្វល់ថ្មីរបស់ពលរដ្ឋ នៅអូបីជាន់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected] ) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 30, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រោះបញ្ហាជម្លោះដីធ្លី នៅតែមិនមានដំណោះស្រាយ ទើបការតវ៉ានៅតែកើតមាន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ ការតវ៉ារបស់ពលរដ្ឋភូមិថ្នល់បត់ ឃុំអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតមានឡើងទៀត នៅខាងមុខសាលាខេត្ត ដោយមានការចូលរួមពីពលរដ្ឋ ប្រមាណជា៥០នាក់។
បើទោះជាមានការចូលជួបរវាងតំណាងពលរដ្ឋទាំងប្រាំនាក់ ជាមួយនឹងមន្ត្រីនៅសាលាខេត្តរួច ព្រមទាំងមានការសន្យាថានឹងជួយដោះស្រាយ ហើយឲ្យពលរដ្ឋ«រង់ចាំបីថ្ងៃទៀត» ដើម្បីឲ្យអភិបាលខេត្តត្រឡប់មកវិញនោះក៏ដោយ តែពលរដ្ឋទាំងនោះហាក់មិនមានសង្ឃឹម នៅចំពោះពាក្យសន្យាទាំងអស់នេះទេ។
តំណាងពលរដ្ឋអ្នកតវ៉ាម្នាក់ លោក ផល សំរិទ្ធ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទថា លោកហាក់មិនមានជំនឿចិត្តសោះ ចំពោះកាសន្យានេះ ព្រោះវាមិនមែនជារឿង ដែលអភិបាលខេត្តមិនដឹងអ្វីសោះនោះទេ។ លោកថា ទំនាស់នេះកើតមានតាំងពីយូរណាស់មកហើយ បើម្តងប្រាប់ថានេះ ម្តងប្រាប់ថានោះ អ្នកភូមិច្បាស់ជាឡើងមកតវ៉ាដល់ រាជធានីភ្នំពេញមិនខាន។
គម្រោងឡើងមកតវ៉ា ដល់ភ្នំពេញ...
មិនខុសគ្នាប៉ុន្មានទេ លោក អ៊ុក តាំង តំណាងពលរដ្ឋម្នាក់ទៀត ក៏បានប្រាប់ដែរថា វាជាលើកទី៩ហើយ ដែលពលរដ្ឋឃុំអូបីជាន់ បានមកតវ៉ានៅសាលាខេត្តនេះ ហើយការសន្យារបៀបនេះ មិនមែនជាលើកទីមួយទេ។ តំណាងរូបនេះបានបញ្ជាក់ថា គាត់មិនមានទំនុកចិត្តសោះ ចំពោះការដែលនិយាយថា ឲ្យអ្នកភូមិរងចាំបីថ្ងៃទៀតនោះ។ លោកបានថ្លែងអះអាងថា៖ «មិនទុកចិត្តទេ និយាយដដែលៗ ឲ្យតែរួចខ្លួនហ្នឹង» មិនមានសង្ឃឹមបន្តិចសោះ។ តំណាងរូបនេះ បានបង្ហើបប្រាប់ថា នៅក្នុងតំណែងជាមន្ត្រីនីមួយៗហាក់មិនចង់មើលមក អ្នកភូមិលោកទេ ហើយមិនមានសម្តីសមរម្យទៅកាន់ប្រជាពលរដ្ឋទៀត។ លោកបន្តថា នឹងមានការតវ៉ាទៅរាជធានីភ្នំពេញ ឲ្យស្ថាប័ណ្ណដែលពាក់ព័ន្ធជួយ បើនៅតែមិនមានការដោះស្រាយនៅក្នុងខេត្តនេះទៀត ព្រោះពលរដ្ឋរស់នៅលើដីដែលមានទំនាស់ មិនមានសេចក្ដីសុខសោះឡើយ។
ទស្សនាវដ្ដី មិនអាចសុំកាបំភ្លឺពីលោក ចុង ផែត អភិបាលរងខេត្តបានទេ នៅថ្ងៃទី៣០មករានេះ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ សូមរំលឹកថាកាលពីថ្ងៃទី២៩ខែមកឆ្នាំ២០១៥កន្លងទៅនេះ អភិបាលរងខាងលើ បានអោយអភិបាលស្រុកកំណត់ យកព្រំប្រទល់រវាងឃុំពីរដែលកំពុងមានជម្លោះ។ ការកំណត់ និងការចុះទៅវាស់វែង ដែលមិនបានជូនដំណឹងដល់ពលរដ្ឋនោះ បានបង្កការសង្ស័យដល់ពលរដ្ឋ ថាមានរឿងមិនប្រក្រតី ទើបបណ្ដាលអោយពលរដ្ឋទាំង១៥៦គ្រូសារ បានមកតវ៉ាខាងមុខសាលាខេត្តនេះ។ តំណាងពលរដ្ឋអ្នកតវ៉ាទាំងប្រាំនាក់ ដែលចូលជួបមន្ត្រីសាលាខេត្ត មាន៖ លោក ផល សំរិទ្ធ - អ្នកស្រី ឡុង សុគន្ធី - លោក ផល សារ៉ន - លោក អ៊ុត កែត, និងលោក អ៊ុក តាំង៕