កម្មកររោងចក្រមេនហាតធេន ស្នើរអាមេរិកឲ្យជួយអន្តរាគមន៍
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 30, 2015
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងសហជីពរបស់រោងចក្រ មេនហាតធេន បីនាក់ត្រូវបានរោងចក្រមិនទទួល ឲ្យចូលធ្វើការបន្តទៀតនោះទេ បន្ទាប់ពីអ្នកទាំងបី ធ្លាប់បានដឹកនាំកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែ និងលក្ខខ័ណ្ឌការងារមួយចំនួននោះ។ ការមិនព្រមទទួលតំណាងសហជីព ឲ្យចូលធ្វើការវិញនេះ បានធ្វើឲ្យកម្មកររាប់រយនាក់ នៃរោងចក្រ មេនហាតធេន នាំគ្នាដង្ហែញតិ្តមកដាក់នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែមករានេះ ដើម្បីស្នើឲ្យឯកអគ្គរាជទូតនៃប្រទេសមហាអំណាចមួយនេះ ជួយធ្វើអន្តរាគមន៍ទាមទារឲ្យរោងចក្រ ព្រមទទួលតំណាងរបស់ពួកគាត់ ចូលធ្វើការងារវិញ។
តំណាងសហជីពរបស់រោងចក្រ មេនហាតធេន ទាំងបីនាក់ដែលរោងចក្រមិនព្រមទទួលយក ឲ្យចូលធ្វើការងារវិញនោះ មានលោក ចន ធាន - លោក ផាន់ ចន្នី និងលោក ប៉េង ផល្លា។ អ្នកទាំងបីត្រូវបានរោងចក្របញ្ឈប់ពីការងារ បន្ទាប់ពីពួកគាត់បានដឹកនាំកម្មករធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ ដុល្លារ ក្នុងមួយខែរបស់កម្មករ រវាងពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៤។
ករណីនេះ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យពួកគាត់ចូលធ្វើការងារធម្មតាវិញ ប៉ុន្តែក្រុមហ៊ុន មេនហាតធេន មិនបានទទួលយកអ្នកទាំងបី ឲ្យចូលធ្វើការដូចក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្គាប់នោះទេ និងបង្កឲ្យកម្មកររោចក្រមួយចំនួន បាននាំគ្នាធ្វើបាតុកម្មតវ៉ាអស់រយៈពេល ជាងមួយខែមកហើយ ពោលគឺចាប់តាំងពី ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៤ រហូតមកទល់ពេលនេះ ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ។
ការនាំគ្នាមកដាក់ញតិនៅស្ថានទូតអាមេរិក ដើម្បីស្នើឲ្យជួយធ្វើអន្តរាគមន៍ របស់ក្រុមកម្មករនេះ ព្រោះម្ចាស់រោងចក្រ មេនហាតធេន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នោះ ជាជនជាតិអាមេរិកាំង។ ដូច្នេះហើយបានពួកគាត់សង្ឃឹមថា សហរដ្ឋអាមេរិកដែលជាប្រទេសមួយដែលគោរពសិទ្ធិមនុស្ស និងជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យបានល្អជាងគេនោះ នឹងយកចិត្តទុកដាក់ លើការស្នើរសុំរបស់កម្មករ៕
កញ្ញា លក្ខណា ជាកម្មករនៅរោងចក្រនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កញ្ញាមកស្នើរសុំឲ្យស្ថានទូតអាមេរិកជួយធ្វើអន្តរាគមន៍ នៅថ្ងៃនេះទាំងភ័យខ្លាច ប៉ុន្តែប្រសិនបើកញ្ញាមិនមកស្នើរសុំ ឲ្យតំណាងសហជីពទាំងនោះចូលធ្វើការវិញទេ រោងចក្រនៅតែបន្តធ្វើការគាបសង្កត់លើកម្មករសព្វគ្រប់បែបយ៉ាង ហើយឈានដល់ការបញ្ឈប់ពីការងារទៀត ប្រសិនបើកម្មករធ្វើការងារមិនពេញចិត្តពួកគេនោះ។
កញ្ញា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតនៃប្រទេសមហាអំណាចនឹងជួយធ្វើអន្តរាគមន៍លើបញ្ហានេះ បើទោះជាមានខាងក្រុមហ៊ុន បានទូរស័ព្ទមកគំរាមថា នឹងដកពួកគាត់ចេញពីការងារ ព្រោះពួកគាត់នាំគ្នាមកដាក់ញតិនៅស្ថានទូត ក៏ដោយ។ កញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា មុននឹងក្រោយ គេគង់តែដេញចេញដដែល ដូច្នេះមានតែតស៊ូមករកអ្នកជួយធ្វើអន្តរាគមន៍តែម្តង ទើបមានសង្ឃឹមខ្លះ។
កម្មការិនីរូបនេះបានអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ ឲ្យជួយដោះស្រាយដើម្បីជម្រុញឲ្យរោងចក្រ ព្រមទទួលយកតំណាងសហជីពចូលធ្វើការវិញ ព្រោះសព្វថ្ងៃ នៅពេលដែលគ្មានសហជីពនៅធ្វើការជាមួយ ពួកគាត់វេទនាខ្លាំងណាស់ ដោយរងការគាបសង្កត់ពីក្រុមហ៊ុន។
មានទាក់ទងដល់តុលាការ...
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន (និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ) ដែលបានចូលរួមក្នុងការដាក់ញត្តិនេះដែរ បានថ្លែងថា ក្រៅពីការទាមទារឲ្យស្ថានទូតអាមេរិក ជួយធ្វើងអន្តរាគមន៍ ដើម្បីឲ្យកម្មករនិងតំណាងសហជីពបានចូលធ្វើការវិញនោះ ក្រុមកម្មករចង់ស្ថានទូតនេះ ជួយធ្វើយ៉ាងណាជួយឲ្យតុលាការសាលាដំបូង ខេត្តកំពង់ចាម ទម្លាក់ចោលនូវរាល់ការចោទប្រកាន់ ទៅលើអ្នកទាំងបីនាក់នោះផងដែរ។ លោកថា តុលាកាគួរតែធ្វើការទំលាក់ការចោទប្រកាន់នេះ ព្រោះក្រុមសហជីពមានសិទ្ធិជាមូលដ្ឋាន ក្នុងការទាមទារប្រាក់ឈ្នួលរបស់គាត់ និងកម្មករ និងការដឹកនំាកម្មករទាមទារលក្ខខ័ណ្ឌការងារ ព្រមទាំងទាមទារសិទ្ធិសេរីភាពក្នុងការងារបស់ពួកគាត់ផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ នយោជកបែជាចោទប្រកាន់ពួកគាត់ថា ធ្វើការញុះញង់ឲ្យកម្មករធ្វើបាតុកម្មទៅវិញ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ប្រាក់ខែត្រឹមតែ ៨០ដុល្លា មិនអាចចាយវាយបានគ្រប់គ្រាន់នោះទេ បើសិនជាមិនឲ្យពួកគាត់ធ្វើការតវ៉ា។ លោកថា រោងចក្រនៅក្នុងប្រទេសកម្ពុជាមានច្រើនណាស់ ហើយក៍ចំណេញច្រើនពីការធ្វើវិនិយោគដែរ ប៉ុន្តែពួកគេមិនដែលយកប្រាក់ចំណេញនោះ មកចែកឲ្យកម្មករដែលជួយធ្វើការឲ្យអស់ទាំងកំលាំងកាយ និងកំលាំងចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេបែជាយកប្រាក់នោះ ទៅឲ្យជនពុករលួយ ហើយនាំគ្នាមកព្រួតធ្វើបាបកម្មករទៅវិញ។ លោកនិយាយថា នេះមិនមែនជាអំពើមួយដែលអាចធ្វើឲ្យកម្មករ នៅស្ងៀមតទៅទៀតបានឡើយ។
មិនអាចទាក់ទងអ្នកទទួលខុសត្រូវ របស់រោងចក្រ មេនហាតធេន ដើម្បីធ្វើកាបកស្រាយពីបញ្ហាចោទប្រកាន់ខាងលើនេះ បាននៅឡើយ នៅថ្ងៃនេះ៕