គ្រួសារ​សង្ឃឹម បន្ទាប់​ពី​ជន​ទាំង​២១ត្រូវ​នាំ​មក​ភ្នំពេញ​ជា​លើក​ទី១

ជនជាប់ឃុំ ២១នាក់ ដែលបានឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បន្ទាប់ពី​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​​រវាង​កម្មករ និង​សមត្ថកិច្ច នៅមុខរោងចក្រ យ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ត្រូវ​បាន​នាំ​ខ្លួន​​មក​រាជធានី​ភ្នំពេញ ជាលើកដំបូង ដើម្បីរងចាំបើកសវនាការ នៅថ្ងៃសុក្រ។
Loading...
  • ដោយ: លោក គិន ដោយ៖ គិន ង៉ុយ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក គា សុវណ្ណា ប្រធានពន្ធនាគារត្រពាំងផ្លុង បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានទទួលបទបញ្ជារ​ ពីអគ្គនាយក​នៃ​អគ្គនាយកដ្ឋានពន្ធនារ នៃក្រសួងមហាផ្ទៃមក លោកបានធ្វើការបញ្ជូន ជនជាប់ឃុំទាំង២១នាក់នោះ បាន​បញ្ជូន​ទៅ​ភ្នំពេញ​ហើយ កាលពីម៉ោង៦ព្រឹក ដើម្បីរងចាំបើកសវនាការ នៅថ្ងៃទី ២៥ ខែ មេសារ ហើយលោក​បាន​ទទួលដំណឹងថា ពួកគេទៅដល់ពន្ធនាគារព្រៃសរនៅម៉ោង ៩និង៣០នាទីព្រឹក។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនថា ពួកគាត់នឹងត្រូវបញ្ជូនមកវិញ រឺយ៉ាងណាទេ វាទាក់ទៅនឹងតុលាការ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវ​រងចាំ​បើកសវនាការ សុំនៅក្រៅឃុំ នៅឯតុលាការកំពូល ថ្ងៃទី៥ ខែឧសភា»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលដែលកម្មករ​ធ្វើបាតុកម្ម​ទាមទារ ដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ អ្នកទាំងអស់ ត្រូវបានចោទប្រកាន់ ពីបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ សូមរម្លឹកផងដែរថា លោក វ៉ន ពៅ ត្រូវបាន​តុលាការបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំ ចំនួន ៤លើករួចមកហើយ។

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វ៉ន ពៅ បានថ្លែងឲ្យដឹងថា ចំពោះការបញ្ជូនស្វាមីរបស់អ្នកស្រី មក​រាជធានីភ្នំពេញនោះ គឺជាសញ្ញាល្អមួយ ពីព្រោះពួកគាត់តែងតែអវត្តមាន នៅក្នុងសវនាការបួនលើកកន្លងមក ដូច្នេះអ្វីដែលសំខាន់នៅពេលនេះ គឺគាត់អាចឆ្លើយឆ្លង នៅក្នុងអង្គសវនាការ ដើម្បីការពារនូវអ្វី ដែលគេបាន​ចោទ​ប្រកាន់ មកលើពួកគាត់ទាំង២១នាក់នោះ។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «ខ្ញុំសូមអង្វរ ទៅដល់មន្ត្រី​តុលាការ មេត្តាពិចារណាលើអង្គសេចក្តី និងវិនិច្ឆ័យទោស ដោយផ្អែកនិតិវិធីនៃច្បាប់ ដើម្បីផ្តល់យុត្តិធម៌ ដល់​ជន​រងគ្រោះទាំង២១នាក់ ពីព្រោះពួកគាត់ ពុំបានធ្វើដូចការចោទប្រកាន់នោះទេ»។

ចំណែកឯ អ្នកស្រី ញ៉ូង សុខហៀង គូដណ្តឹងរបស់ របស់លោក ថេង សាវឿន បានថ្លែងឲ្យដឹងថា នេះជា​លើក​ទី១ ហើយដែលមន្ត្រីពន្ធនាគារ បានបញ្ជូនអ្នកទាំង២១នាក់នោះ មកចូលរួមអង្គសវនាការ បន្ទាប់ពីជាប់​ពន្ធនាគារ អស់រយៈពេលជាង៤ ខែកន្លងមក។ អ្នកស្រីបានថ្លែងថា៖ «នេះគឺជាសញ្ញាមួយល្អដែរ ដោយសារតែ​កន្លងមក យើងតែងតែស្នើរសុំ ឲ្យបញ្ជូនពួកគាត់ មកចូលរួមសវនាការ ប៉ុន្តែអាជ្ញាធរតែងតែបដិសេធ។ ខ្ញុំសូម​ឲ្យ​លោកតុលាការ មេត្តាពិចារណា នៅក្នុងការសម្រេចក្តី ថ្ងៃទី២៥នេះដោយគតិយុត្តផង ដើម្បីផ្តល់យុត្តិធម៌ ដល់​ពួកគាត់ទាំងអស់។ ពួកគាត់ គឺជាជនរងគ្រោះ នៅក្នុងការវាយប្រហារ របស់សមត្ថកិច្ច។»។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ បានមាន​ប្រសាសន៍​ថា នេះគឺចាសញ្ញាមួយល្អ ដែលអ្នកទាំង២១នាក់នោះ មានវត្តមានជាលើកទី១ នៅរាជធានីភ្នំពេញ បន្ទាប់ពី​បាន​ចាប់ខ្លួន នៅថ្ងៃទី២និងថ្ងៃទី៣ ខែមករា ពីព្រោះវត្តមាន របស់ពួកគាត់ ពិតជាសំខាន់ណាស់ នៅនៅក្នុងការ​ជជែក​ដេញដោល នៅក្នុងសវនាការដើម្បីរកយុត្តិធម៌ ដល់ពួគាត់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹម​ថា នៅថ្ងៃទី២៥ តុលាការនឹងលើកលែង បទចោទប្រកាន់ទាំងអស់ ទៅដល់ពួកគាត់ទាំង២១នាក់ ឲ្យមាន​សេរីភាព​វិញ ទៅប្រកបការងាររបស់ខ្លួន និងទៅព្យាបាលជំងឺរបស់ពួកគេ។ ហើយមូលហេតុ ដែលខ្ញុំសង្ឃឹម​នោះ ដោយសារតែពួកគាត់ ត្រូវបានអ្នកយោបាយ យកធ្វើជាឧបករណ៍នយោបាយ។ ដូច្នេះនៅពេលនេះ បរិបទ​នយោបាយស្ងប់ស្ងាត់ ហើយគណបក្សទាំងពីរបន្តកិច្ចចរចារ។»។

សូមរម្លឹកផងដែរថា លោក វ៉ន ពៅ ត្រូវបានតុលាការបើកសវនាការ លើបណ្តឹងសុំនៅក្រៅឃុំចំនួន ៤ លើក​រួច​មកហើយ គឺនៅសាលាដំបូងរាជធានី ចំនួនពីរលើក និងនៅសាលាឧទ្ធរណ៍ចំនួនពីរលើក ដោយពុំមាន​វត្តមាន​ជនជាប់ចោទ ហើយតុលាការ ក៏បានបដិសេធបណ្តឹង សុំនៅក្រៅឃុំនោះ ទាំងបួនលើកផងដែរ។ ករណីនេះ នឹង​ត្រូវតុលាការកំពូល គ្រោងនឹងបើកសវនាការ សុំនៅក្រៅឃុំ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...