សេដ្ឋកិច្ចកម្ពុជាអាចបញ្ជៀសការធ្លាក់ចុះ បើនយោបាយនៅជាប់គាំង?
បើទោះបីជាក្នុងឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចបានកើនឡើង៧%ក៏ពិតមែន តែបើនយោបាយកម្ពុជានៅតែបន្តជាប់គាំង ហើយមិនត្រូវបានដោះស្រាយនោះ តើកម្ពុជាអាចរក្សាកំណើននេះបានដែរឬទេ? សូមតាមដានកិច្ចសម្ភាសន៍ខាងក្រោម ជាមួយសាស្ត្រាចារ្យជំនាញខាងសេដ្ឋកិច្ចមួយរូប និងការបកស្រាយរបស់អ្នកវិភាគឯករាជ្យ លោក សុខ ទូច។
កម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ក្បែររាជធានីភ្នំពេញ។ (រូបថត melty.fr)
សម្ភាសន៏ - កម្ពុជាបានប្រកាសថាកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៣បានកើនឡើង៧% ដែលនេះជាជោគជ័យមួយ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៏មួយនេះ ក្នុងទាក់ទាញនិយោជក អោយចាប់អារម្ភណ៏មកបោះទុនវិនិយោគនៅកម្ពុជា។ រយៈកាលចុងក្រោយមកនេះ ចាប់តាំងពីក្រោយពេលបោះឆ្នោតរួចមក កម្ពុជាបានជួបនៅបញ្ហាជាច្រើន ដូចជាការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ និងការធ្វើកូដកម្មរបស់កម្មករក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ហើយបានបង្កឲ្យមានការព្រួយបារម្ភជាទូទៅមួយ ស្ដីពីការធ្លាក់ចុះ នូវកំណើនសេដ្ឋកិច្ច ដែលប្រទេសដ៏តូចមួយនេះ ត្រូវការឲ្យខាងតែបាន នៅមុនសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ។
លោក យឹម ពុទ្ធា សាស្រ្តាចារ្យ សេដ្ឋកិច្ចនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានយល់ស្របនឹងសេចក្ដីបារម្ភណ៍ខាងលើ ដោយលោកបានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «បញ្ហាការធ្វើបាតុកម្មកន្លងមក វាអាចនឹងមានផលប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច»។
លោកបានពន្យល់បន្ថែមទៀមថា បើតាមការវិភាគតាមគោលការណ៏ម៉ាក្រូសេដ្ឋកិច្ច ឃើញថាឧស្សាហកម្មវាយណភ័ណ្ឌកាត់ដេរ សំលៀកបំលៀកបំពាក់ វាជាចំណែកមួយនៃកំណើនសេដ្ឋកិច្ច។ ដែលកន្លងមកនេះ វាជារដូវកាល ដែលអ្នកបញ្ជាទិញត្រូវការទំនិញច្រើននៅលើទីផ្សារ ហើយវារឿងអកុសលមួយ ដែលកម្ពុជាជួបបញ្ហាបែបនេះ ដែលធ្វើអោយកម្ពុជាមិនអាចបំពេញតម្រូវការ របស់អ្នកបញ្ជាទិញបាន ជាងនេះនេះទៅទៀត វានឹងអាចមានផលប៉ះពាល់ដល់អ្នកវិនិយោគ ដែលមករកទទួលទាននៅកម្ពុជា។
«យើងឃើញថាវិស័យសំខាន់ៗមួយចំនួន ដែលបានដើរតួនាទីចំបង សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះរួមមាន វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យសំណង់ វិស័យកាត់ដេរ និងវិស័យរួមផ្សំមួយចំនួនទៀត។»
ហើយថ្មីៗបាតុកម្មរបស់កម្មកររោងចក្រ ក្នុងការទាមទារប្រាក់ខែ១៦០ដុល្លា បានធ្វើឡើងស្ទើរពេញផ្ទៃប្រទេស។ បើទោះបីជាកម្មករបានចូលធ្វើការវិញ ស្ទើតែ១០០%ក៏ដោយ នៅតែគ្មានសញ្ញាណណាមួយដែលបញ្ជាក់ថា ពួកគេនឹងបញ្ឈប់ការធ្វើកូដកម្ម-បាតុកម្មនេះឡើយ ប្រសិនបើគ្មានដំណោះស្រាយលើបញ្ហាប្រាក់ខែ ដែលអាចធ្វើអោយពួកគេរស់នៅដោយសមរម្យបាន។ ពាក់ពន្ធនឹងបញ្ហានេះដែរ សាស្រ្តាចារ្យជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានលើកជាក្តីព្រួយបារម្ភណ៍ដែរថា «ប្រសិនបើស្ថានការនេះនៅតែបន្តទៅទៀត វានឹងមានផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចដែលយើងរំពឹងទុក៧%នេះ។ វានឹងមានការធ្លាក់ចុះ»។
ទាក់ទិននឹងបញ្ហានេះ ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ក្នុងថ្ងៃនេះដែរ លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគនយោបាយឯករាជ្យ បានអោយដឹងថា បើបញ្ហានយោបាយនៅកម្ពុជានៅបន្ត មិនមានដំណោះស្រាយទៀត វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច។ លោកបានពន្យុល់ថា «ដូចដែលយើងដឹងហើយថា វិស័យទេសចរណ៍ក៏ជាវិស័យដែលជួយដល់សេដ្ឋកិច្ចដែរ បើបាតុកម្មកើតមានសឹងរាល់ថ្ងៃ ភ្ញៀវទេសចរណ៍ក៏អាចនឹងថយចុះ។ ចំណែកឯរឿងវិស័យកាត់ដេរវិញ រោងចក្រជាច្រើនបានផ្អាកផលិតជាច្រើនថ្ងៃ ដែលវាធ្វើអោយប៉ះពាល់ដល់សង្វាក់ផលិតកម្ម រាំងស្ទះដល់ការផលិត កត្តានេះដែរ វាធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។»
មកទល់ពេលនេះ ជម្លោះរវាងគណបក្សទាំងពីរនៅតែបន្ត និងមិនទានមានការចចារគ្នាណាមួយ សំរាប់គណបក្សជាប់ឆ្នោតទាំងពីរ។ កត្តានេះហើយវាជាផ្នែកមួយ ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជា នៅជាប់គាំងមិនអាចឈានដល់គោលដៅ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជានោះឡើយ។ រដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានសន្យាថា នឹងខិតខំសម្រេចឲ្យបាន នូវកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំ។
ប្រសិនបើនូវតែមាផលប៉ះពាល់បែបនេះ តើយើងត្រូវធ្វើដូចម្តេច? ចំពោះដំណោះស្រាយលើបញ្ហានេះដែរលោក យឹម ពុទ្ធា បានបញ្ជាក់ថា «រដ្ឋាភិបាលនឹងមានគោលនយោបាយជំរុញ ព្រោះនៅក្នុងគោលការណ៍ម៉ាក្រូសេដ្ឋកិច្ចរបស់យើង វាមិនមែនមានតែវិនិយោគ តែមួយមុខនោះទេ វានៅមានអថេរផ្សេងៗទៀត ដែលអាចធ្វើអោយសេដ្ឋកិច្ចកើនឡើង»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖[email protected])-ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤