ហេតុអ្វីកម្ពុជាមិនប្រតិកម្ម ចំពោះការលួចស្តាប់របស់អាមេរិក?
មួយរយៈពេលចុងក្រោយនេះ ប្រទេសជាច្រើនបានធ្វើការប្រតិកម្មខ្លាំងៗ និងព្រមគ្នា បន្ទាប់ពីការលិចធ្លាយរឿងអាស្រូវ ទាក់ទងនឹងការលួចស្តាប់របស់ទីភ្នាក់ងារជាតិសន្តិសុខអាមេរិក ចំពោះការងារទំនាក់ទំនងផ្ទៃក្នុងរបស់ប្រទេសទាំងនោះ ហើយការលួចស្តាប់នោះ រាប់បញ្ចូលតាំងពីប្រជាពលរដ្ឋធម្មតា រហូតដល់ថ្នាក់ដឹកនាំកំពូល។ តែប្រទេសកម្ពុជារហូតមកដល់ពេលនេះ ហាក់ដូចជាមិនទាន់ធ្វើការប្រតិកម្មណាមួយ ចំពោះករណីនេះនៅឡើយទេ ខណៈគេមានការសង្ស័យថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះពីការលួចស្តាប់នេះដែរ។
ការិយាល័យកណ្ដាល នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក។ (រូបថត today.com)
រាជធានីភ្នំពេញ - ចំពោះករណី«លួចស្ដាប់» ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិកនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានឲ្យទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដឹងនៅថ្ងៃទី៤ ខែវិច្ឆិការឆ្នាំ២០១៣ នេះថា មូលហេតុដែលកម្ពុជាមិនទាន់ធ្វើការប្រតិកម្មណាមួយនោះ ព្រោះកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយ ដើម្បីជាមូលដ្ឋាន ក្នុងការពិចារណា ឆ្លើយតបទៅនឹងរឿងអាស្រូវ នៃការលួចស្តាប់របស់ទីភ្នាក់ងារសន្តិសុខអាមេរិកនៅឡើយទេ។
អ្នកនាំពាក្យដដែលនេះ បញ្ជាក់ថា៖ «យើងមិនទាន់មានភស្តុតាង ចំពោះការលួចស្តាប់ ឬការធ្វើចារកម្មនៅឡើយទេ អាស្រ័យដូច្នេះ យើងមិនមានធ្វើនយោបាយ ឬបតប្រឆាំងជាមួយសហរដ្ឋអាមេរិក ក្រៅពីការពង្រឹងទំនាក់ទំនង និងធ្វើសហប្រតិបត្តិការល្អ»។
ប៉ុន្តែនៅពេលសួរថា ប្រសិនបើប្រទេសកម្ពុជាត្រូវបានរកឃើញថា ពិតជារងគ្រោះពីការលួចស្តាប់ពី ទីភ្នាក់ងារសន្តិសុខអាមេរិកមែននោះ តើរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការដូចម្តេច? លោក ផៃ ស៊ីផាន បានឆ្លើយថាក្នុងនាមប្រទេសកម្ពុជា ជាប្រទេសមានអធិបតេយ្យភាពពេញលេញ និងមានការធានាសន្តិសុខផ្ទៃក្នុងជាតិ កម្ពុជានឹងធ្វើការឆ្លើយតប ដោយគ្មានស្ទាក់ស្ទើរចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក តែក៏ត្រូវប្រកាន់គោលជំហរ រក្សាចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដោយមិនយកសហរដ្ឋអាមេរិកធ្វើជាសត្រូវនោះទេ ។
គួរម្លឹកថា បើយោងលើទីភ្នាក់សារព័ត៌មានបារាំងអាអេសប៉េ (AFP) ដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាក៏ជាប្រទេសរងគ្រោះពីការលួចស្តាប់ របស់ទីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។ រឿងអាស្រូវនៃការលួចស្តាប់ របស់សហរដ្ឋអាមេរិក ត្រូវបានសារពត៌មានល្បីៗ នៅជុំវិញភពលោកចុះផ្សាយជាបន្តបន្ទាប់ ខណៈប្រទេសរងគ្រោះពីការលួចស្តាប់ មានទាំងប្រទេសនៅតំបន់អាស៊ី អ៊ឺរ៉ុប បានធ្វើការប្រតិកម្មផ្ទួនៗគ្នា ដែលជម្រុញឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងនោះ និងសហរដ្ឋអាមេរិកមានភាពល្អក់កករ។
ជុំវិញករណីនេះ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច លើកឡើងថា កាលដែលកម្ពុជាបន្តរក្សាភាពស្ងៀមស្ងាត់ ព្រោះកម្ពុជា ជាប្រទេសតូច ហើយកំពុងរងសម្ពាធពីសហរដ្ឋអាមេរិកស្រាប់។ ទន្ទឹមនឹងនេះ លោក សុខ ទូច បានអះអាងថាប្រទេសកម្ពុជា វៀតណាម ឡាវ និងភូមា ជាដើមនោះ ត្រូវបានគេកត់សម្គាល់ថា ជាប្រទេសមិនសូវឲ្យតម្លៃលើសិទ្ធិបុគ្គលនោះដែរ។
យ៉ាងណាក្តី លោក សុខ ទូច បានលើកឡើងថា កាលដែលសហរដ្ឋអាមេរិកលួចស្តាប់ វាមិនមែនជារឿងចម្លែកនោះទេ ព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ដូច្នេះព័ត៌មានចាំបាច់ណាស់សម្រាប់ប្រទេសមហាអំណាច តែក៏ត្រូវប្រើពាក្យសុំទោសចំពោះប្រទេស ដែលត្រូវបានរងគ្រោះពីការលួចស្តាប់ផងដែរ ពិសេសប្រទេសដែលឲ្យតម្លៃខ្លាំងលើសិទ្ធិបុគ្គល ឬសិទ្ធិឯកជន៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ