សាលា​ឧទ្ធរណ៍​«បញ្ជា»​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ បន្ត​ស្វែង​រក​ចាប់​ខ្លួន​ឈូក បណ្ឌិត

ប្រធានអង្គជំនុំជម្រះនៃតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានប្រកាសសម្រេច«តម្កល់»​សាលក្រម​របស់តុលាការសាលាដំបូងខេត្តស្វាយរៀង ក្រោយពីបានបើកសវនាការលើអង្គសេចក្តីកាលពីរសៀលថ្ងៃទី៣១ ខែតុលា​នេះ។ សាលាឧទ្ធរណ៍បាន តម្រូវឲ្យសមត្ថកិច្ចពាក់ព័ន្ធ«បន្តរស្វែងរកចាប់ខ្លួន» លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត ដែលបានបាញ់កម្មការិនីបីនាក់ ឲ្យរងបួសធ្ងន់ កាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានអង្គជំនុំជម្រះនៃតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានប្រកាសសម្រេច«តម្កល់»​សាលក្រម​របស់តុលាការសាលាដំបូងខេត្តស្វាយរៀង ក្រោយពីបានបើកសវនាការលើអង្គសេចក្តីកាលពីរសៀលថ្ងៃទី៣១ ខែតុលា​នេះ។ សាលាឧទ្ធរណ៍បាន តម្រូវឲ្យសមត្ថកិច្ចពាក់ព័ន្ធ«បន្តរស្វែងរកចាប់ខ្លួន» លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត ដែលបានបាញ់កម្មការិនីបីនាក់ ឲ្យរងបួសធ្ងន់ កាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)

រាជធានីភ្នំពេញ - ការប្រកាសសាលដីកាសាលាឧទ្ធណ៍ជាសាធារណៈ លើសំនុំរឿងលោក ឈូក បណ្ឌិតនេះ លោកតាំង ស៊ុនឡាយ ប្រធានក្រុមប្រឹក្សា បានឲ្យចៅក្រមប្រឹក្សាលោកលោកអ៊ុំ សារិទ្ធ និងលោកប្លង់ សំណាង ប្រកាសសម្រេច​«តម្កល់»សាលក្រមសាលាដំបូងខេត្តស្វាយរៀង។ ក្រោយការប្រកាសសាលដីកាចប់ លោកអ៊ឹម សុផាន តំណាងអយ្យការ និងលោក សួន វិសាល មេធាវីតំណាងឲ្យលោកឈូក បណ្ឌិត លោក ជិន លីដាមេធាវីតំណាងឲ្យកម្មករីនីទាំងបី មិនបាន​ធ្វើការតវ៉ាអ្វីឡើយ។

នៅពេលចេញមកក្រៅបន្ទប់សវនាការ លោក សួន វិសាល ជាមេធាវីការពារលោកឈូក បណ្ឌិត ដែលព្យាយាម​គេចចេញ​ពីការតាមសម្ភាសរបស់អ្នកសារព័ត៌មាន បានបញ្ជាក់ដោយខ្លីថា «ខ្ញុំមិនទាន់ដឹងថា កូនក្តីនឹងឲ្យខ្ញុំប្តឹងសារទុក្ខទៅ​តុលាការ​កំពូល ឬយ៉ាងណានោះទេ។ ដោយខ្ញុំនៅរង់ចាំការទំនាក់ទំនងពីកូនក្តីរបស់ខ្ញុំ។ ខ្ញុំមិនហ៊ានបញ្ជាក់លើការសម្រេច​របស់​តុលាការនាពេលនេះយ៉ាងណានោះទេ ព្រោះថាការការពារសិទ្ធិឲ្យជនជាប់ចោទ យើងត្រូវលើកយកទឡ្ហីករណ៍ណាមួយ ដែលបញ្ជាក់ថាគាត់(ឈូក បណ្ឌិត)គ្មានទោស។»

ទោះជាតុលាការសាលាឧទ្ធរណ៍ សម្រេចបន្តរឲ្យលោកឈូកបណ្ឌិត បន្តរជាប់ពន្ធនាគារចំនួន១៨ខែយ៉ាងណាក៏ដោយ តែ​សម្រាប់លោក ជិន លីនដាមេធាវីការពារជនរងគ្រោះទាំងបីនាក់វិញ នៅតែបង្ហាញពីភាពមិនពេញចិត្ត ចំពោះការសម្រេច​ទាំងនេះថា លោកក៏ដូចជាកូនក្តីរបស់លោកបានស្នើសុំប្តឹងលោកឈូក បណ្ឌិតពីករណី«ប៉ុនប៉ងមនុស្សឃាត» តែតុលាការ​បែរជាសម្រេចពីបទ«បង្ករបួសស្នាមដោយអចេតនា»ទៅវិញ។ ករណីមួយទៀតទាក់ទិនទៅនឹងសំណងវិញ ទោះជាកូនក្តី​បានទទួលហើយក៏ដោយ តែសំណងនេះ មិន«ធួន» នឹងការឈឺចាប់ទាំងផ្លូវកាយ ចិត្ត និងការខាតបង់ប្រាស់កាស និង​ពេលវេលានៃការប្រកបមុខរបរចិញ្ចឹមជីវិតនោះឡើយ។ លោកបានបញ្ជាក់ថា ពីតុលាការ​ខេត្តស្វាយរៀងរហូតដល់​សាលា​ឧទ្ធរណ៍ គេនៅតែរក្សាបទ«បង្ករបួសស្នាមដោយអចេតនា»នេះនៅជាបានការតរៀងមក ដែលជាមូលហេតុ បង្ហាញឲ្យ​ឃើញនូវមានបញ្ហានីទណ្ឌភាពនៅកម្ពុជា សម្រាប់ការអនុវត្តច្បាប់របស់ស្ថាប័នតុលាការនេះ។ ទាំងពីរករណីនេះហើយ ដែលកូនក្តីរបស់លោក ពុំអាចទទួលបាននូវយុត្តិធម៌ពេញលេញនោះ។

សម្រាប់លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ ក៏បានបង្ហាញមិនខុស​ពី​លោកមេធាវី ជិន លី ដាខាងលើដែរ។ ដោយលោកបានរម្លឹកថា នាពេលកើតហេតុនោះ ជនរងគ្រោះនៅកន្លែងផ្សេងគ្នា តែ​បែរជាត្រូវរបួសទាំងបីនាក់ ដោយសារកាំភ្លើងតែមួយទៅវិញ។ លោកថាអ្វីជាការបង្ករបួសស្នាមដោយអចេតនា បើ​កាំភ្លើង​នៅនឹងដៃ ឯជនរងគ្រោះក៏បានរងរបូស ដែលយើងអាចចាត់ទុកថាជាបទប៉ុនប៉ងមនុស្សឃាត។

លោកបានចាត់ទុកថា «ការសម្រេចសេចក្តីរបស់សាលាឧទ្ធរណ៏នេះ វាមិនពេញលេញទេសម្រាប់ជនរងគ្រោះ។ (…) នេះ​ជាមូលហេតុមួយដែលមិនអាចឲ្យយើងទទួលយកបានទេ នូវប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលពាក់ព័ន្ធជាមួយជនល្មើស​ដែលមានអំណាច មានខ្នងបង្អែកនៅពីក្រោយ។ (…) នេះជាមូលហេតុពាក់និងបញ្ហានីទណ្ឌភាពក្នុងប្រព័ន្ធតុលាការ។ (…) មកទល់នឹងពេលនេះលោកឈូក បណ្ឌិត នូវមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយនោះទេ។ ឯខាងរដ្ឋភិបាលវិញ​ធ្វើយ៉ាងណា​ត្រូវស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត ឲ្យខានតែបានដើម្បីបង្ហាញថា ការនិយមបក្ខពួក ការមានខ្នងបង្អែកត្រូវបាន​លប់​បំបាត់។»

ជាមួយគ្នានេះសម្រាប់រូបលោក ដែលជាតំណាងឲ្យអង្គការសង្គមស៊ីវិលវិញ ប្រហែលជានឹងអាចប្តឹងសារទុក្ខទៅ​តុលាការ​កំពូលទៀត ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ពិសេសការផ្តល់នូវសំណងជម្ងឺចិត្ត និងការទាមទាស្ថាប័នច្បាប់​កំពូលមួយនេះ ធ្វើការប្តូរបទចោទប្រកាន់លើជននោះ ដែលមានចេតនាប្រព្រឹត្តបទល្មើសយ៉ាងជាក់ស្តែង។

ក្នុងថ្ងៃនេះដែរ តំណាងប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ ប្រមាណជិតមួយរយនាក់បាន នាំគ្នាមកប្រមូលផ្តុំនៅមុខ​តុលាការសាលាឧទ្ធណ៍ ស្រែកទាមទាឲ្យតុលាការមួយនេះ ធ្វើការវិនិច្ឆ័យប្រកបដោយសុច្ចរិតភាព សច្ចៈភាព នឹងឈរ​លើគោលការច្បាប់ពិតប្រាកដ។ «ត្រូវតែដោះលែងអ្នកស្រី យ៉ោម បុប្ផា។ (…) លោក បណ្ឌិត មានចេតនាសម្លាប់មនុស្ស តែមិនត្រូវបានតុលាការចាប់ដាក់គុកទេ ឯអ្នកស្រីយ៉ោម បុប្ផា វិញមិនបានប្រព្រឹត្តអ្វីទាល់តែសោះនោះ គ្រាន់តែការពារផ្ទះ ការពារិសិទ្ធិខ្លួនឯងប៉ុណ្ណោះ បែរជាតុលាការកាត់ឲ្យមានទោសពីរឆ្នាំទៅវិញ។ តើនេះមានភាពយុត្តិធម៌ឬទេ? អយុត្តិធម៌​ណាស់!»

សូមរម្លឹកថាសំណុំរឿងក្តីលោក ឈូក បណ្ឌិត កាលពីថ្ងៃទី២៥មិថុនា ឆ្នាំ២០១៣ នេះត្រូវបានតុលាការសាលាដំបូង​ខេត្ត​ស្វាយរៀង សម្រេចផ្តន្ទាទោសកំបាំង(លោក ឈូក បណ្ឌិត) ដាក់ពន្ធនាគារ១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា និងបង្គាប់ឲ្យសងជំងឺចិត្ដដល់ជនរងគ្រោះទាំងបីនាក់ នូវទឹកប្រាក់ចំនួន៣៨លានរៀល ។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...