មនុស្ស​ជំនិត​ទី១ របស់​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី ជាប់​សង្ស័យ​ពី​បទ​«ស៊ី​សំណូក»?

នាយករងសេនាធិការ នៃអគ្គបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ លោក ពេជ្រ ព្រហ្មមុន្នី កំពុងត្រូវបានធ្វើការសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។ ការសាកសួរឧត្តមសេនីយ៍ផ្កាយមួយរូបនេះ ពាក់ព័ន្ធ​បទ​ជ្រៀត​ជ្រែក​ការងារ​សាធារណៈ និងប្រើប្រាស់ស្លាកលេខរថយន្ត ខ.ម ក្លែងក្លាយ និងបញ្ហាមួយចំនួនផ្សេងទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមប្រភពព័ត៌មាន ពីក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាងហ្វូ ក្នុងព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ថា លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញ និងបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោងជា៤រសៀល និងដាក់​ឲ្យ​ស្ថិតក្រោម ការសាកសួររបស់លោកព្រះរាជអាជ្ញារង លី សុផាន់ណា ដោយមានវត្តមានលោក តាំង ស៊ុនឡាយ ប្រធាន និងលោក នេត ចរិយា ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ចូលរួមស្តាប់។

ប្រភពដដែលនេះ បានបន្តថា បន្ទាប់ពីមានការបែកធ្លាយ ក្នុងសំណុំរឿងដោះលែងឪពុកម្តាយឧកញ៉ា លោក ថោង សារ៉ាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថាមានភាពមិនប្រក្រតី និងក្រោយការទម្លាក់តំណែងលោក អាំង មាលតី ពីប្រធានសាលាដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈ រួចមក លោក ពេជ្រ ព្រហ្មមុន្នី ដែលជាមនុស្សជំនិត និង​ជាគ្រូ«មន្តអាគម»របល់លោក អាំង មាលតី ក៏បានរត់គេចខ្លួនដែរ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់ខ្លួន លោក ពេជ្រ ព្រហ្មមុន្នី ឧត្តមសេនីយ៍ផ្កាយ១ នៃក្រសួងការពារជាតិ បាននាវេលា​ម៉ោង​ប្រមាណជាង៦ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតំបន់ភ្នំជីសូរ ខេត្តតាកែវ។

ក្រោយការដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ គេបានសង្កេតឃើញមានវត្តមានលោក ពេជ្រ ព្រហ្មមុន្នី ចូលរួមស្រស់ស្រូបបាយរួមគ្នា ជាមួយឪពុកម្តាយ លោក ថោង សារ៉ាត់ ដែលជាហេតុនាំឲ្យបង្កការសង្ស័យ​ឡើង។ គេបានធ្វើការសន្និដ្ឋានថា ថ្វីត្បិតបើលោក អាំង មាលតី ធ្នាប់ជាគូបដិបក្ខ ជាមួយនឹងលោក ថោង សារ៉ាត់ ពាក់ព័ន្ធនឹងលុយកាក់មួយចំនួននោះ តែការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំវិញ កាលពី​ពេលថ្មីៗនេះ អាចកើតចេញពីការទទូលលាភសក្ការៈជាច្រើនជាថ្នូរ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ បាននៅឡើយ។ តែបើយោងតាមការបញ្ជាក់ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បានលើកឡើងថា ក្នុងសំណុំរឿងក្តីពាក់ព័ន្ធ នឹងការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ នោះ ខាងក្រសួងនឹងធ្វើការប្រកាសជាសាធារណៈ ក្រោយពេលដែលក្រុមអធិការកិច្ច ក្រសួងយុត្តិធម៌ បាន​ធ្វើ​អធិការកិច្ច លើសំណុំរឿងខាងលើនេះចប់។

តាមប្រភពពីសាលាដំបូងដដែល បានបង្ហើបថា លោក ពេជ្រ ព្រហ្មមុនី្ន ដែលជាមន្រ្តីនៃក្រសួងការពារជាតិ​មួយ​នេះ ហាក់ដូចជាមានអំណាចខ្លាំងណាស់ ក្នុងប្រព័ន្ធតុលាការ។ ក្រៅពីការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មន្ត្រី​យោធារូបនេះ មានសិទ្ធិចូលរួម (ស្តាប់) ក្នុងសំណុំរឿងឃាតកម្ម សម្លាប់លោក អ៊ឹង ម៉េងជឺ ទៀតផង។  លោក​នៅ​មានការងារមួយទៀត តាមដាននូវរាល់សកម្មភាពរបស់ចៅក្រម ក្រឡាបញ្ជី និង ព្រះរាជអាជ្ញា នៃសាលាដំបូង​រាជធានីភ្នំពេញផងដែរ។

លោក ពេជ្រ ព្រហ្មមុនី ជាមនុស្សជំនិតទីមួយរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានី ភ្នំពេញ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ អតីតប្រធានតុលាការ លោក អាំង មាលតី រូបនេះ បានស្នើ​សុំ​លោក មាស សុភា មេបញ្ជាការកងទ័ពជើងគោក ឲ្យលោកឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ដើម្បីសហការការងារ នៅសាលាដំបូងរាជធានីភ្នំពេញ លើផ្នែកសន្ដិសុខ និងសណ្ដាប់ធ្នាប់។

ព័ត៌មានបន្ត ទស្សនានាវដ្តីមនោរម្យ.អាំងហ្វូ នឹងបន្តតាមដាននិងផ្សាយជូននាពេលបន្តបន្ទាប់ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...