វីដេអូបុរសយួនវាយទារកខ្មែរ បង្កការភ្ញាក់ផ្អើលនៅបរទេស
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 24, 2016
- ប្រធានបទ: ព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្អែកមួយ ទៅជាក្អែកដប់!»
ដោយមិនដឹងហេតុការណ៍ច្បាស់លាស់ អ្នកដែលផ្សាយបន្ត នូវវីដេអូបង្ហាញពីទារុណកម្ម លើកុមារកម្ពុជា ពីសំណាក់បុរសជាតិវៀតណាម្នាក់នោះ បានបង្កឲ្យមានការភ័ន្តច្រឡំ នៅពាសពេញពិភពលោក ជាពិសេសពិភពអ្នកកាន់សាសានាអ៊ីស្លាម ដោយសាររូបភាព និងការធ្វើអត្ថាធិប្បាយ នៅអមជាមួយនឹងវីដេអូ បានធ្វើឲ្យអ្នកទាំងនោះ យល់ច្រឡំថា ជាសកម្មភាពដ៏ទារុណ ធ្វើទៅលើកុមារជនជាតិភាគតិច «Rohingya» ដែលកាន់សាសនាឥស្លាម នៅក្នុងប្រទេសភូមាទៅវិញ។
មិនត្រឹមតែប៉ុណ្ណឹង វីដេអូដែលដំបូងឡើយ ត្រូវបានបង្ហោះផ្សាយ នៅត្រឹមតែក្នុងបណ្ដាញសង្គម ត្រូវបានគេហទំព័រ និងសារព័ត៌មានមួយចំនួន (ជាពិសេសសារព័ត៌មានអង់គ្លេស) យកទៅបង្ហោះផ្សាយបន្ត បង្កឲ្យការភ័ន្តច្រឡំ មានទំហំកាន់តែធំឡើង។ តើនរណាមួយ ដែលមិនតក់ស្លុត នៅចំពោះល្បែងដ៏អប្រិយ របស់បុរសមនុស្សធំពេញវ័យម្នាក់ ធ្វើទៅកុមារដ៏តូចមួយរូប ទាំងគ្នាស្រែកយំ លើកដៃសំពះអង្វ សុំការសណ្ដោសចំពោះខ្លួននោះ?
គ្មាន«សិទ្ធិមនុស្ស»ទេ សម្រាប់បណ្ដាជនម៉ូស្លីម...
បណ្ដាជនម៉ូស្លីម នៅក្នុងប្រទេសកាន់សាសនាឥស្លាមជាច្រើន បានផ្ទុះកំហឹងឡើង ហើយបន្ទោសទៅអង្គការសហប្រជាជាតិវិញថា បានបិទភ្នែក មិនមើលឃើញពីសកម្មភាព «រំលោភសិទ្ធិមនុស្ស» ដែលកំពុងកើតមាន នៅក្នុងប្រទេសភូមា និងដែលបានបង្ហាញ តាមរយៈវីដេអូទាំងនេះ។ អ្នកខ្លះបាននិយាយថា៖ «សិទ្ធិមនុស្ស មិនមានសម្រាប់បណ្ដាជនម៉ូស្លីមទេ»។
ប៉ុន្តែមកដល់ថ្ងៃនេះ អភូតហេតុដ៏អស្ចារ្យបានថមថយទៅវិញ ហើយការខឹងសម្បារ បានវិលត្រឡប់ ទៅរកភាពស្ងប់ស្ងៀមវិញ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា បានចុះផ្សាយជាច្រើនអត្ថបទ និងជាច្រើនថ្ងៃ ទាក់ទងនឹងហេតុការណ៍នេះ ដែលបានកើតឡើង នៅក្នុងទឹកដីកម្ពុជា នៃខេត្តមណ្ឌលគិរី។
រងឥទ្ធិពល ពីគ្រឿងញៀន...
ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ ដែលមានបណ្ដាញរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ក៏បានជួយលាងសម្អាតមន្ទិស នៅក្នុងសំនុំរឿង ធ្វើទារុណកម្មទៅលើកុមារនេះដែរ។ ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានផ្សាយថា បុរសមានដើមកំណើតហូឡង់ ដែលមានអាយុ៥៣ឆ្នាំ ត្រូវបានតុលាការខេត្តផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ពីបទសមគំនិត និងលាក់ភស្តុតាង ខណៈបុរសជាតិវៀតណាម បានរត់គេចខ្លួន ត្រឡប់ទៅប្រទេសវៀតណាមវិញ មុននឹងត្រូវអាជ្ញាធរនៅទីនោះ ចាប់ខ្លួន។ សារព័ត៌មានវៀតណាម បានរាយការណ៍ថា បុរសជាជនសង្ស័យរូបនេះ បានសារភាព ថាពិតជាបានធ្វើទារុណកម្មលើទារកដ៏តូចនោះមែន តែថានៅពេលធ្វើសកម្មភាពនោះ ខ្លួនបានរងក្រោមឥទ្ធិពលគ្រឿងញៀន។
ចំពោះរដ្ឋាភិបាលភូមាវិញ ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធចំពោះវីដេអូនេះ បានវាយបក ត្រឡប់ទៅសារព័ត៌មានធំៗ ដែលបានចេញផ្សាយរឿងនេះ ទាំងមិនបានដឹងហេតុការណ៍ពិត ថានោះគឺជាយុទ្ធនាការ ដែលផលិតឡើង ដើម្បីបំផ្លាញរូបភាព របស់ប្រទេសខ្លួន។
យ៉ាងណាក៏ដោយ សម្រាប់របាយការណ៍ផ្លូវការ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា បណ្ដាជនម៉ូស្លីមភាគតិច «Rohingya» ដែលរស់នៅក្នុងភាគពាយ័ព្យ នៃប្រទេសភូមា បានរងនូវការ «បោសសម្អាត» យ៉ាងចាស់ដៃ ពីសំណាក់យោធាភូមា។ មកដល់ពេលនេះ បណ្ដាជនម៉ូស្លីមទាំងនោះ មានចំនួនប្រមាណជា ២០ ០០០ នាក់ហើយ ដែលបានរស់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយបានរត់ឆ្លងដែន មកជ្រកកោននៅក្នុងប្រទេសជិតខាង។ ជនភៀសខ្លួនខ្លះ បានរៀបរាប់ពីរឿងរ៉ាវដ៏អាក្រក់ៗ ដែលក្រុមយោធាបានធ្វើ ទៅលើពួកគេ ក្នុងនោះមានការចាប់រំលោភ សេពសន្ធវៈ ការធ្វើទារុណកម្ម ឃាតកម្ម និងការកាប់សម្លាប់ ដោយចេញមុខ៕