រវាង ចន ម៉ាកខេន-ដូណាល់ ត្រាំ ជាជម្លោះតជាតិ
នៅក្នុងគណបក្សតែមួយមែន តែលោក ចន ម៉ាកខេន (John McCain) និងលោក ដូណាល់ ត្រាំ (Donald Trump) ជាធាតុពីរខុសគ្នា ដូចទឹកនិងប្រេង។ លោក ចន ម៉ាកខេន សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ចាស់វស្សា បានបរិហារជាញយដង ពីសុន្ទរកថាពោរពេញ ដោយលក្ខណៈជាតិនិយម និងការបង្ករឿង របស់ប្រធានាធិបតីអាមេរិក ទី៤៥ ដែលមានអតីតភាព ជាអ្នកធ្វើជំនួញម្នាក់។
ហើយនៅប៉ុន្មានថ្ងៃ មុនទទួលអនិច្ចកម្ម លោក ចន ម៉ាកខេន បានសរសេរព្រមាននយោបាយ របស់លោក ដូណាល់ ត្រាំ ថា៖ «យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលដែលយើងយល់ច្រឡំ ពីទឹកចិត្តស្នេហាជាតិរបស់យើង ទៅជាការប្រកួតប្រជែងគ្នា បែបកុលសម្ព័ន្ធ ដែលធ្វើឲ្យកើតមានឡើង នូវការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សា នៅជុំវិញពិភពលោក។ យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលយើងលាក់ខ្លួន នៅពីក្រោយជញ្ជាំង តែយើងមិនបានបំបាត់ ការអាក់អន់ចិត្ត ការស្អប់ខ្ពើម [...]