រវាង ចន ម៉ាកខេន-ដូណាល់ ត្រាំ ជាជម្លោះតជាតិ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ សីហា ២០១៨
- កែប្រែចុងក្រោយ: August 28, 2018
- ប្រធានបទ: ជីវិត-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងគណបក្សតែមួយមែន តែលោក ចន ម៉ាកខេន (John McCain) និងលោក ដូណាល់ ត្រាំ (Donald Trump) ជាធាតុពីរខុសគ្នា ដូចទឹកនិងប្រេង។ លោក ចន ម៉ាកខេន សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ចាស់វស្សា បានបរិហារជាញយដង ពីសុន្ទរកថាពោរពេញ ដោយលក្ខណៈជាតិនិយម និងការបង្ករឿង របស់ប្រធានាធិបតីអាមេរិក ទី៤៥ ដែលមានអតីតភាព ជាអ្នកធ្វើជំនួញម្នាក់។
ហើយនៅប៉ុន្មានថ្ងៃ មុនទទួលអនិច្ចកម្ម លោក ចន ម៉ាកខេន បានសរសេរព្រមាននយោបាយ របស់លោក ដូណាល់ ត្រាំ ថា៖ «យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលដែលយើងយល់ច្រឡំ ពីទឹកចិត្តស្នេហាជាតិរបស់យើង ទៅជាការប្រកួតប្រជែងគ្នា បែបកុលសម្ព័ន្ធ ដែលធ្វើឲ្យកើតមានឡើង នូវការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សា នៅជុំវិញពិភពលោក។ យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលយើងលាក់ខ្លួន នៅពីក្រោយជញ្ជាំង តែយើងមិនបានបំបាត់ ការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សានោះទេ។»។
អ្នកនយោបាយចាស់វស្សាអាមេរិករូបនេះ គឺជាអតីតអ្នកបើកយន្ដហោះចម្បាំង ដែលរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម ហើយក៏ជាបេក្ខជនប្រធាធិបតី ឆ្នាំ២០០៨ ដែរ។ លោកបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជន្នាយុ ៨១ឆ្នាំ ដោយសាររោគមហារីកខួរក្បាល ដែលបានយាយីលោក តាំងពី១ឆ្នាំមកហើយ។
បុណ្យសពលោក ចន ម៉ាកខេន ដែលនឹងត្រូវរៀបចំឡើង ជាលក្ខណៈបុណ្យជាតិអាមេរិក នៅថ្ងៃសៅរ៍ខាងមុខ នឹងគ្មានវត្តមានចូលរួម របស់លោក ដូណាល់ ត្រាំ ទេ។ ផ្ទុយទៅវិញ លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោក ចក ប៊ូស (George W. Bush) អតីតប្រធានាធិបតី មកពីគណបក្សធំទាំងពីរ នឹងត្រូវឡើងថ្លែង ធ្វើវិយោគកថា នៅក្នុងកម្មវិធីនោះ ដែលគ្រោងធ្វើ ក្នុងព្រះវិហារកាតូលិក ដែលធំនិងសំខាន់ជាងគេ នៃរដ្ឋធានី វ៉ាស៊ីនតោន។
ផ្ទុយពីអនុប្រធានាធិបតី និងអ្នកស្រី មេឡានី ត្រាំ ជាភរិយា, លោក ដូណាល់ ត្រាំ មិនបាននិយាយអ្វីច្រើន ក្រៅតែពីពាក្យប៉ុន្មានម៉ាត់ ដែលត្រូវបានលោកបង្ហោះ នៅលើទំព័រទ្វីសធើរ កាលពីថ្ងៃសៅរ៍ ប៉ុន្មាននាទីបន្ទាប់ដំណឹងមរណភាព នៃលោក ចន ម៉ាកខេន បានធ្លាក់មកដល់ទេ។ លោក ត្រាំ បានសរសេរថា៖ «សូមចូលរួមមរណៈទុក្ខ និងសំដែងការគោរព ដ៏ស្មោះបំផុត ចំពោះគ្រួសារព្រឹទ្ធសមាជិក ចន ម៉ាក់ខេន។ បេះដូង និងការបន់ស្រន់របស់យើង គឺនៅជាមួយអ្នក!»។
ប៉ុន្តែភាពស្ងាត់ស្ងៀម របស់លោក ដូណាល់ ត្រាំ មិនទទួលបានការស្វាគមន៍ជាទូទៅ នៅក្នុងប្រទេសលោកទេ និងនៅទីបំផុត ភាពស្ងាត់ស្ងៀមនេះ បានបិទបញ្ចប់ទៅ ដោយបញ្ជាថ្មីរបស់ប្រធានាធិបតី ឲ្យបង្ហូតទង់ជាតិអាមេរិក នៅពាក់កណ្ដាលដង ដើម្បីបង្ហាញពីមរណទុក្ខថ្នាក់ជាតិ ឧទ្ទិសជូនលោក ចន ម៉ាកខេន។
លោក ត្រាំ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទ អះអាងពីបទបញ្ជខាងលើ ដោយមិនភ្លេចផងទេ ពីការលើកឡើងនៃវីរភាព ប្រមាណជា ៦០ឆ្នាំ របស់លោក ចន ម៉ាកខេន ក្នុងការបម្រើសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក បានសរសេរថា៖ «ថ្វីបើមានភាពខុសគ្នា ផ្នែកនយោបាយក៏ដោយ តែខ្ញុំគោរពការប្តេជ្ញាចិត្ត នៃព្រឹទ្ធសមាជិក ចន ម៉ាកខេន ចំពោះប្រទេសជាតិ របស់យើង»។
តាំងពីច្រើនខែមកហើយ សារព័ត៌មានអាមេរិកជាច្រើន បានលើកឡើង ពីបណ្ដាំចុងក្រោយ របស់លោក ចន ម៉ាកខេន ថាលោកមិនចង់ឲ្យលោក ដូណាល់ ត្រាំ (Donald Trump) ចូលរួមក្នុងបុណ្យសពរបស់លោកទេ។ ហើយបំណងរបស់លោកព្រឹទ្ធសមាជិក ក៏មិនមែនគ្មានឫសគល់ ច្បាស់លាស់នោះដែរ បើសិនជាគេត្រឡប់ទៅមើល ជម្លោះពាក្យសំដី រវាងរដ្ឋបុរសទាំងពីរ នៅក្នុងពេលកន្លងមក។
នៅក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ លោក ចន ម៉ាកខេន ជាមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សសាធារណរដ្ឋ ដែលប្រកាសដោយចេញមុខ មិនគាំទ្រលោក ដូណាល់ ត្រាំ និងមិនបោះឆ្នោត ជូនលោកទេ។ នៅពេលលោក ត្រាំ ដាក់បេក្ខភាពដំបូង នៅក្នុងជួរគណបក្ស ឆ្នាំ២០១៥ លោក ចន ម៉ាកខេន បានលើកឡើងថា អតីតមហាសេដ្ឋី ត្រាំ បានបញ្ឆេះ «មនុស្សឆ្កួត» ជាមួយនឹងសុន្ទរកថាប្រឆាំងជនអន្តោរប្រវេសន៍។ ប្រតិកម្មតបវិញ លោក ត្រាំ បានហៅលោកព្រឹទ្ធសមាជិក ថាជាមនុស្ស «ល្ងីល្ងើ» ម្នាក់។
ប៉ុន្តែលោក ត្រាំ បានធ្វើឲ្យផ្ទុះការក្ដៅក្រហាយ នៅលើផ្ទៃប្រទេស បន្ទាប់ពីលោក បានតបទៅលោក ម៉ាកខេន នៅពេលនោះថា៖ «គាត់មិនមែនជាវីរបុរស នៃសង្គ្រាម [នៅវៀតណាម] ទេ។ គាត់គ្រាន់តែជាវីរបុរស ដោយសារគាត់ ត្រូវបានគេចាប់ខ្លួនប៉ុណ្ណោះ។ (...) ហើយខ្ញុំចូលចិត្តនរណាក៏ដោយ ដែលមិនត្រូវបាន ឲ្យគេចាប់ខ្លួន។»។
ប៉ុន្តែសង្គ្រាមពាក្យសំដីប៉ណ្ណេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ព្រោះនៅក្នុងសំនុំរឿងជាច្រើន ក្នុងពេលក្រោយៗមក ដូចជាការលូកលាន់ របស់វិមានក្រឹមឡាំង (រ៉ុស្ស៊ី) នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ឬការព្យួរប្រព័ន្ធជំនួយផ្នែកសុខភាព «Obamacare» ជាដើម លោក ចន ម៉ាកខេន ជាមន្ត្រីជាន់ខ្ពស់ និងដ៏សំខាន់ ចេញពីគណបក្សសាធារណរដ្ឋ (មានសម្លេងភាគច្រើន) ដែលប្រឆាំងដោយចំហរ ទៅនឹងនយោបាយ ឬជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ជាជម្លោះតជាតិ រហូតដល់ដង្ហើមចុងក្រោយ៕