ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 14, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ រវាង បារ៉ាក់ អូបាម៉ា និង ម៉ាត៍ រ៉ូមណី កំពុងត្រូវបានពង្រឹងរៀងៗខ្លួន
នៅសល់ប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកាំងនឹងឈានមកដល់ ហើយ យុទ្ធនាការឃោសនាកំពុងបន្ដឹងសសៃករដាក់គ្នាទាំងសងខាង ហាក់ដូចជាបាននឹងកំពុងបំបែកទស្សនៈនយោបាយ ទូទៅ ក្នុងស្រទាប់ពលរដ្ឋអាមេរិកាំងអ្នកទៅបោះឆ្នោត។ ក្រោយពីការដើរចេញរបស់គូប្រជែងក្នុងគណបក្សតែមួយ គឺលោក រីគ សាន់តូរូម និងបន្ទាប់ពីត្រូវបាន ជ្រើសរើសជាផ្លូវការដោយគណបក្សរបស់គាត់រួចមក លោក ម៉ាត៍ រ៉ូមណី ត្រូវទទួលបន្ទុក ត្រួសត្រាយដងផ្លូវមួយ ដែលជារូបភាពនយោបាយរបស់ពួកអ្នកសាធារណរដ្ឋ សំរាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៦វិច្ឆិការ ឆ្នាំ២០១២ នាពេលខាងមុខនេះ។
ពួកអ្នកនៅក្នុងគណបក្សប្រជាធិបតេយ្យ បង្អាប់ពីភាពគ្រោតគ្រៀតរបស់ លោក ម៉ាត៍ រ៉ូមណី
ក្រុមអ្នកធ្វើការឃោសនាបោះឆ្នោតរបស់លោក បារ៉ាក់ អូបាម៉ា បានបង្កើនសំលេងទ្វេដង នូវយុទ្ធនាការប្រឆាំងលោក ម៉ាត៍ រ៉ូមណី អតីតចៅហ្វាយក្រុង ម៉ាសាឈូសេត ដោយបានចាក់ផ្សាយខ្សែរវីដេអូមួយ ដែលនិយាយពី សភាពអភិរក្សនិយមរបស់ លោក ម៉ាត៍ រ៉ូមណី ជាពិសេសនៅពេលដែលលោកធ្វើយុទ្ធនាការបោះឆ្នោតក្នុងដំណាក់កាលដំបូង (នៅក្នុងរង្វង់គណបក្ស)។ ពាក្យឃោសនាជាច្រើនបានផ្សព្វផ្សាយ ពីក្ដីសង្ឃឹម និងការផ្លាស់ប្ដូរ ដូចកាលដែលលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានធ្វើ កាលពីឆ្នាំ២០០៨ ដើម្បីជាប់ជាប្រធានាធិបតីស្បែកខ្មៅជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអាមេរិច តែនៅឆ្នាំ ២០១២នេះ រាល់ការឃោសនារបស់គណបក្សប្រជាធិបតេយ្យ ក៏ដូចជាខាងសាធារណរដ្ឋ សឹងតែបានក្លាយទៅជាយុទ្ធនាការ កាច់បំបាក់គូប្រជែង តាមរយះភាពគ្រោតគ្រាតខ្លាំង ឬចំនុចខ្សោយរបស់បេក្ខជនទៅវិញ។
និយាយមែនទែនទៅ លោក បារ៉ាក់ អូបាម៉ា មិនអាចធ្វើការឃោសនាដោយលើកយកពី លទ្ធផលបូកសរុប ពីខាងសេដ្ឋកិច្ច ភាពគ្មានការងារធ្វើរបស់ពលរដ្ឋ ឬការកើនឡើងកាន់តែខ្ពស់ នៃការចំណាយសាធារណៈ ដែលគាត់បានកាន់អំណាច តាំងពី៤ឆ្នាំមកហើយនោះទេ។ គាត់ត្រូវទាក់ទាញអ្នកបោះឆ្នោតរបស់គាត់ តែនៅលើប្រធានបទដែលនិយាយពីការ លើកស្ទួយពួកអ្នកមានជីវភាពកណ្ដាល ឬមធ្យម មានយ៉ាងក្រាសក្រែលនៅអាមេរិច ជាមួយនឹងការតម្លើងពន្ធអាករទៅលើ អ្នកមានកំពូលៗ ដែលខុសគ្នាទាំងស្រុងពីលោក ម៉ាត៍ រ៉ូមណី ជាអតីតអ្នកវិនិយោគទុនដ៏ធំមួយ ក្នុងការរករបរទទួលទាន ពីមុនផងដែនោះ។ លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ពីភាពខុសគ្នាស្រឡះរវាងទស្សនវិស័យរបស់គាត់ និងគូរប្រជែងលោក ម៉ាត៍ រ៉ូមណី ដែលមិនដែលធ្លាប់មានទេតាំងពីឆ្នាំ ១៩៦៤មក។ កាលពីសម័យនោះលោក ឡីនដុន ចនហ្សុន បេក្ខជនមកពី គណបក្សប្រជាធិបតេយ្យ បានឈ្នះយ៉ាងលើសលប់លើលោក បេរី ហ្គូដវេធើ បេក្ខជន«អភិរក្សនិយម»មកពីគណបក្ស សាធារណរដ្ឋ។
ចំណែកខាងលោក ម៉ាត៍ រ៉ូមណី វិញបានធ្វើខ្លួនដូចជា អ្នកជំនួញនិយមការអភិរក្ស មានគំរោងកាត់បន្ថយពន្ធអាករទៅលើ ក្រុមហ៊ុនរកទទួលទានទាំងឡាយ ហើយនិងមានគំរោងបញ្ចប់នយោបាយសន្តិភាពនិយមរបស់លោក បារ៉ាក់ អូបាម៉ា ជាមួយប្រទេសគូរសត្រូវ ដូចយ៉ាងប្រទេសអ៊ីរ៉ង់ជាដើមនោះ។ គាត់បាននិយាយថា «នៅក្រោមសម័យកាលរបស់លោក បារ៉ាក់ អូបាម៉ា អាមេរិចមិនមានដំណើរការទៅមុខនោះទេ។ ហើយជាងពេលណាទាំងអស់ រាប់តាំងពីឆ្នាំ១៩៣០មក ដែលឱកាសមានការងារធ្វើ បានបាត់បង់ច្រើនជាងគេ»។
ការបោះឆ្នោតដែលមើលទៅលទ្ធផល ទំនងជាមានភាពប្រកិតគ្នា
រហូតមកទល់បច្ចុប្បន្ន លោក បារ៉ាក់ អូបាម៉ា មានប្រជាប្រិយភាពច្រើនជាងលោក ម៉ាត៍ រ៉ូមណី។ តាមការស្ទង់មតិរបស់ វ៉ាស៊ីនតោនប៉ុស្ដិ៍ និង អេប៊ីស៊ី បានបង្ហាញថា លោកប្រធានាធិបតីផុតតំណែង នឹងឈ្នះនូវសំលេង ៥១% ទល់នឹង ៤៤% របស់បេក្ខជនប្រជែង។ ប៉ុន្ដែ ការគំរាមគំហែង លើបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស វិបត្តិហិរញ្ញវត្ថុនៅអ៊ឺរ៉ុប ឬក៏ការប្រណាំង ប្រជែងផ្នែកប្រេងឥធនៈ អាចឆក់យកគ្រប់ពេលវេលាទាំងអស់ នូវជ័យជំនះពីលោកប្រធានាធិបតីផុតអាណត្តិរូបនេះ។ អ្នក សិ្នតនឹងលោក បារ៉ាក់ អូបាម៉ា ម្នាក់បាននិយាយបា្រប់ ដោយសុំមិនបញ្ចេញឈ្នោះ ថា «តាមយោបល់របស់យើង នេះជាការ បោះឆ្នោត ដែលមានភាពប្រផិតប្រផើយគ្នាជាទីបំផុត»។ ហើយក្រុមប្រឹក្សកំពូលរបស់រដ្ឋដែលព្រឹទ្ធបុរសភាគច្រើន ជាអ្នក អភិរក្សនោះ អាចនឹងដើតួយ៉ាងសំខាន់ក្នុងការឃោសនាបោះឆ្នោតនេះ ខណៈពេលដែលនឹងត្រូវចេញសាលក្រម ក្នុង អំឡុងខែមិថុនាខាងមុខ ការអនុម័ត្រលើការកែទំរង់ដ៏សំខាន់មួយរបស់លោក បារ៉ាក់ អូបាម៉ា ក្នុងការធានារ៉ាប់រងសុខភាព សាធារណៈ។
រាល់ព្រឹទ្ធបុរសដ៏កំពូលរបស់អាមេរិចទាំងនេះ ធ្លាប់បានសំរេចរួចហើយ លើគំរោងថវិការសំរាប់ការឃោសនាបោះឆ្នោតជាតិ ដែលក្នុងការសំរេចនោះ បើកអោយមានប្រអប់មួយអាចទទួលថវិការបានពីខាងក្រុមហ៊ុនឯកជននានាបាន។ ការសំរេចនេះ ផ្ដល់ការអនុគ្រោះយ៉ាងច្រើនដល់ លោក ម៉ាត៍ រ៉ូមណី បើទោះជាលោកបារ៉ាក់ អូបាម៉ា បានដើរទៅមុន គូរប្រជែងរបស់គាត់ ខណៈពេលដំណាក់កាលដំបូងនៃការឃោសនា ក្នុងការកោះហៅប្រជុំដើម្បីរៃអង្គាស ពីអ្នកឧបត្ថម្ភយុទ្ធនាការនេះក៏ដោយ។
តែទោះជាអ្នកណាឈ្នះក៏ដោយ ក៏គេត្រូវនៅយ៉ាងជិតស្និតជាមួយនឹងរដ្ឋសភា ដើម្បីធ្វើការសំរេចលើសភាពជាក់ស្ដែងរបស់ ប្រទេស ដែលមិនជាអំណោយផលប៉ុន្មានទេ បើនិយាយគំរោងថវិការ លើរាល់ការចំណាយសាធារណៈផ្សេងៗ ជាពិសេស ការជំពាក់យ៉ាងក្រាសក្រែល និងការបន្ថយពន្ធ ដែលបន្សល់ទុក ពីសម័យកាលលោក ហ្សក ដាប់បែលយូ ប៊ូស៕
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េ AFP
Crédit Photo : AFP