ជុំវិញ រូបចំលាក់អាយុជាងមួយពាន់ឆ្នាំ របស់ខ្មែរ នៅទីក្រុងញ៉ូយក

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីភ្នាក់ងារពត៌មានបារាំងអាអេហ្វប៉េ AFP បានធ្វើរបាយការណ៍ និយាយពីរូបចំលាក់ ជាស្នាដៃដ៏អស្ចារ្យរបស់សិល្បៈខ្មែរ​បូរាណមួយនេះ ត្រូវបានគេដំអក់ទុក តាំងតែពីជាងមួយឆ្នាំកន្លងមកហើយ នៅទីក្រុងញ៉ូយក ប្រទេសអាមេរិច បន្ទាប់ពី រដ្ឋាភិបាលខ្មែរសំណូមពរ អោយដកចេញពីការដេញថ្លៃមួយ និងបញ្ជូនត្រឡប់មកប្រទេសដើមវិញនោះ។

គ្មានដំណោះស្រាយណាមួយ ត្រូវបានគេរកឃើញនៅឡើយ នៅពេលដែលរដ្ឋអាជ្ញា របស់សង្កាត់ម៉ាណាតាន់ ទីក្រុងញ៉ូយក បានប្ដឹងទៅតុលាការកាលពីថ្ងៃទី៤ខែមេសា អោយដកទុករូបចំលាក់ ដែលមានឈ្មោះថា "Duryodhana bondissant" ពីគ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's ដើម្បីគេអាចបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ ខាងរដ្ឋអាជ្ញា បាននិយាយនៅក្នុង សេចក្ដីជូនដំណឹងមួយថា រូបចំលាក់ពីថ្មគ្រែសនេះ ត្រូវបានគេលួចពីកន្លែងដើមរបស់វា នៅកោះកែ ហើយវាជាផ្នែកមួយនៃ សម្បតិវប្បធម៌ខ្មែរ។ គ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's​ បានច្រានចោលការចោទប្រកាន់ ទាំងនេះ ខណៈចៅក្រមម្នាក់បានហាមមិនអោយ ដាក់រូបចំលាក់នេះអោយដេញថ្លៃ ឬធ្វើការដោះដូរ ផ្សេងៗនោះ។

គ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's បានរៀបចំដាក់អោយដេញថ្លៃរូបចំលាក់នេះ យ៉ាងធំមួយកាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១កន្លងទៅ តែមានការអាក់ខានទៅវិញនៅមុនពេលរៀបដាក់លក់នោះបន្តិច បណ្ដាលមកពីសំបុត្រតវ៉ាមួយរបស់ អាជ្ញាធរខ្មែរ បានទៅដល់ដោយមានអន្តរាគមន៍ពីខាងយូនេស្កូផង បានស្នើសុំអោយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។

លោក ហាប់ ទូច ប្រធាននាយកដ្ឋាន បិតិកភ័ណ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បាននិយាយប្រាប់ទីភ្នាក់ងារ ពត៌មានបារាំង អាអេហ្វប៉េ AFP ថា «យើងបានសុំអោយមានការដកចេញពីការដេញថ្លៃ ដោយសាររូបចំលាក់នេះ ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់ ហើយយើងសង្ឃឹមថា វានឹងវិលត្រឡប់មកវីញក្នុងពេលឆាប់ៗខាងមុខនេះ»។​

រីឯលោកបូរាណវិទូ អេរិច បួរដូណូ Eric Bourdonneau នៅសាលាបារាំងចុងបូព៌ា ដែលធ្លាប់បានធ្វើការនៅនឹងតំបន់កោះកែ ចំងាយប្រមាណជា ៨០គីឡូម៉ែត្រពីរមនីយដ្ឋានបិតិកភ័ណអង្គរ តាំងពីឆ្នាំ២០០៩មក ក៏បានបញ្ជាក់ថា «រូបចំលាក់ដ៏កំរនេះ អាចត្រូវបានគាស់រំលើងចេញពីកន្លែងដើមរបស់វា ពីព្រោះ ជើង និងទ្រនរទ្រាប់របស់វា នៅមានរហូតដល់សព្វថ្ងៃ»។

វាជាផ្នែកមួយ នៃក្បាច់ចំលាក់ រាងជាអ្នកប្រយុទ្ធ នៅក្នុងសម័យកាលពីរ នៃរាមកេរ្ដិ៍ខ្មែរ។ ហើយរូបមួយទៀត មានឈ្មោះថា បៀមា បាក់ចេញត្រឹមជើងដូចគ្នា សព្វថ្ងៃតាំងនៅសារមន្ទី ណ័រតុន ស៊ីមុន Norton Simon នៅបាសាដ័រណា Pasadena នៃរដ្ឋកាលីហ្វ័រនី Californie ប្រទេសអាមេរិច។

អ្នកជំនាញម្នាក់បាននិយាយថា «មានរបស់ជាច្រើន ដែលគេបានគិតឃើញថា ដូចជាបានយកចេញទៅតាំងពីអំឡុង ទស្សវត្តទី៧០ ហើយវាមិនមែនដូចរូបចំលាក់ឯទៀតៗទេ តែជាស្នាដៃដ៏កំពូលៗ បញ្ជាក់ពីសម័យកាលអង្គរដ៏រុងរឿង»។

រូបចំលាក់ Duryodhana bondissant ត្រូវបានគេលក់ដេញថ្លៃជាលើកដំបូង នៅឆ្នាំ ១៩៧៥ នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទៅអោយអ្នកប្រមូលទិញម្នាក់ជាជនជាតិ បែលហ្សិក។ វាមានកំពស់១,៥៨មែត្រ ទំងន់១១០គីឡូក្រាម ដាច់ត្រឹមជើង និងដៃបាក់ទាំងសងខាង ត្រូវបានគេប៉ាន់ប្រមាណតំលៃប្រហែលជា ២ទៅ៣លានដុល្លាអាមេរិច។

បើតាមលោករដ្ឋអាជ្ញា គ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's បាននាំចូលទៅប្រទេសអាមេរិច ដើម្បីលក់បន្ត តាមការស្នើសុំរបស់ម្ចាស់រូបចំលាក់នេះ ទោះជាគ្រឹះស្ថានដេញថ្លៃនេះបានដឹងថា រូបចំលាក់នេះត្រូវបានលួចចេញពី កោះកែក៏ដោយ។​​ ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ពីសារអេឡិចត្រូនិកមួយរបស់អ្នកជំនាញ កាលពីឆ្នាំ២០១០ ដែលប្រាប់ទៅគ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's ថាមិនគួរនឹងធ្វើការលក់ដោះដូររូបចំលាក់ ដែលត្រូវគេលួចពី កន្លែងដើម មួយនេះទេ។

ខាងគ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's វិញបានចេញសេចក្ដីប្រកាសមួយ ថ្លែងពីភាពស្រប់ច្បាប់នៃការនាំចូល ទៅអាមេរិច និងនិយាយថា «ម្ចាស់រូបចំលាក់នេះជាមនុស្សត្រឹមត្រូវ ហើយបានទទួលសិទ្ធិជាម្ចាស់ តាំងតែពីជាង៤០ឆ្នាំ កន្លងមកហើយ។ គ្មានឯកសារណាមួយដែលថា រូបចំលាក់បានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេល ជា១០០០ឆ្នាំ មកនេះទេ»។

សូមបញ្ជាក់ថា តាមច្បាប់និងសន្ធិសញ្ញាការពារវត្ថុបិតិកភ័ណអន្តរជាតិ ថ្ងៃខែដែលរូបចំលាក់ត្រូវបាននាំចេញពីប្រទេស កម្ពុជា មានលក្ខណៈសំខាន់ណាស់ ដើម្បីបង្ហាញថា វាពិតជាត្រូវបានលួចចេញពីកម្ពុជាពិតប្រាកដមែននោះ។

គ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's បានបន្ថែមថា «តាំងពីជាងមួយឆ្នាំហើយ ដែលយើងបានជជែកជាមួយរដ្ឋាភិបាល ខ្មែរ ក៏ដូចជារដ្ឋាភិបាលអាមេរិកាំង (...) ហើយយើងមានការខកចិត្ត នឹងពាក្យបណ្ដឹងនេះដែលបានផ្ដាច់ការសន្ទនា និងការ ខិតខំប្រឹងប្រែងទាំងឡាយ ដែលអាចឈានទៅរកដំណោះស្រាយមួយ ទទួលបានទាំងសងខាង»៕

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២
ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េ AFP
Crédit Photo AFP
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...