លី ហួរ អ្នកឆ្លាក់រូបព្រះវ័យក្មេង មានទេពកោសល្យពីកំណើត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 26, 2015
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារាដែលមានជំនាញ ឆ្លាក់រូបព្រះជាច្រើននេះ ឈ្មោះ លី ហួរ អាយុ១០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដែលកំពុងសិក្សាថ្នាក់ទី៣ នៃសាលាបឋមសិក្សា ស្ទឹងមានជ័យ សព្វថ្ងៃ។
តាមរយៈកាជួបផ្ទាល់ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្មេងប្រុសម្នាក់នេះបានឲ្យដឹងថា ប្អូនមានចំណូលចិត្តឆ្លាក់រូបនេះ តាំងពីនៅតូចមកម្លេះ ដោយមិនបានរៀន ពីអ្នកណានោះទេ គ្រាន់តែពេលខ្លះបានឃើញពូរបស់កុមារ បានធ្វើរូបនេះ ម្តងម្កាលប៉ុណ្ណោះ។
តែដោយកុមារមានទេព្យកោសល្យ ខាងគំនូរចំលាក់នេះ បានធ្វើឲ្យកុមារា លី ហួរ ដែលជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ ឆ្លាក់រូបព្រះបានយ៉ាងស្អាតបែបនេះ។ កុមារាខាងលើ បានរៀបរាប់ថា ប្អូនគ្មានលុយទៅសាលារៀនទេ ពេលខ្លះមិត្តភក្កិរបស់ខ្លួន បានជាវរូបព្រះទាំងនោះពីប្អូនព្រោះពួកគេស្រឡាញ់ ដើម្បីប្អូនបានលិយទៅសាលារៀន។កុមារានិយាយថា៖ «ខ្ញុំចង់ក្លាយជាអ្នកឆ្លាក់រូបអាជីព»។
ម្ដាយកុមារ អ្នកស្រី ងួន ចាន់ធឿន បានឲ្យទស្សនាវដ្តីដឹង ក្នុងពេលជាមួយគ្នានេះដែរថា អ្នកស្រីមិនដែលបង្ហាត់បង្ហាញគេម្តងណាទេ មានតែប្រាប់ថា ឲ្យខំប្រឹងប្រែងរៀនសូត្ រទាន់ខ្លួននៅក្មេង។ កូនគាត់ម្នាក់នេះ នៅតែខំធ្វើរូបព្រះ ដោយយកចិត្តទុកដាក់ ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្តថា គាត់នឹងគ្រួសារសប្បាយចិត្តណាស់ នៅពេលដែលកូនរបស់គាត់ មានទេព្យកោសល្យទាំងនៅតូចបែបនេះ តែអ្វីដែលអ្នកស្រីមិនអាជួយកូនបាន គឺពង្រឹងជំនាញរបស់គេ។ អ្នកស្រីបានស្រដីថា៖ «ខ្ញុំគ្មានលទ្ធភាពគ្រប់គ្រាន់ឲ្យ វារៀនជំនាញនេះបន្ថែម ព្រោះគ្រួសារខ្ញុំក្រ»។
អ្នកជិតខាងម្នាក់អ្នកស្រី ស៊ិន ស៊ីថេន ឲ្យដឹងថា គាត់ស្រឡាញ់ក្មេងម្នាក់នេះណាស់ ព្រោះគេឆ្លាត តែងតែមកធ្វើចម្លាក់រូបព្រះទាំងអស់ នៅផ្ទះរបស់គាត់ដែលនៅជិតគ្នា។ ក្នុងនោះដែរ អ្នកស្រីថា មិនដែលហាមឃាត់ក្មេងនេះឡើយ ថែមទាំងបានចែកចាយ ឲ្យអ្នកផ្សេងបានដឹង ពីស្នាដៃដ៏ល្អរបស់គេផងដែរ ក្នុងគោលបំណង ចង់ជួយដល់កុមារា លី ហួរ ឲ្យបានរៀនសូត្រ នូវមុខជំនាញនេះបានរឹងមាំ។ ហើយគេជាក្មេងម្នាក់ ដែលមានការតស៊ូព្យាយាមប្រឹងប្រែង។
ម្តាយកុមារនេះ បានបង្ហើបប្រាប់ថា កាលពីគេមានអាយុ៩ឆ្នាំ គេធ្លាប់បានប្រកួតខាងផ្នែកគំនូរ ជាមួយកុមារជាច្រើន នៅអង្គការពិភពលោកមួយ ដែលបានជ្រើសយករូបគំនូររបស់គេ ទៅក្រៅប្រទេស បន្ទាប់ពីនោះទៀត គាត់បានព្យាយាមរកអង្គការផ្សេងៗ ដើម្បីកូនរបស់គាត់ បានសម្រេចបំណងនេះ តែរហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមិនទាន់បានចូលជាសិស្ស ក្នុងវិស័យសិល្បៈនៅឡើយ៕