មោទនភាពជាតិ - ការសិក្សា ស្វែងយល់

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: February 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ១៧ កុម្ភៈ ឆ្នាំ ២០១២

តើមោទនភាពជាតិជាអ្វី?

មោទនភាពជាតិជា សមាសនាម កើតមកពីនាមពីរបូកបញ្ចូលគ្នា គឺ មោទនភាព+ជាតិ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- មោទនភាព ឬមោទនា ឬអនុមោទនា៖ មានន័យថា ការរីករាយ ការស្រស់ស្រាយសប្បាយចិត្ត សេចក្តីត្រេកអរ។
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យមោទនភាពជាតិថា៖ ជាការរីករាយ ការស្រស់ស្រាយ សប្បាយចិត្ត នឹងប្រភពឈាមជ័រ របស់ខ្លួន។

តើមោទនភាពជាតិមានឥទ្ធិពលបែបណាខ្លះសម្រាប់ពិភពលោក?

មនុស្ស គឺជាជំពូកសត្វមួយប្រភេទ ដែលមានប្រាជ្ញាស្មារតីជាងគេនៅក្នុងចំណោមសត្វទាំងឡាយ នៅក្នុងពិភពលោកយើងនេះ។ តាំងតែពីសម័យបុរាណមកម្លេះ ដែលមនុស្សចេះបង្កើត ឬកសាងអ្វីៗសម្រាប់ សេចក្តីសុខផ្ទាល់ខ្លួន ក៏ដូចជាសហគមន៍។ ជាក់ស្តែងការបង្កើតជាគ្រួសារ កុលសម្ព័ន្ធ ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត ក្រុង ប្រទេស រហូតដល់ទៅតំបន់ ក៏អាស្រ័យដោយប្រាជ្ញាមនុស្ស។ ការបង្កើតបានជាសហគមន៍នេះ មិនយូរប៉ុន្មានក៏បានបង្កើត ឲ្យមានអត្តសញ្ញាណប្លែកគ្នាជាច្រើន ដែលយើងអាចហៅថា ប្រភេទជាតិកំណើត។ មិនថា ការគិត ការនិយាយស្តី ការស្លៀកពាក់ របៀបរបបរស់នៅ របៀបធ្វើការ ភាសា អក្សរ ម្ហូបអាហារ សំណង់ ស្ថាបត្យកម្ម...ល។ គឺទម្រង់ក្រុមឬតំបន់នីមួយៗ តែងតែឲ្យតម្លៃខុសៗគ្នាជានិច្ច។

ឧទាហរណ៍៖ បើនិយាយពីស្ថាបត្យកម្ម នៅប្រទេសខ្មែរ គេឲ្យតម្លៃខ្លាំងទៅលើប្រាសាទអង្គវត្ត នៅប្រទេសចិនគេឲ្យតម្លៃ ទៅលើមហាកំពែង នៅប្រទេសបារាំងគេឲ្យតម្លៃទៅលើ ទួរអ៊ែហ្វែល ឬវិមានស្ដេចនៅ ​ហ្វែកសាយ Verssailles នៅអេហ្សិប គេឲ្យតម្លៃទៅលើប្រាសាទពីរ៉ាមីត ជាដើម ។ ចំពោះ ចរិតលក្ខណៈវិញ នៅប្រទេសខ្មែរ គេឲ្យតម្លៃ ទៅលើភាពស្លូតបូត សុភាពរាបសារ នៅជប៉ុនគេឲ្យតម្លៃលើភាព ម៉ឺងម៉ាត់ នៅអាមេរិកកាំង បារាំងអង់គ្លេស គេឲ្យតម្លៃទៅលើភាពក្លាហាន។

តើអ្វីទៅ ដែលបានបណ្តាលឲ្យមាន ជាតិកំណើតខុសៗគ្នាបែបនេះ? តើមោទនភាពជាតិមានសារសំខាន់អ្វីខ្លះ សម្រាប់យើងរាល់គ្នា?

តាមការសម្គាល់របស់យើងអ្វីដែលបណ្តាលឲ្យមានភាពប្លែកគ្នាទាំងបែបនេះ គឺ បណ្តាលមកពីបុព្វហេតុពីរសំខាន់ៗ គឺ៖
ក. កត្តាធម្មជាតិ៖ ដែលយើងអាចហៅថា ហ៊្សែន តំណពូជ ឬតំណឈាមជ័រ។
ខ. កត្តាចិត្តសាស្ត្រ៖ គឺមោទនភាពជាតិ ឬក្រុមពួក និងរបៀបនៃការឲ្យតម្លៃខ្លួនតាមក្រុមជាតិនីមួយៗ។

ក្នុងចំណោមកក្តាទាំងពីរខាងលើ កត្តាធម្មជាតិជា រឿងមួយដែលមិនអាចកែប្រែបាន ឬអាចនិយាយថា វាពិបាកណាស់នឹងធ្វើការកែប្រែ ព្រោះថា ហ្ស៊ែនវាស្ថិតនៅក្នុង សាច់ឈាមនៃរាងកាយមនុស្សតែម្តង។ ដោយឡែក កត្តាចិត្តសាស្ត្រ ឬមោទនភាពជាតិ គឺជារឿងមួយ ដែលងាយនឹងប្រែប្រួល គ្រប់ពេល ។ មោទនភាពជាតិ ជាកត្តាសំខាន់ណាស់ សម្រាប់ក្រុមជាតិនីមួយៗ ។ ជាទូទៅ ប្រទេសមួយអាចនឹងរីកចម្រើន ឬអន់ថយ ក៏ដោយសារតែមោទនភាពជាតិនេះឯង។

ជាក់ស្តែង ដោយសារតែមោទនភាពជាតិថា ខ្មែរជាពូជអ្នកប្រាជ្ញ ជាពូជអ្នកជា ជាពូជខ្លាំងពូកែ លើវិស័យស្ថាបត្យកម្ម ទើបបានជា សេ្តច មន្ត្រី សេដ្ឋី កុដុម្ពិកៈ និងរាស្ត្រខ្មែរនាសម័យអង្គរ បានពួតដៃគ្នា យ៉ាងរឹងមាំខិតខំសង់ ប្រាសាទរាប់ពាន់ ទុកជាកេរតំណែលឲ្យ កូនចៅក្រោយបានស្គាល់ រហូតដល់បច្ចុប្បន្ន។

និយាយដោយឡែក នៅឯប្រទេសជប៉ុនឯណោះវិញ លោកមានមោទនភាពថា ជនជាតិរបស់លោក គឺជាជនតស៊ូអត់ធ្មត់ខ្លាំងក្លា ជាទីបំផុត ទោះជាមានការលំបាក យ៉ាងណាក៏ដោយ រសាត់អណ្តែតទៅដល់ទីណាក៏ដោយ ក៏ជប៉ុននៅតែមានការតាំងចិត្តយ៉ាងមុតមាំថា ជនជាតិ ជប៉ុនត្រូវតែខិតខំតស៊ូជានិច្ច ហ៊ានក្រោកឡើង ជំនះគ្រប់ឧបសគ្គផងទាំងពួក លុះត្រាតែបានជ័យជំនះ សម្រាប់ប្រទេសរបស់ខ្លួន។ យ៉ាងណាម៉ិញ មិនទាំងដល់ហាសិបឆ្នាំផង ជប៉ុនបានស្តារ ប្រទេសរបស់ខ្លួនពីការខ្ទេចខ្ទាំពីសង្គ្រាម លោកលើកទីពីរគួរជាទីមោទនៈ ដោយអាចសងបំណុលសង្គ្រាម រួចនិងថែមទាំងក្លាយជា មហាអំណាចសេដ្ឋកិច្ច ទីពីរ ( ធ្លាក់មកនៅ ទីបី នាពេលបច្ចុប្បន្ន បន្ទាប់ពីអាមេរិក និងចិន) ថែមទៀតផង។

សញ្ញាណាខ្លះដែលបានបញ្ជាក់ថា មនុស្សម្នាក់មានមោទនភាពជាតិ?

លក្ខណៈសម្គាល់មនុស្សម្នាក់ថា មានមោទនភាពជាតិ មានដូចជា៖
ក. ធ្វើអ្វីៗតែងតែគិតទៅដល់ ការរក្សាមុខមាត់ និងកិត្តិយសជូនជាតិមាតុភូមិរបស់ខ្លួន។
ខ. ទៅដល់ទីកន្លែងណាក៏ដោយ ក៏នៅតែប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់ សាសនា ភាសា អក្សរ រាប់តាំងពីការប្រកបមុខរបរ ការស្លៀកពាក់ ជំនឿ អាហារហូបចុក និងរបៀបនៃទំនាក់ទំនងជាដើម។
គ. តែងតែគិតទៅដល់ចំនុចល្អនានារបស់ជាតិខ្លួន និងផ្សព្វផ្សាយជានិច្ចនូវចំណុចល្អទាំងនោះ ទៅឲ្យអ្នកដទៃទៀតបានដឹង បានស្គាល់ និងបានរៀនសូត្រតាម។
ឃ. ស្គាល់ច្បាស់និងចង់ថែរក្សាជានិច្ចនូវវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ។
ង. មិនព្រមលះបង់ការព្យាយាមជាដាច់ខាតនៅក្នុងការរិះរកមធ្យោបាយនានាក្នុងការអភិវឌ្ឍជាតិ។
ច. មិនចេះមើលស្រាលលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងអរិយធម៌របស់ជាតិ។
ឆ. មិនបណ្តោយឲ្យបរទេសមកមើលស្រាលឬជាន់ឈ្លី ប្រពៃណី ទំនៀមទម្លាប់ ពូជសាសន៍ ទឹកដី ជាដាច់ខាត។
ជ. តែងតែរក្សានូវភាពយុត្តិធម៌ចំពោះពូជសាសន៍ខ្លួន ក៏ដូចជាពូជសាសន៍ដទៃទៀត។

តើខ្មែរធ្លាប់មានមោទនភាពជាតិអ្វីខ្លះ?

តាំងតែបុរាណកាលមក ខ្មែរមានអ្វីៗល្អច្រើនណាស់ ដែលសុទ្ធតែបានចាត់ទុកថាជាមោទនភាពជាតិ។ ចំនុចទាំងនោះមានដូចជា៖
ក. សំលៀកបំពាក់ប្រពៃណី រាប់រយរបៀប។
ខ. ប្រាសាទថ្មរាប់ពាន់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រប្លែកគេ។
គ. មុខម្ហូបរាប់រយមុខ ប្រកបដោយឱជារសឆ្ងាញ់ពិសា។
ឃ. វិមានឯករាជ្យ ដែលតំណាងឲ្យអធិបតេយ្យភាពរបស់ប្រជាជនខ្មែរ។
ង. ទន្លេសាបដែលសំបូរត្រីជាងគេ នៅលើពិភពលោក។
ច. ប្រភេទកំណាព្យ ចម្រៀងច្រើនប្រភេទប្រកបដោយចំណាប់ចុងចួនពីរោះរណ្តំ។
ឆ. ប្រទេសដែលសំបូរដីមានជីជាតិ បំផុតនៅក្នុងលោក។
ជ. អក្សរដែលមានតួ និងសូរសម្លេងច្រើនជាងគេក្នុងពិភពលោក។
ឈ. ខ្មែរ ជាប្រទេសដែលសំបូរធនធានសំបូរបែប។
ញ. ភ្លេងបុរាណសំបូរបែប សម្លេងប្រគុំប្រកបដោយទឹកដមខ្ពស់។
ដ. សិល្បៈរាប់រយទម្រង់ ប្រកបដោយសោភ័ណភាពគួរជាទីចេតនា។
ឋ. ខ្មែរធ្លាប់មានប្រវត្តិជាអាណាចក្រមួយដ៏ធំធេង និងល្បីល្បាញមួយនៅតំបន់អាស៊ី។
ឌ. នៅមានចំនុចច្រើនទៀតដែលមិនបានរៀនរាប់អស់។

ចុះលោកអ្នកមានអ្វីខ្លះ ដែលជាមោទនភាពជាតិ?
តើការបាត់បង់មោទនភាពជាតិ នឹងនាំក្តីអន្តរាយអ្វីខ្លះសម្រាប់ជាតិ?

មនុស្សដែលមានសុខភាពល្អពិតប្រាកដ ត្រូវតែប្រកបទៅដោយអង្គពីរសំខាន់គឺ ទីមួយភាពរឹងមាំខាងរាងកាយ និងទីពីរភាពរឹងមាំខាងផ្លូវចិត្ត។ អង្គទាំងពីរនេះ គឺមិនអាចខ្វះផ្នែកមួយណាបានទេ។ យ៉ាងណាម៉ិញសុខភាព ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន ក៏អាស្រ័យដោយ ចំនុចវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ និងអារម្មណ៍ជ្រះថ្លា នៃជាតិសាសន៍ របស់ប្រទេសនោះ។ បើទោះណាជា ប្រទេសកំពុងតែស្ថិតក្នុងឱនភាពយ៉ាងណាក្តី ឲ្យតែប្រទេស នោះមានប្រជាជន ប្រកបដោយសុខភាពផ្លូវចិត្តរឹងមាំចំពោះជាតិ ពោលគឺមានមោទនភាពជានិច្ចចំពោះជាតិ ក៏គង់នឹងអាចស្តារប្រទេស ឲ្យរីកចម្រើនបានឆាប់រហ័សជាមិនខាន។ ដោយឡែកការបាត់បង់នូវមោទនភាពជាតិ គឺជាគ្រោះមហន្តរាយយ៉ាងធំធេងសម្រាប់ជាតិ។

តាមរយៈការសង្កេត លើបណ្តាញផ្សព្វផ្សាយ ជាភាសាខ្មែរនានា បានបង្ហាញថា មានប្រជាជនខ្មែរមិនតិចទេ ជាពិសេសយុវជន ដែលកំពុងតែមានភាពភ្លើតភ្លើន ឈ្លក់វង្វេងនឹង វប្បធម៌បរទេស។ ពួកគេចាប់ផ្តើមមើលស្រាល លើវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ពួកគេព្រមចម្លងទាំងដុលនូវ វប្បធម៌បរទេសទាំងមិនដឹងខ្លួន ហើយខំស្រែកក្តែងៗថា វាគ្រាន់ជាការសប្បាយ មួយភ្លែតតែប៉ុណ្ណោះ។ ពួកគេភ្លេចគិតថា យូរៗទៅនឹងក្លាយជាទម្លាប់ ជាប្រពៃណី រីឯទំនៀមទម្លាប់ ដែលជាមោទនភាពជាតិខ្មែរ ជាអត្តសញ្ញាណខ្មែរ នឹងរលុបបាត់បន្តិចម្តងៗជាមិនខាន។ ជាជំនួស ប្រទេសខ្មែរអាចនឹងក្លាយជាប្រទេស ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់អ្នកជំនាន់ក្រោយ។ តើនេះមិនមែនជាការបាត់បង់ នូវមោទនភាពជាតិខ្មែរទេឬ?

ការបាត់បង់មោទនភាពខ្មែរ មិនមែនមានតែបងប្អូនខ្មែរនៅក្នុងប្រទេសទេ គឺបងប្អូនខ្មែរខ្លះដែលកំពុងនៅ ប្រទេសក្រៅ ក៏កំពុងដែលបាត់បង់នូវមោទនភាពជាតិខ្មែរ ខ្លាំងក្លាណាស់ដែរ។ ពេលពួកគេទៅខាងក្រៅជួបនឹង ជនជាតិដទៃទៀត អ្នកខ្លះមិនហ៊ានប្រាប់គេថា ជាមានដើមកំណើត ជាជនជាតិខ្មែរទេ។ ឯអ្នកខ្លះទៀតមិនទម្លាប់បង្រៀនកូនឲ្យ និយាយ សរសេរ ឬគ្រាន់តែដឹង ពីភាសាខ្មែរ ឬក៏ប្រពៃណីខ្មែរផង ។

តើយើងគួរបណ្តុះមោទនភាពជាតិបែបណាទើបល្អ ?

ជាចំលើយ យើងត្រូវនិយាយ យោងសំខាន់ទៅលើ កក្តាអ្នកដឹកនាំ ដែលទាមទារអោយមានឆន្ទៈមុះមុត ក្នុងការ បណ្តុះមោទនភាពជាតិ​។

ដូចជាការដាំដើមឈើដូច្នោះដែរ ដើម្បីបានទទួលនូវផលល្អ អ្នកដាំគួរតែចេះពីវីធី ដាំកូនឈើប្រភេទនោះ ឲ្យបានច្បាស់លាស់។ បន្ទាប់មកគេគួររកពូជណា ដែលល្អមកដាំ និងធ្វើរងឲ្យបានល្អ ស្រោចទឹកឲ្យបានគ្រប់គ្រាន់ ការពារឲ្យបានល្អ ត្រូវដាំបណ្តុះ និងខំថែទាំឲ្យបានល្អ តាំងតែពីតូចទៅ។ ការបណ្តុះមោទនភាពជាតិនីមួយៗ ក៏ដូច្នេះដែរ គឺត្រូវធ្វើតាំងតែពីកុមារឡើងទៅ។ មិនថាខ្លួនអ្នកបណ្តុះ ឬអ្នកដែលត្រូវគេបណ្តុះទេ គឺយើងត្រូវខំបណ្តុះប្រាជ្ញាស្មារតី លើគ្រប់វិស័យ ដែលជាអត្តសញ្ញាណ របស់ជាតិឲ្យបានស្គាល់ ឲ្យបានប្រើប្រាស់ ឬបានប្រកាន់ខ្ជាប់គ្រប់ៗគ្នា។ ចំនុចណាដែលមិនទាន់បានល្អ គួរតែខិតខំកែលម្អ ឲ្យបានប្រសើរជាមុន មុននឹងប្រកាន់យកថា ជាមោទនភាពជាតិ។

សរុបមកវិញ មិនថាជនជាតិណាទេ យើងម្នាក់ៗ គួរតែខិតខំថែរក្សាអត្តសញ្ញាណជាតិ និងគួរតែមានមោទនភាពជាតិឲ្យបានខ្ពស់ នោះទើបប្រទេសជាតិយើង អាចរីកចម្រើន និងល្បីល្បាញយូរអង្វែងទៅបាន ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...