ក្ដោងសំពៅនៅវត្តសំរោងសែន មានចំណាស់ពាន់ឆ្នាំ?
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: ប្រវត្តិមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថានីយ៍បូរេប្រវត្តិ សំរោងសែន ពិតជាមានរឿងជាច្រើន ដែលបានបង្ហាញទាក់ទងពីប្រវត្តិប្រទេសកម្ពុជា ដ៏ចំណាស់ និងពោរពេញដោយអរិយៈធម៌ដ៏រុងរឿងមួយ។ យើងសូមលើកយកករណីមួយមកជម្រាប ទាក់ទងនឹងកំណាត់ឈើមួយដើម ប្រវែងជាង ៣០ម៉ែត្រ ដែលត្រូវបានពលរដ្ឋឃុំសំរោងសែន ស្គាល់ថាវាជាក្តោងសំពៅ បន្សល់ទុកតាំងពីសម័យកាល ដែលកសាងប្រាសាទអង្គរវត្តមកម្លេះ។
ប្រជាពលរដ្ឋនៅតំបន់ខាងជើងទន្លេសាប (ឃុំសំរោងសែន ស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ) នោះ បាននិយាយតៗគ្នាមកថា កាលពីសម័យបុរាណ រាល់សំពៅដែលធ្វើដំណើរឆ្លងកាត់នៅកំពង់ផែសំរោង ត្រូវចុះចតមកសែនសុំសេចក្តីសុខសិន ទើបអាចបន្តដំណើរបានទៅមុខទៀត បើមិនដូច្នេះទេ សំពៅនោះប្រាកដជាមានបញ្ហា។ រីឯក្តោងសំពៅ ដែលគេស្រង់មកទុកនៅវត្តសំរោងនោះ ទំនងជាម្ចាស់សំពៅនៅពេលនោះ មិនបានចុះចតមកសែនបន់ស្រន់សុំក្តីសុខ ទើបបណ្ដលឲ្យលិចសំពៅដូច្នេះ។
ត្រង់នេះហើយ ទើបប្រជាពលរដ្ឋហ៊ានសន្និដ្ឋានថា កំណាត់ឈើដែលមានប្រវែងជាង៣០ម៉ែត្រនោះ ជាក្តោងសំពៅ ហើយនៅពេលដែលគេស្រង់យកវាមក ក៍គេឃើញមានជាប់នៅឆ្អឹងមនុស្សធំៗ ដែលគេអាចជឿថា ជាមនុស្សដែលស្ថិតនៅក្នុងសម័យអង្គរ និងជាអ្នកដំណើរនៅក្នុងសំពៅនោះឯង។
នៅពេលដែលគេស្រង់វាយកមក គេមិនដឹងថា វាជាឈើប្រភេទអ្វីឲ្យពិតប្រាកដនោះទេ ដោយសារតែវាពុកស្រួយអស់ទៅហើយ អ្នកខ្លះនិយាយថា វាជាដើមគគី ហើយអ្នកខ្លះទៀតថាជាដើមថ្កុលមាស។ បើនិយាយថា ព្រឹត្តិការណ៍លិចសំពៅនេះ បានកើតឡើងនៅសម័យអង្គរ ដូច្នេះកំណាត់ឈើនេះ មានអាយុកាលមិនតិចជាងពាន់ឆ្នាំឡើយ។
ក្រោយពីគេស្រង់ក្តោងសំពៅនេះ មកទុកដាក់នៅក្នុងវត្តសំរោងសែន ស្ថិតក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនោះមក វាបានផ្តល់នូវភាពត្រជាក់ត្រជុំ ដល់ប្រជាពលរដ្ឋនៅតំបន់នោះណាស់។ ដូចជានៅពេលដែលប្រជាពលរដ្ឋរកត្រីមិនបាន ឫមានជំងឺអ្វីមួយ ពលរដ្ឋតែងតែទៅបន់ស្រន់ សុំក្តីសុខពីក្តោងទូកនោះ ហើយក៏សម្រេចដូចសេចក្ដីប្រាថ្នានោះមែន។
មានការលេចលឺដែរថា ទទឹមនឹងការមានជំនឿទៅលើដើមគគីនេះ ក៍ធ្លាប់មានអ្នកលួចក្តោងសំពៅនេះ យកទៅធ្វើជារបស់ផ្ទាល់ខ្លួនដែរ ប៉ុន្តែយកទៅធ្វើឲ្យគេរស់នៅមិនបានសុខ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់បានទាក់ទងសាកសួរ ពីបូរាណវិទូណាមួយ ដើម្បីអះអាងបន្ថែមទាក់ទង នឹងប្រវត្តិរបស់កំណាត់ឈើនេះនៅឡើយ។
តែយោងតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់ និយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្តោងសំពៅនោះ ត្រូវបានប្រជាពលរដ្ឋស្រង់យកមកគោរពបូជាជាង ១០ ឆ្នាំមកហើយ ហើយគេបានសាងសង់កន្លែងទុកដាក់វា បានយ៉ាងត្រឹមត្រូវជាមួយនឹងឆ្អឹងសាកសព ដែលជាប់មកជាមួយក្តោងនោះផងដែរ។ ពលរដ្ឋរូបនោះ បានបន្ថែមថា លោកបានយកម៉ែត្រ ទៅវាស់ក្តោងនោះ ដោយផ្ទាល់ដៃរបស់លោក ឃើញថាវាមានប្រវែង ៣០.៤ម៉ែត្រ ហើយវាមានសភាពដូចជាឆ្អឹងហ្វូសស៊ីលអញ្ចឹងដែរ៕