កេរ្តិ៍ដំណែល Héritage

ជីវិតទៀងទាត់ របស់មនុស្ស នៅក្នុងពិភពចក្រវាឡ យើងនេះ តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នគឺ ទៀតតែពីរឿង កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។ មិនថាជនជាតិណា អ្នកមាន អ្នកក្រ ស្តេច មន្ត្រី សេដ្ឋី ប្រជារាស្ត្រ គ្រហស្ថ បុព្វជិត គឺទៀង​តែឆ្លងដំណាក់កាល ទាំងបួនខាងលើនេះដូចៗគ្នា។ ទោះជាយ៉ាងនេះក៏ដោយចុះ មនុស្សម្នាក់ៗ នៅតែក្រាញននៀលជានិច្ច ជាមួយនឹងជីវិត។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: February 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិតទៀងទាត់ របស់មនុស្ស នៅក្នុងពិភពចក្រវាឡ យើងនេះ តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នគឺ ទៀតតែពីរឿង កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។ មិនថាជនជាតិណា អ្នកមាន អ្នកក្រ ស្តេច មន្ត្រី សេដ្ឋី ប្រជារាស្ត្រ គ្រហស្ថ បុព្វជិត គឺ​ទៀងតែឆ្លងដំណាក់កាល ទាំងបួនខាងលើនេះដូចៗគ្នា។ ទោះជាយ៉ាងនេះក៏ដោយចុះ មនុស្សម្នាក់ៗ នៅតែក្រាញ​ននៀល​ជានិច្ច ជាមួយនឹងជីវិត។

ជាក់ស្តែងពួកគេម្នាក់ៗ តែងតែខិតខំធ្វើការ រកស៊ី រៀនសូត្រ កសាងសចក្តីល្អ បំពេញកិច្ចមនុស្សធម៌ បង្កើតការស្រាវជ្រាវ បណ្តុះបណ្តាល ឬបង្ហាត់បង្រៀនគេឯង ដោយមិនចេះនឿយហត់ តាមតួនាទី និងចំណង់ចំណូលចិត្តតែរៀងៗ ខ្លួនតាំងតែ​ពីខ្លួនដឹងក្តី រហូតដល់ចំណុចចុងក្រោយនៃជីវិត។ អ្នកខ្លះបានចំណាយពេលវេលា ស្ទើរតែពេញមួយជីវិតរបស់ខ្លួន ឬពេល​ខ្លះអាចថាមានរហូត ដល់ទៅតកូនតចៅទៀតផង ត្រឹមតែដើម្បីការ សម្រេចគោលបំណង ណាមួយរបស់ខ្លួនតែប៉ុណ្ណោះ។

មានមហាសេដ្ឋីខ្លះ បានចំណាយលុយរាប់លានដុល្លារ ទៅលើកិច្ចការមនុស្សធម៌ ។ មានវីរជនជាច្រើន សុខចិត្តពលីជីវិត​របស់ខ្លួន ក្នុងការពារទឹកដីរបស់ខ្លួន។ មានអ្នកប្រាជ្ញបណ្ឌិតជាច្រើន បានចំណាយពេលវេលា ស្ទើរតែទាំងស្រុង ព្រោះតែ​កិច្ចការស្រាវជ្រាវរបស់ខ្លួន។ ក៏ព្រោះតែកូនឱពុកម្តាយទាំងឡាយ សុខចិត្តក្រាញននៀលជានិច្ច ជាមួយនឹងការលំបាក​ផង​ទាំងពួង នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សា កូន ឲ្យបានរីកធំធាត់ មានការអភិឌ្ឍដូចកូនអ្នកឯទៀតដែរ។ និយាយដោយឡែក មិនថាប្រទេសអ្នកមាន អ្នកក្រទេ គឺម្នាក់ៗសុទ្ធមមាញឹក នឹងការប្រកួតប្រជែង យកឈ្នះចាញ់ក្នុងការពង្រឹង និងពង្រីកលើ​គ្រប់វិស័យដូចជា សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ សាសនា មនុស្សធម៌ វប្បធម៌..ល។

ជាក់ស្តែងប្រទេសចិន បានកំនត់គោលដៅ របស់ខ្លួនថា ឆ្នាំ ២០១៥ ចិនត្រូវយកឲ្យបាននូវតំណែង ជាប្រទេសមហាយក្ស​ទី១ របស់ពិភពលោកនៅក្នុងឆ្នាំ២០១៥។ សម្រាប់ប្រទេស កម្ពុជាឯណេះវិញ បានកំណត់គោលនយោបាយ របស់លោកថា នឹងសម្រេច ឲ្យបានជាស្ថាពរនៅក្នុង ការកាត់បន្ថយភាពក្រីក្រ ទូទាំងប្រទេសឲ្យមកនៅកម្រិត ក្បែរសូន្យក្នុងឆ្នាំ ២០២៥។

តើមានអ្វីដែលជាកត្តា ជម្រុញសំខាន់នៅក្នុង ការបង្កើតឲ្យមានការប្តេជ្ញាចិត្ត ឬសកម្មភាពទាំងឡាយ ខាងលើនេះ?

គ្រប់ទង្វើរបស់មនុស្ស សុទ្ធតែមានបំណងផ្ទាល់ខ្លួនជានិច្ច បើទោះណាជាសកម្មភាពទាំងនោះ ជាបុព្វហេតុបុគ្គល ឬ​សមូហភាពក្តី។ អ្នកខ្លះបញ្ជាក់ថា ការធ្វើអ្វីៗ ក៏ព្រោះតែស្រលាញ់ជាតិ ស្រលាញ់គ្រួសារ ឬស្រលាញ់ពិភពលោក។ មនុស្ស​តែងតែគិត ដោយខ្លួនឯងថា ខ្លួនមានតម្លៃខ្ពស់ជាងសត្វត្រង់ថា ខ្លួនមានប្រាជ្ញាជាងសត្វ។

ជីវិតរបស់សត្វ ពេលស្លាប់ទៅវិញ មិនបានបន្សល់ទុកអ្វីជាដុំកំភួន សម្រាប់ការអភិឌ្ឍ ឲ្យបានកាន់តែប្រសើរសម្រាប់ អ្នក​ជំនាន់ក្រោយ របស់ខ្លួនឡើយ។

ចំណែកឯមនុស្សវិញ ពេលបញ្ចប់ជីវិតទៅវិញ ខ្លួនតែងតែបន្សល់អ្វី ទុកជាតឹកតាង សម្រាប់ជាការអភិវឌ្ឍ ឲ្យបានកាន់តែ​ប្រសើរ នូវអ្នកជំនាន់ក្រោយរបស់ខ្លួន។ អ្វីដែលមនុស្សចង់បាន ពីការខិតខំ ប្រឹងប្រែងពេញមួយជីវិតរបស់ខ្លួន មានចំនុចរួម​តែមួយគត់ គឺ ការបន្សល់ទុកនូវ កេរ្តិ៍តំណែល

តើកេរ្តិ៍តំណែលមានន័យដូចមេ្តច?

តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត៖ ពាក្យកេរ្តិ៍ដំណែល កើតចេញពីនាមពីរ បូកបញ្ចូលគ្នាគឺ៖ កេរ្តិ៍+តំណែល។ កេរ្តិ៍ មានន័យថា សេចក្តីសរសើរ ការល្បីលេចឮ (អ្វីដែលល្អ)។ ដំណែល មានន័យថា អ្វីៗដែលជាកេរ អ្វីដែលបានបន្សល់​ទុកឲ្យ។

តាមន័យនេះយើងអាចសរុបន័យថា កេរ្តិ៍តំណែល គឺសំដៅសេចក្តីសរសើរភាពល្បីខ្ចរខ្ចាយ ដែលអ្នកណាម្នាក់​បានបន្សល់​ទុកឲ្យ។ តើកេរ្តិ៍តំណែល មានសារប្រយោជន៍ បែបណាខ្លះ សម្រាប់អ្នក?

កេរ្តិ៍តំណែល គឺពិតជាមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា។ ប្រទេសជាតិ គ្រួសារ សង្គម ឬសហគមន៍ណា​ដែលពោរពេញទៅ ដោយមនុស្សមានកេរ្តិ៍ល្អ ល្បីរន្ទឺ ប្រទេសជាតិ គ្រួសារ សង្គម ឬសហគមន៍នោះនឹង បានសមប្រកប​ដោយ ការអភិវឌ្ឍ សុខសន្តិភាព និងសុភមង្គល បានយូរអង្វែង។ អ្នកជំនាន់ក្រោយ របស់ខ្លួន នឹងកាន់តែស្ងើចសរសើរ និងមានមោទនភាព ខ្ពស់ថែមទៀតលើ ប្រទេសជាតិ គ្រួសារ សង្គម ឬសហគមន៍នោះ។ សត្រូវទាំងឡាយនឹងបាក់បប ខ្លបខ្លាចមិនហ៊ាន នឹងមកបៀតបៀនខ្លួនឡើយ។ បុគ្គលដែលបានបាត់បង់ជីវិត ទៅនឹងពោរពេញទៅ ដោយមោទនភាព​និងកិត្តិយស។

តើមានអ្នកណាខ្លះ ដែលបានបន្សល់ទុកកេរ្តិ៍ដំណែល បានប្រសើរជាងគេ សម្រាប់អ្នកជំនាន់ក្រោយរបស់ខ្លួន?

មិនថាប្រទេសយើង ឬប្រទេសគេនោះទេ គឺ តែងតែមានបុគ្គល គួរជាទីគោរពជាច្រើន ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែល សម្រាប់អ្នកជំនាន់ក្រោយ របស់ខ្លួន។ ជាក់ស្តែង ប្រទេសកម្ពុជាមានបុគ្គល គួរជាទីគោរពជាច្រើន ដែលយើងទាំងអស់គ្នា គួរចងចាំដែលមានដូចជា៖

ក. សម្តេចព្រះសង្ឃរាជជួន ណាត
លោកបានចំណាយ ពេលវេលាពេញមួយជីវិតរបស់លោក ក៏ព្រោះតែបុព្វហេតុ ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ។ សម្តេច និងសហការីរបស់សម្តេច បានសម្រេចនូវការចងក្រង ឯកសារជាច្រើន ដូចជាសៀវភៅ វចនានុក្រមខ្មែរ សៀវភៅ​គម្ពីរធម៌ សម្រាយជាភាសាខ្មែរ ទុកជាប្រយោជន៍ សម្រាប់ជាតិ។ គុណូបការៈនេះហើយបានជា រូបសំណាកព្រះអង្គ​ត្រូវ​បានសាងសង់ឡើយ នៅទីសួនច្បារសាធារណៈ ដើម្បីជាការគោរព និងឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់ពីអានុភាព របស់លោក។

ខ. កវីភិរម្យភាសា អ៊ូ ហៅង៉ុយ
លោកបានចំណាយពេល យ៉ាងច្រើន នៅក្នុងការតាក់តែងបទកំណាព្យ អប់រំជាច្រើន ប្រកបដោយអត្ថន័យ ជ្រាលជ្រៅ ដែលមានតម្លៃស្ទើរ គ្រប់សម័យកាល ទុកសម្រាប់ប្រជាជនខ្មែរ។ មិនតែប៉ុណ្ណោះ លោកថែមទាំងចំណាយពេល ពេញមួយ​ជីវិតរបស់លោក ក្នុងការដើរអប់រំ ប្រជាជនខ្មែរ ឲ្យលោះនៅក្នុងផ្លូវល្អ ថែមទៀតផង។ ការសម្រេចសាងសង់ រូបសំណាក​លោក តម្កល់ទុកក្នុងសួនសាធារណៈ ក៏មិនមែនជារឿងចៃដន្យនោះ ដែរ។ កិត្តិនាមរបស់លោក គឺនៅតែភ្លឺចិញ្ចាចចិញ្ចែង នៅក្នុង ក្រឳបេះដូងកូនខ្មែរ គ្រប់ជំនាន់។

ក្រៅពីនេះ ក៏នៅមានអ្នកប្រាជ្ញ វីរជនខ្មែរ ជាច្រើនរូប និងមហាវីរៈក្សត្រ ជាច្រើនអង្គទៀត ដែលបានបន្សល់ទុក នូវកេរ្តិ៍​តំណែល ជូនជាតិដ៏ច្រើន សន្ធឹកសន្ធាប់ដូចជា៖ ព្រះបាទ អង្គឌួង ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី ៧ ព្រះនាង​ឥន្ទ្ររទេវី លោកស៊ិន ស៊ីសាមុត ....ល។ ដែលសុទ្ធតែបានបន្សល់ទុកនូវ ស្នាព្រហស្ថស្នាដៃ ព្រះកិត្តិនាម កេរ្តិ៍ឈ្មោះជាច្រើន ជូនជាតិ។

បុគ្គល ដែលបានបន្សល់ទុក នូវកេរ្តិ៍តំណែលល្អ សម្រាប់ពិភពលោក ក៏មានច្រើនណាស់ដែរ ដូចជា បីតាសន្តិភាព មហាត្មៈ​គន្ធី មហាទស្សនវិទូ សូក្រាត ខុងជឺ ព្រះពុទ្ធសាមណគោតមបរមគ្រូ លោកញូតុន  លោកស្ទីវចប .....ល។

ដើម្បីអាចបន្សល់ទុកនូវកេរ្តិ៍តំណែលប្រសើរដូចបុព្វបុរសយើងបានតើយើងគួរប្រកាន់ខ្ជាប់នូវគោលធម៌អ្វីខ្លះ?

តាមទស្សនៈព្រះពុទ្ធសាសនា ដើម្បីបង្កើតឲ្យមានកេរ្តិ៍តំណែលល្អបាន គឺម្នាក់ៗ​គួរតែប្រកាន់យកផ្លូវកណ្តាល ការប្រព្រឹត្ត​របស់ខ្លួន​ គឺ ត្រូវប្រកាន់ខ្ជាប់ នូវធម៌សុចរិត ជាដរាប។ មិនតែប៉ុណ្ណោះ មនុស្សម្នាក់ៗត្រូវតែឧស្សាហ៍ព្យាយាម ពោលគឺ ការដែលឧស្សាហ៍ នៅក្នុងការសិក្សា ការប្រកបកិច្ចការ ការសង្រ្គោះសត្វលោក ឲ្យផុតចាកទុក្ខទាំងពួង ។

មនុស្សមិនត្រូវរួញរា ក្នុងការជំនះ នូវគ្រោះអវិជ្ជា និងឧបសគ្គ ផងទាំងពួងឡើយ។ មនុស្សធម៌ គឺជាគោលការណ៍គ្រឹះ នៅ​ក្នុងការ ទទួលបាននូវកេរ្តិ៍ឈ្មោះល្អ។ សរុបមកវិញ ការបន្សល់ទុកនូវ កេរ្តិ៍ដំណែលល្អសម្រាប់ អ្នកជំនាន់ក្រោយ គឺពិតជា​មាន សារសំខាន់ណាស់ ។ យើងម្នាក់ៗ មិនគួរនឹង ចំណាយពេលណាមួយ ដែលគ្មានប្រយោជន៍ ដែលអាចនឹង ឈានទៅ​ដល់ការរារាំង នៃការបង្កើតឲ្យមាន កេរ្តិ៍ដំណែល្អសម្រាប់ ខ្លួនយើងក៏ដូចជា ប្រទេសជាតិយើងឡើយ៕

------------------------------------------------------
ដោយ៖  គល់រាំង - ភ្នំពេញ ថ្ងៃ ទី ២០ កុម្ភៈ ឆ្នាំ ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...