ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?

មុននឹងចាប់ផ្ដើមសុន្ទរកថា ក្នុងពិធីអបអរសាទរ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ឆេះបរិយាកាស នៃកម្មវិធីនេះ ដោយបានសួរជាសំនួរខ្លីៗ ទាក់ទងនឹងការបង្ហាញខ្លួន ជាលើកដំបូង របស់លោក បន្ទាប់ពីលោកមិនបានបង្ហាញខ្លួន ជាសាធារណៈ ចាប់តាំងពីចុងខែមិថុនា កន្លងមក។
ហ៊ុន សែន ប្រកាស​សួរ​ថា តើ​នេះ​ជា​រូប​លោក​«ពិត»​ឬ​ទេ?
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មើលក្មួយៗ ជាយុវជន! តើខ្ញុំនេះ ជា ហ៊ុន សែន ពិតឬទេ?» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានសួរយ៉ាងដូច្នេះ ទៅកាន់អ្នកចូលរួម នៅក្នុងពិធីអបអរសាទរ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ ដែលប្រារព្ធធ្វើនៅក្នុងពហុកីឡាដ្ឋានជាតិ នៅយប់ថ្ងៃទី ១៧ ខែកក្កដានេះ។

សំនួរនេះ ដែលទទួលបានការទះដៃ យ៉ាងកងរំពង ពីសំណាក់អ្នកចូលរួម ទំនងជាលោកចង់ឆ្លើយតប ទៅកាន់ការលើកឡើង និងការលេចឮ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលអះអាងថា លោកកំពុងឈឺធ្ងន់ ហើយត្រូវបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស។

ប៉ុន្តែលោក ហ៊ុន សែន បានបន្ធូរបរិយាកាសមកវិញ ដោយបានលើកឡើងថា លោកមិនបាន«ទះកំផ្លៀង»នរណាម្នាក់ទេ។ ផ្ទុយទៅវិញ លោកគ្រាន់តែចង់បំភ្លឺ ពីការលើកឡើង តាមបែប«អគតិ» របស់មនុស្សមួយចំនួន ដែលលោកអះអាងថា ពួកគេទាំងនោះ មានបំណងចង់បង្កចលាចល។

តាំងពីច្រើនថ្ងៃមកហើយ មានប្រភពមន្ត្រីក្នុងស្រុកជាច្រើន ដែលសុំមិនបញ្ចេញឈ្មោះ និងដែលត្រូវបានស្រង់សំដី ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានទីតាំង នៅក្រៅប្រទេស បានអះអាងថា អវត្តមានច្រើនសប្ដាហ៍ របស់លោក ហ៊ុន សែន បណ្ដាលមកពី​លោកនាយករដ្ឋមន្ត្រី ចេញទៅព្យាបាលជំងឺ នៅក្នុងប្រទេសសិង្ហបូរី។ ប្រភពទាំងនោះ ថែមទាំងរៀបរាប់ទៀតថា លោក ហ៊ុន សែន មានជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងឆ្អឹងខ្នង។

នៅប៉ុន្មានថ្ងៃ ក្រោយៗមកទៀត អ្នកប្រើប្រាស់បណ្តាញសង្គម ថែមទាំងាហាក់ដូចជាកំណត់បាន នូវទីតាំងមួយចំនួន ដែលលោកនាយករដ្ឋមន្ត្រី បានទៅថតរូប បង្ហោះជារូបភាព រួមមានបន្ទប់ពិសេស «VIP» នៃហាងលក់នាឡិកាដ៏ប្រណិត ឈ្មោះ «Patek Philippe» ក្នុងផ្សារទំនើប «ION Orchard» នាប្រទេសសិង្ហបុរី។ 

អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗទៀត បានបង្ហាញនូវប្រដាប់ពាក់ម្យ៉ាង ដែលពួកគេអះអាងថា ជាឧបករណ៍ពេទ្យដែលលោក ហ៊ុន សែន ពាក់ជាប់នឹងចង្កេះគ្របពីលើដោយអាវធំ (ពេលចេញដើរ) និងដោយអាវគេង (ពេលនៅក្នុងបន្ទប់) ខណៈអ្នកផ្សេងៗទៀត បានអះអាងថា លោក ហ៊ុន សែន ត្រូវបានបញ្ជូនបន្ត ទៅទីក្រុងហុងកុង ឬប្រទេសបារាំង ដើម្បីព្យាបាលជំងឺមហារីក ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ប្រភព​​ច្បាស់​ការ​ផ្សេងទៀត គួរ​ឲ្យ​ទុក​ចិត្ត​បាន ក៏បានអះអាងប្រាប់​​វិទ្យុអាស៊ីសេរី​ (RFA) ដែរថា លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​របួស​ នៅ​ក្រៅ​ប្រទេស តែមិនបានបញ្ជាក់ថា ជាប្រទេសណាមួយទេ។ ប្រភព​នោះ​បាននិយាយថា ក្នុង​ពេល​លេង​វាយ​កូន​ហ្គោល​ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ដួល​បាក់​ឆ្អឹង​ត្រគាក រួច​បាន​ចេញ​ ទៅ​សម្រាក​ព្យាបាល​របួស​ នៅ​មន្ទីរពេទ្យ​នៅ​ក្រៅ​ប្រទេស និងត្រូវសម្រាក​ព្យាបាល​របួសនោះ ​រហូត​ដល់​រយៈពេល ១​ខែ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...