របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

នៅមួយថ្ងៃមុនការបោះឆ្នោតជាតិមកដល់ រដ្ឋាភិបាលលោក ហ៊ុន សែន បានរាំងខ្ទប់គេហទំព័រ របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ និងគេហទំព័រស្និត​គណបក្សប្រឆាំង សរុបចំនួន១៧ លែងឲ្យមាន​ដំណើរការ នៅក្នុងស្រុក។ គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ស្ថិតក្នុងបញ្ជី នៃគេហទំព័ររងគ្រោះ ទាំងនោះដែរ។
របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅពីក្រោយផ្ទាំងពណ៌ស នៃអេក្រង់គេហទំព័រទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលត្រូវបានរាំងខ្ទប់។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 29, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជារងការរិះគន់ ពីការរិតត្បិតសិទ្ធិសេរីភាព ផ្នែកសារព័ត៌មានក៏ដោយ តែរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា មិនញញើតញញើម ក្នុងការរិតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ បន្ថែមទៀតឡើយ។ គេហទំព័ររបស់ស្ថាប័នសារព័ត៌មាន រួមនឹងគេហទំព័ របស់គណបក្សប្រឆាំង សរុបចំនួន១៧ស្ថាប័ន រាប់ទាំងគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ (MONOROOM.info) ផង ត្រូវបានរាំងខ្ទប់ មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដានេះ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជាតិ។

ស្ថាប័នផ្សព្វផ្សាយ ដែលជាម្ចាស់គេហទំព័ររងគ្រោះ ព្រោះការសម្រេច របស់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានគេស្គាល់ថា ជាស្ថាប័នសារព័ត៌មាន​ឯករាជ្យ ទាំងក្នុងនិងក្រៅស្រុក ដែលតែងផ្ដល់ព័ត៌មានសុក្រិត និងស៊ីជម្រៅ ដូចយ៉ាង វិទ្យុសម្លេងសហរដ្ឋអាមេរិក (khmer.voanews.com) វិទ្យុសម្លេងអាស៊ីសេរី (rfa.org/khmer) វិទ្យុសម្លេងប្រជាធិបតេយ្យ (vodhotnews.com) វិទ្យុវាយោ (vayofm.com) វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ (imnsj.org) និងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (monoroom.info) ជាដើម។ នេះ បើតាមបញ្ជីមួយច្បាប់ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងថ្ងៃនេះ។ បញ្ជីនោះ បញ្ចប់ត្រឹម១៥ស្ថាប័ន តែគេហទំព័ររបស់សារព័ត៌មាន ខេមបូឌៀដេល្លី (cambodiadaily.com) និងសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ (postkhmer.com) ក៏ត្រូវបានរាយការណ៍មកដែរ ថាបានរងការរាំងខ្ទប់ ដូចគ្នា។ 

រីឯគេហទំព័រ និងខ្សែភ្ជាប់ផ្សេងទៀត ដែលរងការរាំងខ្ទប់ នៅក្នុងបញ្ជីដដែលនោះ មួយចំនួនជារបស់គណបក្សប្រឆាំង ឬសារព័ត៌មានគាំទ្រគណបក្សប្រឆាំង និងមួយចំនួនទៀត គ្រាន់តែជាគណនី ឬជាទំព័រមួយ នៅលើគេហទំព័រធំៗ ដូចយ៉ាង «Stuble.info» «Vithyu.com» និង «Pinterest.com» ប៉ុណ្ណោះ។

រដ្ឋាភិបាលចង់គ្រប់គ្រង់សារព័ត៌មាន!

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ នៃ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ ត្រូវបានវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ស្រង់សំដីមកចុះផ្សាយ ដោយទទួលស្គាល់ថា រដ្ឋាភិបាល​ពិត​ជា​បាន​បញ្ជា ​ទៅ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ឲ្យ​រាំង​ខ្ទប់​ការ​ចូល​មើល ​របស់​អ្នក​ប្រើ​ប្រាស់​សេវា​របស់​ខ្លួន។

ដោយបញ្ជៀស មិនបញ្ជាក់ពីមាត្រាណាមួយនៃច្បាប់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើដូច្នេះនោះ លោក ផុស សុវណ្ណ គ្រាន់តែអះអាងថា ខ្លឹមសារព័ត៌មាន​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខាង​លើ «ប៉ះពាល់​ទៅ​ដល់​ការ​រារាំង​ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត»។ លោកថា៖ «ច្បាប់​កម្ពុជា​យើង យើង​ឱ្យ​ថ្ងៃ​ពីរ​ហ្នឹង ថ្ងៃ ស ហ្នឹង គឺ​យើង​មិន​ឱ្យ​ផ្សាយ​អ្វី​ទេ​ណាប្អូន ដោយ​សារ​នៅ​ពេល​កន្លង​ទៅ អង្គភាព​ប៉ុន្មាន​ហ្នឹង​ ដូច​មាន​ភាគ​ច្រើន យើង​វា​អត់​គ្រប់​គ្រង​អត់​បាន និយាយ​ត្រង់»។

 

នៅលើបណ្ដាញសង្គម លោក គល់ បញ្ហា នាយកអង្គការខុមហ្វ្រែល (Comfrel) ដែលមានជំនាញខាងការបោះឆ្នោត បានប្រតិកម្មចំពោះការរាំងខ្ទប់គេហទំព័រ ទាំងជាង​១០​ខាងលើ ដូច្នេះថា៖ «បន្ថែមលើបញ្ហាកំពុងមាន, ការបោះឆ្នោត និងលទ្ធផលឆ្នោត អាចប៉ះពាល់ ខ្វះតម្លាភាព និងសុចរិតភាព ព្រោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគេហទំព័ររបស់ពួកគេ ត្រូវបានបិទ»។

ការរាំងខ្ទប់ដំណើរការ របស់គេហទំព័រផ្សព្វផ្សាយ ទាំង១៧ ជាយុទ្ធនាការមួយទៀត របស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងចំណោម​យុទ្ធនាការ​ជា​បន្តបន្ទាប់ នៃការបង្ក្រាប​ទៅលើប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ។ កាលពីអំឡុងខែសីហា ចូលមកខែកញ្ញា ឆ្នាំ២០១៧ វិទ្យុឯកជនក្នុងស្រុក ជាង៣០ស្ថាប័ន បានរងការបង្ខំឲ្យបិទទ្វា ដោយសារវិទ្យុទាំងនោះ លក់ម៉ោងផ្សព្វផ្សាយរបស់ខ្លួន ទៅឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក។ បន្ទាប់មក នៅក្នុងយុទ្ធនាការផ្សេងទៀត ដែលរដ្ឋាភិបាលអះអាងថា ជាការត្រួតពិនិត្យ ផ្នែកបំណុល​ពន្ធដារនោះ សារព័ត៌មាន ខេមបូដា ដេលី (The Cambodia Daily) និងវិទ្យុអាស៊ីសេរី ក៏ត្រូវបង្ខំចិត្តបិទទ្វា និងចាកចេញ ពីប្រទេសកម្ពុជាដូចគ្នាដែរ។

ប្រទេសកម្ពុជា ឈរនៅលេខរៀង ទី១៤២ ពីក្នុងចំណោម ១៨០ប្រទេស នៅក្នុងបញ្ជីចំណាត់ថ្នាក់ ស្ដីពីសិទ្ធិសេរីភាពសារព័ត៌មាន​ ឆ្នាំ២០១៨ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជាលេខរៀងមួយ​ដ៏អាក្រក់។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះ១០លេខ បើប្រៀបនឹងចំណាត់ថ្នាក់ឆ្នាំកន្លងទៅ ដែលកម្ពុជាទទួលបាន។ ជាមួយនឹងចំណាត់ថ្នាក់ថ្មីនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់ នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងជាកម្មសិទ្ធ របស់ក្រុមសាច់ញាតិ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានចំនួនសេសសល់ ដ៏តិចតួចនោះ តែងរងការបង្ក្រាប ដោយគ្មានមេត្តាសោះឡើយ ពីសំណាក់របបដឹកនាំរបស់លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...