ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស

អង្គការសហប្រជាជាតិ តាមរយៈមន្ត្រីផ្លូវការជាន់ខ្ពស់របស់ខ្លួន បានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការចាប់ខ្លួនលោក កឹម សុខា ដោយបានថ្លែងជាសាធារណៈ ចោទមេដឹកនាំ​បក្សប្រឆាំង​រូបនេះ ថាមានទោស​រួចជាស្រេច ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ជនជាប់ចោទណា​ក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ។
ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 05, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា បានចែងថា៖ «(...) វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ ដល់ជនជាប់ចោទ។ ជនជាប់ចោទណា​ក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួន តាមផ្លូវតុលាការ។»។ ប៉ុន្តែសម្រាប់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅក្នុងប្រទេសកម្ពុជា តែងបានថ្លែង​ជាសាធារណៈ ចាត់ទុកអ្នកនយោបាយទាំង​ឡាយ​ណា ដែលរងការចាប់ខ្លួន ដោយក្រុមអាជ្ញាធរ ក្រោមបញ្ជារបស់លោកនោះ សុទ្ធតែជា«ជនមានទោស»ទាំងអស់។

ការថ្លែងជាសាធារណៈ របស់បុរសខ្លាំងកម្ពុជា ក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា (ថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងមកនេះ) ចំពោះការចាប់ខ្លួន លោក កឹម សុខា សុទ្ធតែបានកំណត់រួចជាស្រេច ថាមេដឹកនាំបក្សប្រឆាំងរូបនេះ មានទោស«ក្បត់ជាតិ» បន្ទាប់ពីវីដេអូក្លីប នៃការថ្លែងរបស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ត្រូវបានម្ចាស់ទំព័រហ្វេសប៊ុក ដែលបន្ទរតាម ដោយសារព័ត៌មានស្និតនឹងរូបលោក យកមកបង្ហោះផ្សាយ​ឡើងវិញ កាលពីចុងសប្ដាហ៍មុន។

តែយ៉ាងហោចណាស់ ព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន (Zeid Ra'ad Zeid Al-Hussein) ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានមានបន្ទូល រិះគន់លោក ហ៊ុន សែន ដោយចំៗនៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថាប័ននេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ ពីទីស្នាក់ការកណ្ដាល ដែលស្ថិត​នៅក្នុងក្រុង ហ្សឺណែវ ប្រទេស ស្វីស។

មេដឹកនាំស្ថាប័នសិទ្ធិមនុស្ស របស់អង្គការពិភពលោកមួយនេះ បានឲ្យដឹង នៅក្នុងអត្ថបទនោះថា៖ «សេចក្ដីថ្លែងការណ៍ ជាសាធារណៈជាច្រើន ដោយលោកនាយករដ្ឋមន្ត្រី [ហ៊ុន សែន] (...) អំពីពិរុទ្ធភាពដែលអាចមាន របស់លោក កឹម សុខា បំពានលើការសន្មត់ជាមុន ថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ ដែលគាត់ (លោក កឹម សុខា) មានសិទ្ធិទទួលបាន ក្រោមច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ»។

ព្រះអង្គម្ចាស់ឧត្ដមស្នងការ បានហៅការចាប់ខ្លួនលោក កឹម សុខា ដែលបានប្រព្រឹត្តិ កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់លោកនោះ ទំនងជាធ្វើឡើង ដោយ«មិនគោរពចំពោះការធានា តាមនីតិវិធីត្រឹមត្រូវ រាប់ទាំងការមិនគោរព ចំពោះអភ័យឯកសិទ្ធិសភា របស់លោក (កឹម សុខា)»។

ហ្សេដ រ៉ាអាដ អាលហ៊ូសេន ព្រះអង្គម្ចាស់ជាតិហ្សកដានី បានសំដែងការព្រួយបារម្ភ ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ បន្ថែមទៀត ដោយហេតុថា ការចាប់ខ្លួនលោក កឹម សុខា ពីសំណាក់អាជ្ញាធរ ក្រោមបញ្ជាលោក ហ៊ុន សែន ត្រូវបានធ្វើឡើង នៅ«ចំពេលវិធានការថ្មីៗ ជាច្រើនទៀត របស់រាជរដ្ឋាភិបាលកម្ពុជា»។

មន្ត្រីផ្លូវការជាន់ខ្ពស់រូបនេះ របស់អង្គការសហប្រជាជាតិ បានបន្តរិះគន់ចំណាត់ការទាំងនោះ របស់រដ្ឋាភិបាលកម្ពុជា ដែលបាននាំឲ្យ«មានការបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយ ហើយបានមានគោលដៅ ទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមមានស្ថានីយវិទ្យុជាច្រើន និងកាសែតឯករាជ្យដ៏ធំមួយ (...) គឺកាសែត ឌឺខេមបូឌាដេលី ដែលពេលនេះ ត្រូវបានបង្ខំ ឲ្យបញ្ឈប់ការបោះពុម្ភ បន្ទាប់ពីកាសែតនេះ បានប្រតិបត្តិការអស់រយៈពេល ២៤ឆ្នាំមកហើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...