«រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពន្យល់ពីករណីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាត ថ្ងៃទី២ ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។
នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរ ជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រីតាំងពីជាង៣ទសវត្សន៍មកនេះ បានហៅការចាប់ខ្លួននោះ គឺជាការទូទាត់បញ្ជីពីមុនរហូតដល់ចប់ និងចាត់ទុកក្រុមគណបក្សប្រឆាំង ថាបានក្បត់ពាក្យសម្បថរបស់ខ្លួន ដែលបានចូលទៅស្បថ នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ ចំពោះព្រះស្វេតច្ឆត្រ និងចំពោះព្រះសង្ឃរាជទាំង២គណៈ ដែលសុទ្ធតែបញ្ជាក់ បង្ហាញមិនឲ្យពួកបរទេស មកបង្គាប់បញ្ជាគោលនយោបាយ ទាំងក្នុង និងក្រៅប្រទេស។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ដូចព្រឹត្តិការណ៍ស្លាប់មនុស្ស នៅតាមផ្លូវវេងស្រេង។ អ្វីៗទាំងអស់ មនុស្សនេះអ្នកកសាងដូច្នេះ។ ការចាប់ខ្លូននៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វានៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម»។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយការបង្ហោះនៅលើបណ្ដាញសង្គម ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នូវវីដេអូមួយ ដែលបង្ហាញពីការថ្លែង កាលពីចុងឆ្នាំ២០១៣ របស់លោក កឹម សុខា នៅឯប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូនោះ គេបានស្ដាប់ឮលោក កឹម សុខា និយាយរៀបរាប់ ពីល្បិចកិច្ចកល ឬគម្រោងការមួយចំនួន រវាងលោក និងជនមួយចំនួន ដោយមានជាប់ពាក់ព័ន្ធ ជាមួយអាមេរិកផង ដើម្បី«រំលំជនផ្ដាច់ការ នៅកម្ពុជា»។
ស្ថានទូតអាមេរិកប្រចាំក្នុងរាជធានីភ្នំពេញ នៅមិនទាន់ឃើញ បញ្ចេញប្រតិកម្មអ្វីនៅឡើយ ហើយក៏មិនទានអាចទាក់ទង បានភ្លាមៗ ដើម្បីសុំប្រតិកម្មបានដែរ។
នៅក្រោយការចាប់ខ្លួនមេដឹកនាំប្រឆាំង រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ ដល់ព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «អំពីនៃការឃុបឃិតគ្នា ជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាព ជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
ប៉ុន្តែគណបក្សសង្គ្រោះជាតិវិញ បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសការចាប់ខ្លួននេះ ដោយបានវាយតម្លៃហេតុការណ៍ ពីសំណាក់អាជ្ញាធរ ថាធ្វើឡើង«ដោយហេតុផលនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅវេលាម៉ោង ប្រមាណជា៤ទៀបភ្លឺក្នុងថ្ងៃនេះ បានហៅការចាប់ខ្លួនខាងលើ ថាជា«ទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អាធ្រាត និងក្នុងខណៈពេល ដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា»។
គណបក្សប្រឆាំង ដែលមានសម្លេងភាគតិច នៅក្នុងរដ្ឋសភាសព្វថ្ងៃ បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវផងដែរ ទៅដល់សហគមន៍អន្តរជាតិ ឲ្យជួយធ្វើអន្តរាគមន៍ ក្នុងករណីនេះ ហើយទាមទារឲ្យបញ្ឈប់ រាល់ការគម្រាមកំហែង គាបសង្កត់ តាមគ្រប់រូបភាព ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មកលើគណបក្ស និងមន្ត្រីរបស់ខ្លួន៕