បក្សសង្គ្រោះជាតិឲ្យ មាជ សុវណ្ណារ៉ា បន្តជាប់ក្នុងពន្ធនាគារ?
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើគណបក្សសង្គ្រោះជាតិ បានសុំឲ្យលោក មាជ សុវណ្ណារ៉ា អត់ធ្មត់បន្តជាប់ក្នុងពន្ធនាគារ ដើម្បីរង់ចាំឲ្យចេញបាន គណៈកម្មការធិការជាតិ រៀបចំការបោះឆ្នោត មួយឯករាជ្យមែនឬ? មែនឬមិនមែន វាជាការថ្លែងឲ្យដឹងរបស់លោក អំ សំអាន តំណាងរាស្ត្រខេត្តសៀមរាប របស់គណបក្សសង្រ្គោះជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃទី៨ ខែមករានេះ។
ឆ្លៀតឱកាសដែលលោក ចូលមកធ្វើបាតុកម្មតវ៉ា ជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃនៅទីនោះ លោក អំ សំអាន បានថ្លែងបរិហាប្រព័ន្ធតុលាការកម្ពុជា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ជាការគៀបសង្កត់ និងជាការដាក់គំនាប មកលើគណៈបក្សសង្គ្រោះជាតិ ព្រោះ«គ.ជ.ប»។ លោកបាននិយាយថា៖ «ដូច្នេះហើយ បានជាគេត្រូវចាប់លោក មាជ សុវណ្ណារ៉ា ហើយនឹងសកម្មជនគណបក្សសង្រ្គោះជាតិដទៃទៀត ដើម្បីបង្ខំឲ្យយើងយល់ព្រមធ្វើម៉េចឲ្យ គ.ជ.ប បានចេញ។»
លោកតំណាងរាស្ត្រ បានថ្លែងបន្តថា ទោះបីជាយ៉ាងណាក៍ដោយ ក៍លោក មាជ សុវណ្ណារ៉ា សុខចិត្តនៅក្នុងពន្ធនាគា ដើម្បីបង្កើតគ.ជ.ប មួយដែលឯករាជ្យឲ្យបាន ហើយគណៈបក្សសង្គ្រោះជាតិ នឹងមិនចរចារដោយយកលោក មាជ សុវណ្ណារ៉ា មកពាក់ព័ន្ធនោះទេ។ ហើយនេះជាមូលហេតុ ដែលគណៈបក្សប្រឆាំងមួយនេះ សុំឲ្យលោក មាជ សុវណ្ណារ៉ា អត់ធ្មត់បន្តិចដើម្បីចរចារការបង្កើត គ.ជ.ប ឲ្យបានឯករាជ្យសិន។ លោក អំ សំអាន និយាយទៀតថា នៅពេលដែលការបង្កើត គ.ជ.ប នេះ បានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងដោះលែង លោកមាជសុវណ្ណារ៉ា និងសកម្មជនដទៃទៀតផងដែរដូចគ្នា។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ក៏បានអះអាងដែរថា ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា គឺជារឿងនយោបាយ។ ថ្លែងប្រាប់ទស្សនាដ្តីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទ មេដឹកនាំសង្គមស៊ីវិលរូបនេះ បានបញ្ជាក់វិញថា ប៉ុន្តែផលចំណេញទៅក្នុងនយោបាយក្នុងន័យអ្វីមួយនោះ លោកមិនទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែលោកបានជឿថា ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ពិតជាកាដាក់គំនាបមួយ ទៅគណបក្សសង្គ្រោះជាតិ។
លោក គល់ បញ្ញា បានបន្ថែមថា វាអាចមានរឿងច្រើនលើសពីនោះទៀត ក្រៅពីការបង្កើត គ.ជ.ប ព្រោះថាបញ្ហាធំ ដែលគណៈបក្សទាំងពីរកំពុងចរចារគ្នានោះ វាពាក់ព័ន្ធទៅនឹងការកែទម្រង់ការបោះឆ្នោត និងការកែទម្រង់នៅបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
សម្រាប់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលវិញ បានថ្លែងការពារខ្លួនរួចហើយថា ការចាប់ខ្លួនសកម្មជនទាំងនេះ សុទ្ធសឹងជាការអនុវត្តច្បាប់ និងនិតិវិធីរបស់តុលាការកម្ពុជា មិនមានលក្ខណៈដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិអ្វីឡើយ៕