កែ សុវណ្ណរតន៍៖ បញ្ហា​មក​ពី​អ្នក​មិន​ទំនេរ មិន​មក​ធ្វើការ

តបតរនឹងការតវ៉ាប្រឆាំង របស់ក្រុមការងារ នៃគណបក្សសង្គ្រោះជាតិខ្លួនឯង ដែលចោទថា មានការប្រកាន់បក្សពួកនោះ លោកស្រី កែ សុវណ្ណរតន៍ តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងពន្យល់ថា ការងារមានច្រើន ត្រូវធ្វើ និង​ដោះ​ស្រាយ​ក្នុង​វេលា​មួយ​ជាក់​លាក់ ហើយលោកស្រីនឹងមិនរង់ចាំ អ្នកដែលមិនទំនេរ មកធ្វើការជាមួយឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី មីនា ២០១
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធានគណៈកម្មការទី៨រដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ បាន​បង្ហាញពីការមិនចាប់អារម្មណ៍ ចំពោះក្រុមការងារមួយចំនួន នៃគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ដែល​ទាម​ទារ​ទម្លាក់លោកស្រី នាពេលនេះឡើយ។ អ្នកស្រីបន្តថា អ្វីដែលត្រូវដោះស្រាយចំពោះមុខ គឺបញ្ហាជាតិ សង្គម និង​ប្រជា​រាស្រ្តទាំងមូល។

ការលើកឡើងនេះ បន្ទាប់ពីក្រុមការងារនៃគណបក្រសង្គ្រោះជាតិ មកពីខេត្តសៀមរាបប្រមាណ៥៥នាក់ នាព្រឹក​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០១៥នេះ នៅមុសស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជ័យ ភ្នំពេញ។ ការប្រមូលផ្តុំនៃក្រុមការងារគណបក្សសង្គ្រោះជាតិនាពេលនេះ ក្នុងគោលបំណងឲ្យមានការផ្លាស់ប្តូរលោកស្រី កែវ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប ក្រោមមូលហេតុបក្សពួកនិយមគ្មានយុត្តិធម៌ គ្មានតម្លាភាព។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសមការបញ្ជាក់ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ​នោះ​បាន​ឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០១ ខែមីនា ម្សិលម៉ិញនេះ លោក​បានបង្ហាញថា បើមិនមែនជា«ល្បិចនយោបាយ»នៃគូបដិបក្ខ ដែលជ្រើសរើសដើម្បីបំបែកផ្ទៃក្នុងនោះទេ គណបក្ស​នឹងស្រាវជ្រាវឲ្យច្បាស់ នូវការចោទប្រកាន់រឿងបក្សពួកនិយមនោះ។ លោក យឹម សុណ្ណ បានថ្លែង​ឲ្យដឹង​ទៀត​ថា៖ «ក្នុងឆាកនយោបាយ មានរឿងល្អនិងរឿងអាក្រក់ច្រើនណាស់ ដែលយើងត្រូវដោះស្រាយដោយ​ប្រុង​ប្រយ័ត្ន។ គូបដិបក្ខរបស់យើង នៅសល់ចំណុចខ្លាំងតែមួយគត់ គឺបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្ស។»។

ករណីមានមនុស្ស នៅពីក្រោយឆាក នៃការតវ៉ាប្រឆាំងលោកស្រី កែ សុវណ្ណរតន៍ នេះ ត្រូវបានលោកស្រី​ខ្លួនឯង​បញ្ជាក់​ថា៖ «វាគង់តែដឹងការពិត។ (...) គេស្គាល់ខ្ញុំច្រើនហើយ ថ្នាក់មេដឹកនាំធំៗ មិនមានអ្វីត្រូវបិទបាំងនោះឡើយ។ ហើយ​ខ្ញុំ​ក៏មិនដែលធ្លាប់ត្រូវបានគេ (សាធារណជន ឬប្រធានបក្ស) ថ្គោលទោសនោះដែរ។ (...) រឿងវាដដែលៗ គ្មានអ្វីដែល​ត្រូវ​ព្រួយបារម្ភឡើយ។ ខ្ញុំលះបង់ពេលវេលា និងបញ្ហាផ្សេងៗទៀត ដើម្បីតែផលប្រយោជន៍ជាតិ និងយុត្តិធម៌សង្គម។ ខ្ញុំ​ការពារ​ពលរដ្ឋរឿងដីធ្លី និងការដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋជាដើម។»

ប្រធានគណៈកម្មការទី៨រដ្ឋសភារូបនេះបានបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ មិនមានអ្វីដែលធ្វើឲ្យលោកស្រី មាន​ការ​ខ្វល់ខ្វាយ ចំពោះការចោទប្រកាន់ណាមួយ មកលើលោកស្រីឡើយ។ លោកស្រីបានបន្តថា សម្រាប់គណបក្ស​សង្គ្រោះ​ជាតិ ក៏មិនមានរបងហ៊ុំព័ត៌អ្វីដែរ សមាជិកបក្សទាំងអស់ អាចបង្ហាញនូវអ្វី ដែលខ្លួនមិនពេញចិត្ត ជូនថ្នាក់ដឹកនាំរបស់​ខ្លួន។ «ខ្ញុំមិនមានអ្វីលាក់ការទេ។ គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រជាធិបតេយ្យ មិនមានអ្វីមកបិទបាំងឡើយ ហើយ​ម្នាក់ៗសុទ្ធតែមកធ្វើការដោយស្ម័គ្រចិត្ត។»

លោកស្រី កែ សុវណ្ណរតន៍ បានការពារគណបក្សសង្គ្រោះជាតិទៀតថា៖ «បើរារាំង ឬបិទបាំង ប្រហែលមិនបាន​ជោគ​ជ័យ​ទេ។ យើងធ្លាប់មានការកំហែងខ្លាំងណាស់ និងក៏មានការតតាំងច្រើនដែរ។ លទ្ធផលជាក់ស្តែង នឹងបង្ហាញតាម​សកម្មភាព និងការងារ។ គ្មាននណាម្នាក់ អាចធ្វើការម្នាក់ឯងបាននោះឡើយ ត្រូវតែមានសហការីជួយ។ ខ្ញុំ អ្នកណា​ជួយ គឺយកទាំងអស់។ យើងនឹងមិនរង់ចាំការងារ ដែលត្រូវធ្វើម៉ោងនេះ ហើយអង្គុយរង់ចាំអ្នក ដែលមិនទាន់ទំនេរ មក​ជួយនោះឡើយ។ អ្នកណាទំនេរអ្នកនោះធ្វើទៅ។ (...) ការសម្រេចនានា ទុកឲ្យខាងថ្នាក់ដឹកនាំគណបក្ស ជាអ្នកផ្តល់​យុត្តិធម៌។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...