សម្ភាស យ៉ង់ គឹមអេង៖ ត្រូវស្វែងរកអ្នកនៅពីក្រោយ និងអ្នកផ្សំគំនិត រឿងវាយតំណាងរាស្ត្រ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៤ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: វាយដំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាប័នជំនាញពាក់ព័ន្ធ ដែលធ្វើការអង្កេតបន្ថែមលើរឿងនេះ ក្រៅពីបញ្ជាក់ថា ជនទាំងបីនោះ មិនមែនជាជនល្មើសសិប្បនិមិ្មត តោងត្រូវស្វែងរក អ្នកបញ្ជាពីក្រោយ និងជនសមគំនិតមួយចំនួនទៀត មកផ្តន្ទាទោសតាមច្បាប់។ នេះជាការថ្លែងអះអាង របស់លោក យ៉ង់ គឹម អេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ទាក់ទងនឹងការចូលសារភាព របស់ជនបីនាក់ ដែលគេសង្ស័យថា បានប្រើអំពើហិង្សាវាយតប់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ .អាំងហ្វូ លោក យ៉ង់ គីមអេង បានបង្ហាញនូវមន្ទិលមួយចំនួន ដែលក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា អាជ្ញាធរពិបាកនឹងកំណត់អត្តសញ្ញាណជនល្មើស តែផ្ទុយមកវិញ ស្រាប់តែជនទាំងនោះ លេចមុខមកសារភាព ដោយខ្លួនឯងទៅវិញ។
លោកដាក់ជាសំនួរឡើងថា៖ «តើជនដែលសារភាព ពិតជាជនដែលបានវាយ តំណាងរាស្រ្តនោះដែរឬទេ? នេះជារឿងសំខាន់។ យើងមិនចង់បានឧក្រិដ្ឋជន ជាសិប្បនិមិ្មតដូចពីមុនទេ (ប៊ន សំណាង និងសុខ សំអឿន)។ សំខាន់មួយទៀត ក៏ត្រូវស្វែងរកយុត្តិធម៌ដល់ពួកគាត់ បើគាត់ជាអ្នកវាយមែន មុខជាធ្វើតាមបញ្ជា និងមានបក្សពួកទៀត។»
យ៉ាងណាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពរូបនេះ បានជឿជាក់ថា ការចូលមកសារភាពនេះ អាចមានពាក់ព័ន្ធ ជាមួយនឹងបញ្ហា «នយោបាយ» ឬការរៀបចំទុកជាមុន។ លោកពន្យល់ថា ជនទាំងបីដែលបានចូលមក«សារភាព» ថាខ្លួនជាអ្នកវាយតំណាងរាស្រ្ត ធ្វើឡើងតែប៉ុន្មានម៉ោង មុនវត្តមានលោក សម រង្ស៊ី មកដល់កម្ពុជាប៉ុណ្ណោះ។ លោកបន្តថា នោះអាចជាចេតនាមួយ ដើម្បីបន្ធូបន្ថយបរិយាកាសនយោបាយ និងដើម្បីកុំឲ្យលោក សម រង្ស៊ី ធ្វើការវាយប្រហារ ទៅលើអាជ្ញាធរ ឬរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលគ្មានលទ្ធភាព ចាប់ជនដៃដល់វាយតំណាងរាស្រ្ត តែបែរជាមានលទ្ធភាព ចាប់តំណាងរាស្រ្ត (សមាជិកព្រឹទ្ធសភា) ដាក់ពន្ធនាគារ នាពេលកន្លងមកនោះទៅវិញ។
លោកបានអះអាងទៀតថា៖ «ការចាប់សកម្មជនបក្សប្រឆាំងមួយចំនួន (រដ្ឋាភិបាល) ប្រើហេតុផលមិនសមរម្យផង។ លើកនេះមានការវាយដំ ហើយគេមានវីដេអូឃ្លីប គេកំណត់អត្តសញ្ញាណបានខ្លះ ប្រព័ន្ធហ្វេសប៊ុករិះគន់ខ្លាំង... អញ្ចឹងយ៉ាងណា ក៏តម្រូវឲ្យមានការចេញ មកសារភាពនេះ។»
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានពន្យល់ថា៖ «តាមឃ្លីបវីដេអូ នៃការវាយតប់។ ខ្ញុំឃើញច្រើន ច្រើនជាងបីនាក់... មានប្រាំ, ប្រាំមួយនាក់យ៉ាងតិច។ ចឹងគាត់ (ជនចូលសារភាព) អាចចង្អុលបង្ហាញ គាត់ស្គាល់គ្នាតែទាំងអស់ បើគាត់ពិតជាជនដៃដល់មែន។ (...) ក្រសួងមហាផ្ទៃ មើលវីដេអូឃ្លីបថែមទៀតទៅ! ថាមានប៉ុណ្នឹងឬអត់? អ្នកខ្លះជួយចាប់ អ្នកខ្លះជួយវាយ អ្នកខ្លះជួយជ្រោមជ្រែងគ្នាហ្នឹង... នោះស្ថិតក្នុងក្រុមសមគំនិត។ មានអ្នកដៃដល់ និងអ្នកសមគំនិត នៅក្នុងបទល្មើសព្រហ្មទណ្ឌ..។ ត្រូវរកមើលបន្ថែមទៀតថា តើមានអ្នកសមគំនិតទេ មានអ្នកបញ្ជាពីក្រោយខ្នងទេ ត្រូវតែរកមើលចំណុចនេះបន្ថែមទៀត ត្រូវតេស៊ើបអង្កេតទាំងអស់។»
សូមបញ្ជាក់ថា ជនដែលបានចូលខ្លួនមកសារភាព ត្រូវបានប៉ូលិសក្រសួងនៃមហាផ្ទៃ នាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយ«មិន»មានវាយខ្នោះដៃ ដូចកាលចាប់សកម្មជនគណបក្សប្រឆាំង ឬយុវជនតវ៉ារឿងបរិដ្ឋាននោះឡើយ។ ជនទាំងបីរូបខាងលើនេះ ត្រូវបានចូលមកសារភាពថា ខ្លួនពិតជាអ្នកវាយតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិទាំងពីររូបនោះ កាលពីថ្ងៃទី២៦ ខែតុលាកន្លងមក។ ហើយជនទាំងបីនាក់នេះ បានចូលមកសារភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ម្សិលម៉ិញនេះ។
តាមសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសរសេរថា មានបុរស ៣នាក់ បានចេញមកសារភាព ចំពោះសកម្មភាព នៃអំពើហិង្សាលើតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិទាំងពីររូប។ សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅវេលាយប់ ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានសរសេរបន្តថា ជនទាំងបីនាក់នោះ បានមកសារភាពនៅមុខ គណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ នៃក្រសួងមហាផ្ទៃ។ ជនទាំងបីនោះ រួមមានឈ្មោះ ចាយ សារិទ្ធ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្រុងតាខ្មៅខេត្តកណ្តាល។ ឈ្មោះ ម៉ៅ ហឿន ភេទប្រុសអាយុ៣៤ ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
កាលពីថ្ងៃទី២៨ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខ ធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈតាមវីដេអូឃ្លីបមួយ ដោយបានប្រកាសឲ្យជនដៃដល់ ដែលបានវាយដំ លើតំណាងរាស្រ្ត ចេញមកសារភាពជាបន្ទាន់។ ជាមួយគ្នានេះ លោកក៏បាន បញ្ជាឲ្យប៉ូលិសសមត្ថកិច្ច តាមចាប់ខ្លួនជនបង្ក អំពើហិង្សាទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង គ្មាននិន្នាការគណបក្សនយោបាយ ណាមួយឡើយ៕