សម រង្ស៊ី៖ «វប្បធម៌​សន្ទនា» មិន​មែន​ធ្វើ​ឡើង​ដើម្បី​«បុគ្គល»​ទេ

វប្បធម៌សន្ទនានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើឡើងដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជា​ពលរដ្ឋ​ទូទៅ មិន​មែន​សម្រាប់​បុគ្គល​ទេ។ វប្បធម៌សន្ទនា ក៏មិនអាច​បញ្ចប់​ទៅ​បាន ក្រោម​មូលហេតុ នៃ​ប្រយោជន៍​បុគ្គល​ណា​ម្នាក់ បាន​ដែរ។ នេះជាការអះអាង របស់​លោក សម រង្ស៊ី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 07, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីចុះពីយន្ដហោះ ក្នុងដំណើរវិលត្រឡប់ មកមាតុប្រទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លៃងថា លោកចង់រក្សា និងពង្រឹងនូវ«វប្បធម៌សន្ទនា» រវាងគណបក្សទាំងពីរ។ លោកបាន​ថ្លែង​ទៀតថា នៅកម្ពុជា មិនមានជម្រើសណាមួយដែលល្អ ក្រៅពីការជជែកគ្នា ដោយស្មារតីគោរពគ្នា និងឲ្យតម្លៃ​គ្នា ទៅ​វិញ​ទៅ​មក​នោះឡើយ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា លោក សម រង្ស៊ី ដែលវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិនោះ បានជឿជាក់ថា ការិលមកមាតុប្រទេសវិញស្របគ្នានេះ បានបង្ហាញនូវការឯកភាពគ្នា និង​ជំហរតែមួយ ដោយគ្មានបុគ្គលណា អាចបំបែកបាន ខណៈបញ្ហានៅចំពោះមុខទាំងអស់ ត្រូវតែធ្វើការ​ដោះ​ស្រាយ ដោយ​សន្តិវិធី។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ។ ការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ស៊ើបអង្កេតដោយវិជ្ជាជីវៈ ស៊ើបអង្កេតដោយឯករាជ្យ ដើម្បី​វែកមុខជនដៃដល់ និងជនដែលនៅពីក្រោយ ជនដៃដល់ ដែលបានបង្កស្នាមរបួស ដល់តំណាងរាស្រ្ត​ពីររូប មកពីគណបក្សសង្គ្រោះជាតិ។ (...) យើចាំបាច់ត្រូវស្វែងរកការពិត វែកមុខជនដៃដល់... ជាមួយនឹង​វិធានការ ជៀសវាងករណីបែបនេះ កើតមានលើតំណាងរាស្រ្តដទៃទៀត និងមកលើប្រជាពលរដ្ឋ​សមញ្ញ​ផង​ដែរ។»

លោកអះអាងថា តាមការជជែកគ្នា បែបវប្បធម៌សន្ទនានេះ ភាពតានតឹងនឹងបានធូរស្បើយ និងត្រជាក់ឡើង​វិញ ហើយក៏អាចឈាន ទៅរកការដោះលែងសកម្មជន គណបក្សសង្គ្រោះជាតិ ទាំង១៤នាក់ រួមនឹងលោក ហុង សុខហួរ ផងពីពន្ធនាគារ។ ប្រធានគណបក្សប្រឆាំង បានឲ្យដឹងទៀតថា៖ «យើងក៏សង្ឃឹមការ​ជជែក​គ្នានេះ សភាពការណ៍នឹងត្រជាក់ នឹងធូរស្បើយឡើងវិញ ដែលអាចឈានហើយគួរតែឈានទៅដល់ ការ​ដោះ​លែង​សកម្មជន គណបក្សសង្រ្គោះជាតិ១៤នាក់ និងសមាជិកព្រឹទ្ធសភា ហុង សុខហួរ ម្នាក់ទៀត (សរុប​១៥នាក់)។»

ទាក់ទងនឹងវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ លោក សម រង្ស៊ី បានលើកឡើងថា វប្បធម៌សន្ទានានេះ កើត​ឡើងពីការឯកភាពគ្នា រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរូបលោកផ្ទាល់ (សម រង្ស៊ី) ដោយមាន​ការ​គាំទ្រ ពីសមាជិកគណបក្សទាំងពីរទៀត ហើយវាធ្វើឡើង ដើម្បីតែការពារប្រយោជន៍រួម រួមមានប្រយោជន៍​ជាតិ និងប្រជាពលរដ្ឋ។ លោកបន្តថា វប្បធម៌សន្ទនានេះ មិនអាចបញ្ចប់ទៅ ក្នុងនាមបុគ្គល ឬប្រយោជន៍​បុគ្គល​ណាម្នាក់ បានឡើយ ព្រោះជាជាកិច្ចព្រមព្រៀង របស់ជាតិដើម្បីប្រយោជន៍វែងឆ្ងាយ។

នៅក្នុងរយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយកម្ពុជា បានឡើងកំដៅខ្លាំង បន្ទាប់ពីការថ្លែង​របស់​លោក ហ៊ុន សែន ពីរដ្ឋធានីបារីស ប្រទេសបារាំង ទាមទារឲ្យលោក សម រង្ស៊ី ចាំបាច់ត្រូវ«សុំទោស»​លោក ពីការប្រៀបប្រដូចលោក ទៅនឹងអតីតមេដឹកនាំផ្ដាច់ការ របស់ប្រទេសលីប៊ីឈ្មោះ កាដាហ្វី។ ថ្លែងនៅ​ចំពោះ​ពលរដ្ឋខ្មែរ-បារាំងជាច្រើនរយនាក់ លោកនាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បាននិយាយថា៖ «បើក​មើល​កាសែត "Libération" (...) វាប្រៀបធៀបខ្ញុំ ទៅជាមួយកាដាហ្វី។ ខ្ញុំ អារឿងណ្នឹងមួយ ផ្ញើរ​សារ​ទៅ រង្ស៊ី - បើមិន​សុំទោសខ្ញុំទេ រង្ស៊ី ឯងនៅតែមិនអាចស្រួល ជាមួយខ្ញុំ។»៕


» សូមស្តាប់ និងទស្សនាការលើកឡើង របស់លោក សម រង្ស៊ី នៅព្រលានយន្ដហោះ ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...