ខួបទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ពី​អាណា​និគម​បារាំង របស់កម្ពុជា

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាខួបទី៦២ឆ្នាំ នៃការទាមទារឯករាជ្យជាតិ ពីប្រទេសបារាំង ដោយ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ។ ការទាមទារឯករាជ្យ ដែលធ្វើឡើងយ៉ាង​ស្រួចស្រាវ នៅមុនឆ្នាំ១៩៥៣។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 10, 2015
  • ប្រធានបទ: បុណ្យជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ព្រះរាជពិធីបុណ្យឯករាជ្យជាតិ» ត្រូវបានប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី៩ វិច្ឆិកា។ សម្រាប់​ឆ្នាំ​២០១៥​នេះ ព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ ក៏ត្រូវបានប្រារព្ធឡើង ក្រោមព្រះរាជាធិបតី ព្រះករុណា ព្រះ​បាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងជាព្រះរាជតំណាង នៃ​អង្គ​ព្រះបរមរតនកោដ្ឋ។

ក្រៅពីអង្គព្រះមហាក្សត្រ នៅមានឥស្សរជនសំខាន់ៗ មួយចំនួនទៀត ដូចជាលោក ហេង សំរិន ប្រធាន​រដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី, លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងបណ្តាមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត របស់រដ្ឋាភិបាលកម្ពុជា។

វត្តមានតំណាងរាស្រ្តនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ រួមមានលោក អេង ឆៃអៀង ប្រធាន​គណកម្មការ​​ទី១ នៃរដ្ឋសភា , លោក ម៉ៅ មុន្នីវ៉ាន់, អ្នកស្រី លី ស្រីវីណា និងសមាជិកព្រឹទ្ធិសភា មកពី​គណបក្ស សម រង្ស៊ី មានលោក យូ ស៊ុនហេង ជាដើម។ ក្រៅពីនេះ នៅមានការចូលរួម ពីសំណាក់​ប្រជា​ពលរដ្ឋ, សិស្សា-និសិស្ស, ក្រុមយុវជន, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់សណ្ឋាន។

តាមទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី បានសរសេរថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួម​អបអរ​សាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ២០១៥) ជាមួយប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនៅថ្ងៃនេះ។»

លោកបានសរសេរបន្តថា ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុត របស់​ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និងលះបង់គ្រប់យ៉ាង ក្នុងការទាមទារ​ឯករាជ្យ​ពី​បារាំង ជូនជាតិមាតុភូមិ។

លោកនាយករដ្ឋមន្ត្រី បានរៀបរាប់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញ នៅ​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺអតីត ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គ​បានស្ថាបនា និងអភិវឌ្ឍន៍កម្ពុជាឥតឈប់ឈរ ដែលបានធ្វើអោយប្រទេសនេះ រីកចម្រើនគ្រប់វិស័យ។ នៅ​ពេល​នោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេស ដែលមានឥទ្ធិពលមួយនៅអាស៊ី ដែល​ប្រជា​រាស្រ្ត​រស់នៅ ដោយសុខសាន្តបំផុត ក្រោមការដឹកនាំរបស់ព្រះអង្គ។

លោក ហ៊ុន សែន បានឆ្លៀតឱកាស ផ្សាយ«ពាណិជ្ជកម្ម» ឲ្យគណបក្សរបស់លោកដូច្នេះថា៖ «គណបក្ស​ប្រជាជន ដែលមានខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញា ការពារ​ព្រះមហាក្សត្រ និងការពារសុខសន្តិភាព ជូនកម្ពុជាអោយខានតែបាន។ (...) ព្រះរាជបូជនីយកិច្ច និង​គុណូបការៈ​ដ៏ធំធេង ដែលព្រះបរមរតនកោដ្ឋ បានបន្សល់ទុកអោយកម្ពុជា គឺខ្ញុំព្រះករុណា ខ្ញុំប្តេជ្ញាបន្ត​នូវ​មរតកជាតិ​ដ៏ឧត្តុង្គឧត្តមនេះ ដើម្បដឹកនាំអភិវឌ្ឍន៍ប្រទេស ស្របតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ ដើម្បីធ្វើអោយកម្ពុជាទាំងមូល រីកលូតលាស់ខ្លាំងឡើង។»

ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានសរសេរក្នុងទំព័រ​ហ្វេសប៊ុករបស់លោក ដោយធ្វើការរំលឹកថា នៅក្នុងទសវត្សរ៍៥០-៦០ ប្រជាពលរដ្ឋរស់នៅដោយ​សុខ​សន្តិភាព សុភមង្គល សុខដុមរមនា ថ្លៃថ្នូរ សីលធម៌ខ្ពស់ ល្បីរន្ទឺ ក្នុងជម្ពូទ្វីប (អាស៊ីអាគ្នេយ៍) រហូតដល់​ទសវត្សន៍​៧០។ លោក យ៉ែម ប៉ុញ្ញរិទ្ធិ បានបន្តថា ថ្ងៃឯករាជ្យជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ទង់ជាតិខ្មែរ​ត្រូវ​បាន​បង្ហូត​ឡើង ដែលជា«កិត្យានុភាពជាតិ សន្តិភាព អភិវឌ្ឍជាតិ ចាប់ផ្ដើមឡើង»។

លោកបានសរសេរបន្ថែមថា៖ «ថ្ងៃឯករាជ្យជាតិខ្មែរ ៩ វិច្ឆិកា ១៩៥៣ ដែលខ្មែរគ្រប់រូបចងចាំ និងនឹក​ដល់​ស្នា​ព្រះហស្ថដ៏ធំធេង របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដែលពិតជាបាន​បំពេញ និងដឹកនាំ ប្រកបដោយព្រះបញ្ញាញ្ញាណវៀងវៃ។ (...) ការរៀបចំរដ្ឋធម្មនុញ្ ញលើកដំបូង​ឆ្នាំ១៩៤៧ ការទាមទារខេត្តមួយចំនួន ពីសៀមមកវិញ ការទាមទារឯករាជ្យ ពីបារាំង ៩ វិច្ឆិកា ១៩៥៣ ការទាមទារ​ប្រាសាទ​ព្រះវិហារ ពីសៀម នៅថ្ងៃទី១៥ មិថុនា ១៩៦២ និងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាដើម។»

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងដោយស្នើ ឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការ ទាំងក្នុង​និង​ក្រៅ​នយោបាយទាំងអស់ រួមគ្នាលើកកិត្យានុភាពជាតិ ថែរក្សាសន្តិភាព អភិវឌ្ឍជាតិ យុត្តិធម៌សង្គម សីលធម៌​សង្គម ដើម្បីជាផលប្រយោជន៍ ដល់ប្រជាជាតិតែមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...