សម្ភាស៖ ធ្វើពហិកាព្រោះអសុវត្ថិភាព ជាសិទ្ធិរបស់តំណាងរាស្រ្ត
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 10, 2015
- ប្រធានបទ: សម្ភាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្ត្រទាំង៥៥រូប មកពីគណបក្សសង្គ្រោះជាតិ នឹងធ្វើពហិកា ដោយឈប់ធ្វើការងារមួយរយៈពេល ព្រោះបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនដៃដល់ ដែលបង្កហិង្សា លើតំណាងរាស្រ្តពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានចូលមកសារភាពព្រមគ្នា ត្រឹមតែបីនាក់ប៉ុណ្ណោះ។ នេះបើតាមការអះអាង របស់លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ នៅតាមបណ្ដាញសារព័ត៌មានក្នុងស្រុក។
បញ្ហាខាងលើ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹម អេង ថ្លែងពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តំណាងរាស្រ្តទាំងនោះ អាចធ្វើ«ពហិការ»បាន ព្រោះទាំងនេះ ជាសិទ្ធិតាមផ្លូវច្បាប់របស់ពួកគេ។ លោក គឹមអេង បានបន្តថា បើសិនជាសុវត្ថិភាពរបស់ពួកគាត់ មិនត្រូវបានយកចិត្តទុកដាក់ ពីរដ្ឋាភិបាលទេ គាត់អាចធ្វើពហិការទាមទារ ដើម្បីឲ្យមានដំណោះស្រាយ ក្នុងរឿងការពារសុវត្ថិភាពឲ្យពួកគាត់។
លោកថា ការធ្វើ«ពហិការ» ដើម្បីឲ្យមានការការពារសុវត្តិភាពផ្ទាល់ខ្លួន ពីរដ្ឋាភិបាលនេះ ជាហេតុផលមួយត្រឹមត្រូវ និងត្រូវមានការឆ្លើយតប ជា«វិជ្ជមាន»ពីរដ្ឋាភិបាល ជាមួយនឹងការអនុវត្តន៍ជាក់ស្តែង។ លោកថា ព្រោះតំណាងរាស្រ្ត នៃគណបក្សប្រឆាំងពីរូបហើយ ដែលត្រូវបានបាតុករមួយក្រុម វាយឲ្យរបូសយ៉ាងធ្ងន់ធ្ងរ ដែលមកទល់ពេលនេះ នៅមិនទាន់រកឃើញមេគំនិត អ្នកសមគំនិត និងជនដៃដល់ផ្សេងទៀត បាននៅឡើយ។
លោកតំណាងរាស្ត្រ អ៊ូ ច័ន្ទឫទ្ធិ បានអះអាងថា បើរដ្ឋាភិបាលមិនអាចស្វែងចាប់ខ្លួន ជនដៃដល់ទាំងអស់ និងអ្នកបញ្ជាពីក្រោយឃើញទេ នោះសុវត្ថិភាពរបស់ក្រុមតំណាងរាស្ត្រ នឹងនៅតែ«គ្មាន»។ លោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងឡើងថា៖ «ត្រូវស្រាវជ្រាវ រកជនដៃដល់ទាំងអស់ និងអ្នកនៅពីក្រោយខ្នង ដើម្បីឲ្យយើងមានភាពកក់ក្ដៅថា នឹងមិនមានអ្វីកើតឡើង សម្រាប់អ្នកតំណាងរាស្ត្រ (បក្សប្រឆាំង)។ (...) យើងបានសម្រេចគ្នាថា ទាក់ទងនឹងសុវត្ថិភាពតំណាងរាស្ត្រ យើងមិនអាចទៅចូលរួមប្រជុំ ឬក៏ចុះមូលដ្ឋាន ក្នុងនាមជាអ្នកតំណាងរាស្ត្របានទេ ក្នុងរយៈពេលនេះ បើគ្មានការឆ្លើយតប ពីការការពារសុវត្ថិភាពច្បាស់លាស់។»
ករណីនេះ ត្រូវបានប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ធ្វើការពន្យល់ទៀតថា ការធ្វើពហិការនេះ រដ្ឋសភាក៏មិនអាចយក«លេស» ក្រោមបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា មកធ្វើការព្រមាន ឬគម្រាម ដល់ការធ្វើពហិកា របស់តំណាងរាស្រ្តទាំងនោះបានឡើយ ព្រោះនេះជាសិទ្ធិផ្លូវច្បាប់ របស់ពួកគាត់។ លោក យ៉ង់ គឹមអេង បាននិយាយថា៖ «បើការធ្វើពហិការ មិនមានមូលហេតុត្រឹមត្រូវ ការយកបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាមកអនុវត្តន៍ វាត្រឹមត្រូវហើយ»។
ផ្ទុយមកវិញលោក យ៉ង់ គឹមអេង បានបន្តថា បើរដ្ឋាភិបាលបានបង្ហាញ និងធានាបាននូវសុវត្ថិភាពពិតប្រាកដ ជាមួយនឹងការបង្ហាញ ពីយន្តការនានាយ៉ាងច្បាស់លាស់ នៃការការពារសន្តិសុខ និងសុវត្តិភាព នៃអ្នកតំណាងរាស្រ្តទាំងនោះ ហើយបើពួកគាត់មិនចូលរួមទៀតនោះ ទើបអាចចាត់ទុកជាកំហុសមួយបាន។
លោកបានការធ្វើពហិការ ទាមទារ និងតវ៉ា នៃអ្នកតំណាងរាស្រ្តទាំងនោះ អាចនឹងធ្វើបានដោយគ្មានកំណត់ពេល រហូតដល់មានការឆ្លើយតប និងមានកិច្ចអន្តរាគមយ៉ាងពិតប្រាកដ ពីរដ្ឋាភិបាល ហើយមិនមែននិយាយ ត្រឹមតែមាត់នោះទេ ពោលគឺត្រូវតែមានឆ្លើយតប។ លោក គឹមអេង បានពន្យល់ថា៖ «រដ្ឋាភិបាលដែលមានកាតព្វកិច្ ចក្នុងការការពារសន្តិសុខ ជូនពលរដ្ឋទូទៅ ត្រូវតែមានការឆ្លើយតប ចំពោះបញ្ហាហ្នឹង។ វាជារឿងមួយ ត្រូវតែមានការព្រួយបារម្ភ ព្រោះតែ(បាតុករ) វាយដល់របងសភាហើយ អត់មាន (មន្ត្រី) សន្តិសុខណាទៅអើពើ ទុកឲ្យបាតុករនោះវាយតាមចិត្ត។ (...) នេះជាបញ្ហា ដែលស្ថាប័នជាតិទាំងមូល អត់មានសន្តិសុខ ឬមានសន្តិសុខប្រចាំការ អត់បានយកចិត្តទុកដាក់ត្រឹមត្រូវ។ (...) ស្ថានភាព វាហាក់ដូចជា នៅមានការគម្រាមកំហែងទេ ពួកគាត់(តំណាងរាស្រ្តបក្សប្រឆាំង) អាចនឹងបន្តធ្វើពហិការរហូត។»
«បើសិនជារដ្ឋាភិបាលមិនបានឆ្លើយតប មិនបានបង្ហាញនៅកិច្ចការពារអ្វីត្រឹមត្រូវ ប្រាកដប្រាជាទេ នោះក៏ជាការបង្ហាញ ពីភាពទន់ខ្សោយ របស់រដ្ឋាភិបាលដែរ។ ខ្ញុំគិតថា បើមានសំណើរនេះហើយ រដ្ឋាភិបាលត្រូវតែបង្ហាញ ពីកិច្ចប្រឹងប្រែង បង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល ដែលអាចការពារ មិនឲ្យមានបញ្ហានេះកើតឡើង។ បើរដ្ឋាភិបាល បណ្តោយឲ្យមានការវាយដំច្រំធាក់ លើតំណាងរាស្រ្ត និងប្រជាពលរដ្ឋ ស្រេចតែអំពើចិត្តនៃជនខិលខូច ឬក្រុមប្រថុចជនទាំងនោះ នោះទំនួលខុសត្រូវរបស់រដ្ឋ ក៏មិនមាន ហើយប្រទេស ក៏អាចនឹងមានចលាចល។»
ជាការរំលឹកជូនដែរ ថាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន«បញ្ជា»ដល់អភិបាលរាជធានី ខេត្ត-ក្រុង ទាំងអស់ ឲ្យចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ អ្នកការទូត ជាពិសេសឥស្សរជននយោបាយ គ្រប់និន្នការគណបក្ស។ នៅក្នុងសេក្ដីជូនដំណឹង របស់លោក ស ខេង បានឲ្យដឹងថា៖ «គណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាស ដល់ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋ។» សេចក្តីជូនដំណឹងដដែល បានសរសេរបន្តថា ការចេញបញ្ជានេះ ក៏ដើម្បីចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម សំដៅលើកស្ទួយ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា៕