រដ្ឋ​នឹង​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ចាប់​ពី​ដើម​ឆ្នាំ​២០១៦

ដើមឆ្នាំ២០១៦ ខាងមុខ រដ្ឋាភិបាលបានសម្រេច ដកយកសិទ្ធិលក់សំបុត្រ ក្នុងតំបន់អង្គរ​ពី​ក្រុមហ៊ុន​លោក សុខគង់ មក​គ្រប់​គ្រង​ដោយ​ខ្លួនឯង​វិញ។ ជាការសម្រេចចិត្ត ដែលមានការគាំទ្រយ៉ាងច្រើន ពីសំណាក់មន្ត្រី មក​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 10, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានសម្រេចធ្វើការ ដកសិទ្ធិគ្រប់គ្រង និងលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត ពីក្រុមហ៊ុន របស់លោក សុខ គង់ ដោយ​ដាក់​ឲ្យ​ស្ថិត នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។

តាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីខាងលើ បានបង្ហាញថា លោកនាយករដ្ឋមន្រ្តី បានចាត់ឲ្យបង្កើត «គ្រឹះ​ស្ថាន​សាធារណៈរដ្ឋបាល»មួយ ដើម្បីធុរៈកិច្ចគ្រប់គ្រង រមណីយដ្ឋានបេតិកភណ្ឌអង្គរវត្ត។ គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ត្រូវបង្កើត និងរៀបចំឡើង ដោយអន្តរក្រសួង ដែលរូមមានក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការសម្ភាស ពីលោក សុន ឆ័យ ទៅនឹងការអះអាង របស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះបានទេ។ លោក សុន ឆ័យ ធ្លាប់បានធ្វើការទទូច និងតវ៉ាជា​ច្រើន​លើក​ច្រើនសារ ទាក់​ទង​នឹងការដកសិទ្ធិ ពីក្រុមហ៊ុនលោក សុខ គង់ មកឲ្យរដ្ឋគ្រប់គ្រងវិញ តែមិនមានលទ្ធផល​អ្វី​ឡើយ។ យ៉ាងណា នៅ​លើ​ទំព័រហ្វេសប៊ុករបស់លោក តំណាងរាស្ត្រ​មកពីគណបក្សសង្គ្រោះជាតិ បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​យ៉ាង​ខ្លាំង ក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។

លោក សុន ឆ័យ បានសរសេរថា៖ «ខ្ញុំជាតំណាងរាស្រ្តមណ្ឌលសៀមរាប សូមស្វាគមន៏ ដែលរដ្ឋាភិបាល​សម្រេច យកថ្លៃលក់សំបុត្រ ចូលទស្សនាអង្គរ ពីក្រុមហ៊ុនលោក សុខ គង់ មកគ្រប់គ្រងវិញ។ យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាលត្រូវគ្រប់គ្រងចំណូល ពីការលក់សំបុត្រ ចូលទស្សនាអង្គរ ឲ្យមានតម្លាភាព។ លើស​ពី​នេះ ខ្ញុំសូមឲ្យរដ្ឋាភិបាល ដកយកភ្នំបូកគោ ពីក្រុមហ៊ុនលោក សុខ គង់ និងដីសម្បទានសេដ្ឋកិច្ចរបស់​ក្រុមហ៊ុន​វៀតណាម កុងត្រា៩៩ឆ្នាំ (បានបន្ថយមក៥០ឆ្នាំ) មកគ្រប់គ្រងវិញ។»

ឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថាលោកក៏គាំទ្រចំពោះចំណាត់ការ នៃ​ការដកហូតសិទ្ធិទាំងនេះ ចេញពី​ក្រុមហ៊ុន​ឯកជន មកដាក់ឲ្យស្ថិត នៅក្រោមការគ្រប់គ្រង របស់រដ្ឋវិញ​ដែរ។ តែលោក ក៏ស្នើ​ឲ្យយន្តការ​របស់​រដ្ឋ​មួយ​នេះ ត្រូវធ្វើការពង្រឹង នឹងដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពីរដ្ឋ និង​គ្មាន​អំពើ​ពុក​រលួយ​ជា​ដើម។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «ពង្រឹងគ្រឹះស្ថានសាធារណៈ របស់​រដ្ឋ ពង្រឹងយ៉ាងណាឲ្យមានតម្លាភាព ហើយ​មាន​អភិបាល​កិច្ច​ត្រឹមត្រូវ នៅក្នុងនោះ ក្នុងការគ្រប់គ្រង។»

យ៉ាងណា ចំពោះគ្រឹះស្ថានសាធារណៈរបស់រដ្ឋមួយនេះ ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ សម្ដែង​ការ​ជឿជាក់ថា ទោះជាមានការចាត់ចែង និងរៀបចំបែបណា ក៏អាចទទួលចំណូល ចូលរដ្ឋបានច្រើនជាង ការ​គ្រប់​គ្រង​ដោយក្រុមហ៊ុនឯកជន ទាំងស្រុងនោះដែរ ព្រោះក្បាលម៉ាស៊ីន នៃស្ថាប័នមួយនេះ ត្រូវបានគ្រប់គ្រង​ដោយរដ្ឋ។

លោកបានធ្វើការពន្យល់ថា គ្រឹះស្ថានសាធារណៈរបស់រដ្ឋ មានក្បាលម៉ាស៊ីនជារដ្ឋ ដែលត្រូវបានតែងតាំង ឲ្យ​គ្រប់គ្រង។ ឯបុគ្គលិកធម្មតាវិញ ជាបុគ្គលិកជាប់កិច្ចសន្យា ដូចជាបុគ្គលិកអង្គការ និងក្រុមហ៊ុនដូច្នោះដែរ ហើយគ្មានក្របខណ្ឌរដ្ឋទេ។ លោកបន្តថា អ្នកគ្រប់គ្រងទាំងនោះ ត្រូវមានការចេះដឹង និងមានការទាក់ទាញ រៀបចំ និងស្វែងរកភ្ញៀវទេសចរ ឲ្យចូលមកទស្សនាតំបន់ទេសចរអង្គរនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...