ព្រះសារីរិកធាតុ ត្រូវបានរកឃើញនៅខេត្តតាកែវ តែនៅមាន«មន្ទិល»
ទីបំផុតទៅព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ត្រូវបានរកឃើញវិញហើយ នៅលើទឹកដីខេត្តតាកែវ។ ការឃើញនៅពេលនេះ គឺបន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការប្ដេជ្ញាចិត្ត ដុតដៃ ដុតជើង ដើម្បីស្វែងរកអស់រយៈពេលជិត២ខែ គិតពីពេលដែលជនសង្ស័យមួយក្រុមលួចយកទៅ កាលពីចុងឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ ក៏ព្រះសុវណ្ណកោដ្ឋត្រូវបានមតិមួយចំនួនលើកមកបញ្ជាក់ថា ជាវត្ថុ«ក្លែងក្លាយ»។
ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ដែលត្រូវបានរកឃើញមកវិញ។ (រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ)
ព្រះសារីរិកធាតុ - ជុំវិញការយកត្រឡប់មកវិញនូវ រតនវត្ថុដ៏មានតម្លៃរបស់ជាតិនេះ មានមតិមួយសម្តែងការសាទរ និងទទួលស្គាល់ព្រះសារីរិកធាតុ ថាជារបស់ពិត តែមតិមួយទៀតសង្ស័យថា ជារបស់«ក្លែងក្លាយ»។ មតិនោះបានលើកឡើងទៀតថា ការបាត់បង់ និងការរកឃើញ ព្រះសារីរិកធាតុ វាគ្រាន់តែជាឆាកល្ខោនរបស់អ្នកមានអំណាច ដើម្បីជួសជុលរូបភាពអសមត្ថភាពរបស់ពួកគេតែប៉ុណ្ណោះ។
យោងលើគេហទំព័រផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ត្រូវបានរកឃើញវិញហើយ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានព្រលយឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង ដែលបានលួចព្រះសុវណ្ណកោដ្ឋ និងព្រះសារីរិកធាតុរបស់ព្រះពុទ្ធនេះ។
បន្ទាប់ពីសមត្ថកិច្ចរកឃើញ ព្រះសារីរិកធាតុ ភ្លាមៗនោះ សម្តេចព្រះពោធិវាំង អ៊ំ លឹមហេង ព្រះសង្ឃនាយករងទី ២ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត និមន្តឲ្យទៅត្រួតពិនិត្យគុណភាព ព្រះសុវណ្ណកោដ្ឋ និងព្រះសារីរិកធាតុ។ ក្រោយការពិនិត្យ សម្តេចសង្ឃ អ៊ំ លឹមហេង បានអះអាងថា ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុពិតជានៅគង់វង្សដូចដើម មិនទាន់មានការបាត់បង់នោះទេ។
តែសម្រាប់ព្រះតេជគុណ លួន សូវ៉ាត ជាសកម្មជនព្រះពុទ្ធសាសនា បានបញ្ជាក់ថា៖ «អាត្មា មិនជឿថាចោរអំបុក ចោរអំបែងអាចលួចវត្ថុមានតម្លៃរបស់ជាតិបានទេ។ វាប្រាកដជាមានពាក់ព័ន្ធអ្នកមានអំណាចណាមួយ ឬអ្នកដែលទទួលបន្ទុកថែរក្សាវត្ថុនេះ។ បើមើលមុខចោរដែលចាប់បាន វាមិនសមហ្នឹងចោរដែលអាចលួចវត្ថុដែលត្រូវបានការពារ២៤ម៉ោងលើ២៤ម៉ោង មានចាក់សោរពិសេសៗច្រើនជាន់ និងមានឆ្មាំចាំការពារច្រើននាក់។ អាត្មាអត់ជឿទុកចិត្ត (...)។ ដូច្នេះ ត្រូវមានអ្នកសារព័ត៌មាន ព្រះសង្ឃ ប្រជាពលរដ្ឋ ត្រួតពិនិត្យរួមគ្នា ដោយឯករាជ្យ បញ្ជាក់ពីបញ្ហានេះ។ ហេតុអ្វីរបស់នេះ បាត់ទៅយ៉ាងងាយ ហើយរកឃើញវិញយ៉ាងងាយ?»។
សូមរម្លឹកថា ព្រះសារីរិកធាតុ និងវត្ថុបុរាណមានតម្លៃផ្សេងទៀត ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានគេដឹងថា មានជនសង្ស័យមួយក្រុមបានចូលលួច កាលពីម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ខណៈនៅទីនោះក៏ត្រូវបានគេដឹងថា មានវត្តមានឆ្មាំចាំយាមកាមច្រើននាក់ផងដែរ។
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤