ហេតុអ្វី «តួអេហ្វែល» មិនត្រូវបានរុះរើចេញ ដូចការគ្រោងទុក?
- ដោយ: ដ. កែវ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 06, 2015
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងគម្រោងសំណង់ តួអេហ្វែល នាងចុងសតវត្សន៍ទី១៩ សាលាក្រុងប៉ារីស បានផ្តល់សម្បទានឲ្យលោក ហ្គូស្តាវ អេហ្វែល (Gustave Eiffel) ធ្វើអាជីវកម្មលើសំណង់ ដ៏ធំស្កឹមស្កៃរបស់ខ្លួន សម្រាប់រយៈពេល ២០ឆ្នាំ។ ផុតកាលកំណត់ នៃការធ្វើសម្បទានខាងលើនេះ លោក ហ្គូស្តាវ ត្រូវតែរុះរើ តួអេហ្វែល ចេញឲ្យអស់ បើសូម្បីតែស្លាកស្នាមបន្តិច ក៏មិនត្រូវទុកដែរ។
ហើយបើសិនជា តួអេហ្វែល ត្រូវបានរុះរើ នៅក្រោយ២០ឆ្នាំ បន្ទាប់ពីសំណង់មហាគ្រឹះមួយនេះ ត្រូវបានសាងសង់រួចមែននោះ ម្លេះសមបណ្ដាអ្នកទេសចរណ៍ ដែលមកពីគ្រប់ជ្រុយជ្រោយ នៃផែនដី ដែលមានចំនួនជាង៧លាននាក់ ក្នុងមួយឆ្នាំៗ មិនបានស្គាល់ថា អ្វីទៅជានិមិត្តរូបសព្វថ្ងៃ នៃរដ្ឋធានី ប៉ារីស ប្រទេសបារាំងនោះឡើយ។ ប៉ុន្តែបើកិច្ចសន្យា ត្រូវបានសម្រេចរួចរាល់ រវាងម្ចាស់ តួអេហ្វែល ដែលជាវិស្វករ ជំនាញខាងសំណង់ដែកដឹង លោក ហ្គូស្តាវ អេហ្វែល និងសាលាក្រុងប៉ារីសនោះ សំនួរសួរថា តើម្ដេចឡើយបានមហាគ្រឹះ ដ៏ធំជាងគេ (ក្នុងសម័យនោះ) មួយនេះ អាចមានជីវិតរហូតមកដល់បច្ចុប្បន្នបាន?
ជាការរំលឹកឡើងវិញ សំណង់តួអេហ្វែល ចាប់ផ្ដើមដំបូងនៅឆ្នាំ ១៨៨៧ មានកំពស់៣២៤ម៉ែត្រ ពីកម្រិតទឹកសមុទ្រ (ជាមហាគ្រឹះដែលខ្ពស់ជាងគេ នៅក្នុងសម័យកាលនោះ)។ សំណង់នេះ ដើមឡើយគ្រាន់តែជាគម្រោងទាក់ទាញចំណាប់អារម្មណ៍ ដែលមានរយៈពេលខ្លីមួយប៉ុណ្ណោះ រវាងសាជីវកម្មសំណង់ របស់លោក ហ្គូស្តាវ អេហ្វែល និងសាសាក្រុងប៉ារីស ដើម្បីចូលរួមឲ្យកាន់តែអធិកអធម ក្នុងកម្មវិធីតាំងពិពណ៌«សកលលោក» នៃរដ្ឋធានីប៉ារីស ដែលត្រូវបានសម្ពោធ បើកទ្វាទទួលមនុស្ស ឲ្យចូលទស្សនា នៅឆ្នាំ១៨៨៩។
» ការដ្ឋានសាងសង់ តួអេហ្វែល៖
ដូច្នេះ ចាប់តាំងពីនាទីដំបូងមកម្លេះ លោកវិស្វករ ហ្គូស្តាវ អេហ្វែល បានដឹងខ្លួនរួចជាស្រេចហើយ ថាស្នាដៃដ៏ស្កឹមស្កៃរបស់លោកនេះ មិនមានអាយុកាលលើស ពី២០ឆ្នាំឡើយ។ ប៉ុន្តែលោក មិនអស់សង្ឃឹមទេ។ លោកនៅតែរក្សា ក្ដីស្រម័យរបស់លោកជាបន្តទៅទៀត ប្រៀបបាននឹងរូបរាងរបស់ តួអេហ្វែល ដូច្នេះដែរ ដើម្បីធ្វើយ៉ាងណា កុំឲ្យស្នាដៃស្ថាបត្យកម្មទំនើបដំបូងគេ នៅក្នុងយុគសម័យឧស្សហកម្ម រលាយបាត់រូបទៅវិញ។
នោះគឺការផ្ដល់សារៈប្រយោជន៍ នៃតួអេហ្វែល ទៅជាកន្លែងមួយ បម្រើឲ្យវិទ្យាសាស្ត្រ ជាពិសេសក្នុងវិស័យទូរគមនាគមន៍ តាមរលកធាតុអាកាស ដោយមិនប្រើខ្សែ។ បន្ទាប់ពីពិធីតាំងពិពណ៌ និងនៅប៉ុន្មានឆ្នាំដំបូងៗនោះ មន្ទីពិសោធន៌ខាងវិទ្យុទាក់ទង (គ្មានខ្សែ) មួយ ត្រូវបានតម្លើងធ្វើ នៅលើកំពូលនៃតួអេហ្វែល។ គឺការរកឃើញថ្មីនេះ ដែលបានជួយសង្គ្រោះមហាគ្រឹះ ធ្វើអំពីដែកសុទ្ធមួយនេះ ហើយក៏ជាការរកឃើញ ដែលបានផ្ដល់កំណើត ឲ្យប្រព័ន្ធទាក់ទង ដែលគ្មានខ្សែផ្សេងៗទៀត ដូចយ៉ាងទូរស័ព្ទដៃជាដើម អាចឃើញពន្លឺថ្ងៃ និងចេះតែអភិវឌ្ឍន៍ខ្លួន រហូតមកដល់ថ្ងៃនេះ។
ការរកឃើញថ្មីនេះ បានអង្រួនបេះដូងដល់បណ្ដាជនបារាំង ឲ្យយល់កាន់តែខ្លាំងថា តួអេហ្វែល មិនមែនគ្រាន់តែ ជាស្នាដៃស្ថាបត្យកម្មទំនើប ខ្ពស់ជាងគេ (ក្នុងសម័យនោះ) ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់មកឲ្យមនុស្សជាតិ នូវតម្លៃវិទ្យាសាស្ត្រ មិនអាចកាត់ថ្លៃបាន។ ជាពិសេសនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៨៩៨ អ្នកស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ និងឧស្សាហកម្មមួយរូប លោក អឺហ្សែន ឌូក្រេតេ (Eugène Ducretet) បានធ្វើការបង្ហាញជាសាធារណៈ នូវលទ្ធផលជាផ្លៃផ្កា នៃការទាក់ទង ផ្នែករលកធាតុអាកាសនេះ ដែលត្រូវបានធ្វើឡើង រវាងពីកំពូលតួអេហ្វែល មកកំពូលប៉ម នៃវិមានរំលឹកគុណ ប៉ង់តេអុង (Panthéon) ស្ថិតនៅចំងាយប្រមាណជា ៤គីឡូម៉ែត្រពីគ្នា៕
» អ្នកវិទ្យាសាស្ត្រលោក អឺហ្សែន ឌូក្រេតេ និងការទាក់ទង រវាងតួអេហ្វែល និងតួប៉ង់តេអុង៖