ហ៊ុន សែន៖ គ.បេតិកភណ្ឌពិភពលោក ឲ្យសកលលោកផ្តល់ឋានៈដ៏សក្តិសមដល់អារ្យធម៌ខ្មែរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ នៅកម្ពុជា មានសមាជិកចូលរួមចំនួនជាងមួយពាន់នាក់ (១៤៦៥នាក់) ដែលមកពីមួយរយម្ភៃប្រាំបី(១២៨)ប្រទេស ជាសមាជិកនៃអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីការការពារបេតិភ័ណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ នៃអង្គការយូណេស្កូដែលមានសមាជិក១៩៥ប្រទេស។
ប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ក្នុងកិច្ចប្រជុំនេះបានផ្តោតយកចិត្តទុកដាក់ ទៅលើរបៀបវារៈសំខាន់ចំនួនបី ទីមួយនិយាយពីអត្ដសញ្ញាណសម្បត្ដិវប្បធម៌ និងធម្មជាតិក្នុងតម្លៃជាសាកល ហើយត្រូវបានស្នើរដោយរដ្ឋជាភាគី ដើម្បីដាក់ឲ្យស្ថិតក្នុងការការពារតាមអនុសញ្ញាឆ្នាំ១៩៧២ ដោយធ្វើការចុះក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោក។ ទីពីរធ្វើការត្រួតពិនិត្យស្ថានភាព«អភិរក្សនៃសម្បត្ដិវប្បធម៌» ដែលបានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោក ដោយសហការជាមួយរដ្ឋជាភាគី និងសម្រេចថា តើសម្បត្ដិវប្បធម៌ណាខ្លះ ដែលនឹងត្រូវចុះបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ត្រូវត្រូវលុបចេញពីបញ្ជីបេតិភ័ណ្ឌពិភពលោកនោះ។ និងទីបីការពិនិត្យនូវសំណើរ នៃការស្វែងរកជំនួយ«ហិរញ្ញវត្ថុអន្ដរជាតិ» ដែលគាំទ្រថវិកាដោយមូលនិធិបេតិភ័ណ្ឌពិភពលោក។
ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងពីការរួមមតិរបស់អ្នកប្រវត្តិវិទូ បុរាណវិទូ និងស្ថាបត្យករបេតិភ័ណ្ឌដ៏ល្បីល្បាញលើពិភពលោក ដែលជាអ្នកស្រាវជ្រាវ នោះជាការគូសបញ្ជាក់អំពីសារសំខាន់ និងការរួមចំណែកនៃ«ប្រាសាទអង្គរ»នៅក្នុងវប្បធម៌ និងអរិយធម៌ពិភពលោក ក៏ដូចជាការផ្តល់នូវតម្លៃលេចធ្លោ ជាសកលនៃរមណីយដ្ឋានអង្គរផងដែរ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបន្តរថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងអាចជួយឲ្យសកលលោកទាំងមូល ផ្តល់ឋានៈដ៏សក្តិសមដល់អារ្យធម៌ខ្មែរ នៅក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិ រួមទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តម្លៃវប្បធម៌ជាតិខ្មែរ «វប្បធម៌ ជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពមោទនៈ ចំពោះសម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជា ដែលល្បាញល្បីនៅលើឆាកអន្តរជាតិ។ លោកបានបង្ហាញថាវប្បធម៌របស់កម្ពុជា ត្រូវបានរក្សាទុកជាសកល មិនអាចបំបាត់បាន ដូចជាតំបន់អង្គរត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ របាំក្បាច់បុរាណខ្មែរ «របាំព្រះរាជទ្រព្យ» បានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ល្ខោនស្រមោលស្បែកធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ប្រាសាទព្រះវិហារ ក៏ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោក នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩ កម្ពុជាក៏បានទទួលនូវជំនឿទុកចិត្ត និងការគាំទ្រពីអន្តរជាតិក្នុងការបោះឆ្នោត ចូលជាសមាជិកជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងលំដាប់លេខពីរ។
លោក ហ៊ុន សែន ក៏ស្នើឲ្យមានការដាក់បញ្ចូលប្រាសាទ«សម្បូរព្រៃគុហ៍» ដែលជារមណីយដ្ឋានមុនសម័យអង្គរ និងប្រាសាទ«កោះកេរ្តិ៍» ជារាជធានីនៃអធិរាជាណាចក្រខ្មែរក្នុងសតវត្សទីដប់ ដែលបង្ហាញនូវសិល្បៈនៃរូបចម្លាក់រស់រវើកមុនគេនៅទ្វីបអាស៊ី ទៅក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោក។
ឯលោក សុខ អាន ទេសរដ្ឋបន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានលើកឡើងថាបេសកកម្មរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលមួយនេះ ជាបេសកកម្មសកលដែលផ្តល់នូវសារសំខាន់ចំពោះវប្បធម៌ធម្មជាតិនិងសង្គម។
លោកបន្តរថា បេតិកភណ្ឌពិភពលោកត្រូវបានគេគោរព និងប្រារព្ធអបអរសាទរ«ជាសកល» ។ ក៏ប៉ុន្តែយើងត្រូវដឹងថា អនុសញ្ញាឆ្នាំ១៩៧២នេះ ទៅថ្ងៃអនាគតអាចនឹងប្រឈមជាមួយបញ្ហាធំៗជាច្រើនទៀត ជាពេសេសការលំបាកជាច្រើន ដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើការចុះបញ្ជី និងការវាយតម្លៃពីស្ថានភាពអភិរក្ស នៃសម្បតិ្តបេតិភ័ណ្ឌមួយចំនួន ដែលមានភាពមិនច្បាស់លាស់នោះ។
ដោយឡែកអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា នេះជាលទ្ធផលមួយដែលកម្ពុជាគួរតែទទូលបាន ក្នុងការរក្សាការពារ នូវសម្បត្តិវប្បធម៌ដ៏កម្ររបស់កម្ពុជា។ សង្គមស៊ីវិលក៏បានស្នើរឲ្យរដ្ឋាភិបាលបញ្ចូលបញ្ហាប្រាសាទព្រះវិហារ ដែលទាហានថៃ បានបាញ់កាំភ្លើងផ្លោង និងគ្រាប់គីមី មកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាតតួប្រាសាទ ដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកនេះផង។
ប៉ុន្តែរបៀវារះ នៃការដាក់បញ្ចូលសម្បត្តិវប្បធម៌ ឬធម្មជាតិកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬការជជែកទាក់ទងនឹងប្រាសាទព្រះវិហារ ក្នុងវិវាទជាមួយថៃ មិនត្រូវបានដាក់មកក្នុងអង្គប្រជុំទេ ដោយទំនងជាមកពីកម្ពុជា ជាម្ចាស់ផ្ទះ។
សូមរម្លឹកថាកិច្ចប្រជុំលើកទី៣៧ របស់គណៈកម្មាធិការបេតិភ័ណ្ឌពិភពលោក ក្នុងទិសដៅក្នុងការចូលរួមលើកកម្ពស់កិត្យានុភាព អភិរក្ស និងការអភិវឌ្ឍតំបន់អង្គរ ចាប់ពីល្ងាចថ្ងៃទី១៦ ខែមិថុនា នៅវិមានសន្តិភាព និងរហូតដល់ថ្ងៃទី២៧ ខែមិថុនា បិទសម័យប្រជុំនៅឯទីលានជល់ដំរី នៃប្រាសាទអង្គរធំ ខេត្តសៀមរាប។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ