រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​

បទបញ្ជាថ្មីពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលទើបនឹង​ចេញផ្សាយ ក្នុង​ថ្ងៃ​ទី១៤ ខែមិថុនានេះ បានសម្រេច​លុប​ចោល បម្រាម កាលពីខែតុលា​ឆ្នាំទៅម៉ិញ ដែលបានបញ្ជារ​ឲ្យ​ទប់​ស្កាត់ ការ​វិល​ត្រឡប់​មកប្រទេសកម្ពុជា របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ។ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា បានគិតថា នេះជាល្បែង​នយោបាយ​ថ្មីមួយ​ទៀត របស់​លោក ហ៊ុន សែន។
រដ្ឋាភិបាល​លុប​ចោល​បម្រាម​ហាម​ សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 14, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បញ្ជា​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លុប​ចោល​​លិខិត ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែល​បញ្ជាឲ្យ​ទប់ស្កាត់ ការវិលត្រឡប់ចូលកម្ពុជាវិញ របស់​លោក​​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ បើតាមលិខិតមួយ របស់លោក តឹករ៉េត សំរេច រដ្ឋ​លេខា​ធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរជូន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ និង​​នាយ​​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​។​

លិខិត​«ជម្រាបជូន»នោះ ដែលមកដល់ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃដដែល បានយោងតាម​បទបញ្ជា​ «ដ៏​ខ្ពង់​ខ្ពស់»​ របស់​​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃតែមួយ និងបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្រេច​«លុប​ចោល» នៅ​លិខិត​លេខ​១៥១ របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ស្តីពី​លោក សម រង្ស៊ី អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​។​

​លិខិតចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្ញើរជូនលោក នេ​ត សាវឿន និង​លោក សុខ ផល បានបញ្ជាឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិការ ហោះហើរ​មក​កម្ពុជា មិន​ត្រូវ​​អនុញ្ញាត​ឲ្យលោក សម រង្ស៊ី ឡើង​យន្តហោះ មក​កម្ពុជា​ទេ។ ក្រុមហ៊ុនទាំងនោះ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់ ប្រសិនជាលោក សម រង្ស៊ី បានទិញ​សំបុត្រ​យន្តហោះ ធ្វើដំណើរ​មក​កម្ពុជា​។

លិខិត​បង្ការទប់ស្កាត់នោះ បានបញ្ជាក់ទៀតថា ក្នុងករណីលោក ​សម រង្ស៊ី ធ្វើដំណើរ​មក​កម្ពុជា តាមរយៈ​យន្ត​ហោះ​ណាមួយ យន្តហោះ​នោះ នឹងត្រូវ​បង្វែរ​ឲ្យ​វិលត្រឡប់ ទៅកាន់​អាកាសយានដ្ឋានដើម​វិញ ដោយ​មិន​អនុញ្ញាត​​ឲ្យ​ធ្វើការ​ចុះចត ​នៅ​កម្ពុជា​ឡើយ​។ តែបើយន្តហោះ​ដឹក​លោក សម រង្ស៊ី បានជ្រុល​ចុះចត​​ដល់​អាកាស​យានដ្ឋាន ណាមួយ​នៅ​កម្ពុជា នឹងមិន​ត្រូវ​អនុញ្ញាត ឲ្យ​ភ្ញៀវឬអ្នកដំណើរនៅក្នុងយន្ដហោះ បានចេញ​ពី​យន្តហោះ​​ឡើយ នឹង​ត្រូវ​​បញ្ជា​​ឲ្យភ្ញៀវឬអ្នកដំណើរទាំងនោះ វិល​ត្រឡប់​ទៅ អាកាសយានដ្ឋាន​ដើម​វិញ​។

រីឯករណីពិសេស ​ដែលលោកល សម រង្ស៊ី បាន​ចាក​ចេញផុតពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍ ត្រូវ​ចាត់​វិធាន​ការ​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​មេដឹកនាំ​ប្រឆាំង​ ចូលមក​កម្ពុជា​បាន។ វិធានការនេះ ត្រូវរាប់បញ្ចូល ជាមួយ​វិធានការ​«​ផ្សេងៗ​​ទៀត» ប្រសិនជាមាន​ការចាំបាច់​។​

បទបញ្ជាថ្មីរបស់លោក ហ៊ុន សែន បានធ្លាក់មកដល់ នៅក្រោយការថ្លែង របស់លោក សម រង្ស៊ី ដែល​និយាយ​ក្នុង​កិច្ចសម្ភាសន៍ ជាមួយ​វិទ្យុ​អាស៊ីសេរី (RFA) នៅ​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃទី​១៣ មិថុនា ​នេះ ថា​លោក​ត្រៀម​ខ្លួន ត្រឡប់ចូល​ប្រទេសកម្ពុជាវិញ ដើម្បីការប្រកួតប្រជែកមួយ ដែលស្មើភាព នៅក្នុង​ការបោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែលោក សម រង្ស៊ី បានបញ្ជាក់ថា ចាំបាច់ត្រូវរដ្ឋាភិបាលកម្ពុជា លើកលែងបម្រាម ដែល​ហាម​មិនឲ្យ​យន្ដហោះ​​ដឹករូប​លោក ចូលកម្ពុជា។

មេដឹកនាំប្រឆាំងបាន​មានប្រសាសន៍ថា៖ «​ទីមួយ លោក ហ៊ុន សែន ត្រូវតែ​លើក -ផ្អាក- ទម្លាក់ចោល​​ការ​បញ្ជា ដែល​​រដ្ឋាភិបាល​របស់​លោក បាន​ឲ្យ​ទៅ​ក្រុមហ៊ុន អាកាសចរណ៍ ទូទាំង​ពិភពលោក មិន​ឲ្យ​ដឹក​រូបខ្ញុំ សម រង្ស៊ី លើ​​យន្ត​ហោះ​ណា ដែល​ហោះហើរ មក​ប្រទេស​កម្ពុជា ដូច្នេះ​អត់​មាន​យន្ត​ហោះណា ហ៊ាន​ដឹក​រូបខ្ញុំ​ទេ»​។

«ល្បែងដាក់អន្ទាក់ថ្មី»

សម្រាប់អ្នកតាមដានស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានពន្យល់ថា បទបញ្ជាថ្មីរបស់លោក ហ៊ុន សែន មាន​លក្ខណៈ​ជាការ «លេងល្បែង​ជាថ្មី​មួយ​ទៀត» ដើម្បីឲ្យគ្រាន់​តែល្អមើល ឬជាការរាយ«អន្ទាក់»ថ្មី ពី​សំណាក់​បុរស​ខ្លាំង​កម្ពុជា ដែលនៅកាន់អំណាច តាំងពីជាង៣០ឆ្នាំមកហើយ។

លោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បានពន្យល់ខ្លី នៅលើបណ្ដាញសង្គមថា៖ «ល្បែង​​នយោបាយថ្មី (new political game): រដ្ឋាភិបាល​ខ្មែរ​ចេញលិខិត​លប់ចោលបំរាម អំពីការ​វិល​ត្រលប់ របស់​​លោក សម រង្សុី»។ 

ប៉ុន្តែបើទោះជា«អន្ទាក់»នេះ មានរូបរាងបែបណាក៏ដោយ តែអតីតប្រធានគណបក្សប្រឆាំង នឹងមិន​ដើរចូល​អន្ទាក់​នេះ​ទេ។ នេះ បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ ព្រះតេជគុណ បាន​មាន​ថេរដីកាថា៖ «ល្បែងដាក់អន្ទាក់កណ្ដាលវាលប្រភេទនេះ មិនមែនជាលើក​ទីមួយ​ទេ សំរាប់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ប្រាកដជាដឹងច្បាស់ណាស់ថា គូប្រកួតរបស់គាត់ គេចង់បានអ្វីពីគាត់ និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។»។

ប្រធានបណ្ដាញព្រះសង្ឃ បានអះអាងទៀតថា៖ «គោលដៅផ្លាស់ប្ដូរ នៅជិតបង្កើយ ពេលនេះ​សង្គ្រោះ​ជាតិ អាចបន្តដំណើរ ទៅរកគោលដៅបាន បើទុកណាគ្មានវត្តមានលោក សម រង្ស៊ី។ ឧត្តមគតិ​លោក សម រង្ស៊ី ​បាន​ឋិត​នៅក្នុង​បេះដូងកូនខ្មែរ​ហើយ។»។

ចំពោះលោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» បាន​អះ​អាង​ថា៖ «ការលុបចោល​លិខិតហាម​ឃាត់​នោះ​ មិនមានន័យថា គាត់បានផុតទោស ដែលត្រូវបាន​ចោទ​ប្រកាន់​កន្លងមកនោះទេ។​ ហេតុនេះត្រូវការការទម្លាក់ចោល បទចោទ​នានា និង​ការ​លើក​លែង​​ទោស​ពី​ព្រះមហាក្សត្រ លើ​ទោស​ទាំង​អស់ ដែលគាត់ត្រូវរងការចោទប្រកាន់ ក្នុងសាលក្រមស្ថាពរ។ តើពេលណា​ទើប​ចប់​?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...