បាន គី-មូន និង ហ៊ុន សែន ឆ្លើយ​ឆ្លង​លិខិត​គ្នា​រឿង​ផែនទី​កម្ពុជា

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន និងលោក ហ៊ុន សែន បានឆ្លើយឆ្លងលិខិតគ្នាទៅវិញទៅមក ទាក់ទងនឹងការស្នើសុំ​ខ្ចីផែនទីដើម ខ្នាត១/១០០០០០ ដែល​ពាក់ព័ន្ធ​នឹង​ព្រំដែន​នានា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 07, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​លិខិតរបស់លោក បាន គី-មូន ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ សរសេរជាភាសាអង់គ្លេស ដែល​រដ្ឋាភិបាល បានបកប្រែជាខេមរភាសា ហើយបាន​ផ្សព្វផ្សាយ ​នៅ​យប់​ថ្ងៃទី​០៦ ខែសីហា​នេះ បានបញ្ជាក់ឲ្យដឹងថា ផែនទី​ប្រទេសកម្ពុជា ដែល​ផលិតឡើង​នៅ​ចន្លោះ ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ អង្គការសហប្រជាជាតិ រកមិនឃើញ​ទេ។ តែលោក បាន គី-មូន បានអះអាងថា មាន​ផែនទី​ដើមរបស់​កម្ពុជា​មួយចំនួន ដែល​អង្គការសហប្រជាជាតិ ព្រម​ឲ្យ​ប្រទេសកម្ពុជា​ខ្ចី ​ក្នុង​រយៈពេល​កំណត់​មួយ​ជាក់លាក់​។

នេះជាលិខិតលើកដំបូងហើយ របស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដែលបានឆ្លើយតបជាផ្លូវការ ទៅនឹងការស្នើសុំខ្ចីផែនទីរបស់កម្ពុជា។ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ច្បាប់ ​ទៅ​លោក បាន គីមូន ដើម្បី​សុំ​ខ្ចី​ផែនទី​កម្ពុជា ខ្នាត ១/១០០០០០ ដែល​តម្កល់​នៅ​អង្គការ​ប្រជាជាតិ ដោយ​អះអាង​ថា​យក​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​ បាន​ប្រើប្រាស់ ដោះស្រាយ​បញ្ហា​ព្រំដែន​ ជាមួយ​ប្រទេស​ជិតខាង​។

​លិខិតរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានពន្យល់ថា ផែនទី​មួយចំនួននោះ ត្រូវបានរកឃើញ​ ពី​កន្លែង​ផ្ទុក​ឯកសារ នៃ​បណ្ណាល័យ ដាក ហា​ម៉ា​ស្ដូ​ហ្សូ​ល របស់​ UN ទាំង​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​​ចម្លង​បោះពុម្ព​រួច ដែល ​UN ​គិត​ថា​ អាច​មាន​ប្រយោជន៍ ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។​

​លោក បាន គី-មូន បានសរសេរថា អង្គការសហប្រជាជាតិ​ បាន​ផ្តល់​ផែនទី​ ដែល​ខ្លួន​បាន​រក​ឃើញ​នេះ​ ជា​ទម្រង់​​ឌី​ជីតាល់ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា​​ ដល់​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ​ប្រចាំ​អង្គការសហប្រជាជាតិ​ លោក ទុយ រី។ លិខិត​បន្តថា ជាគោលការណ៍ បណ្ណាល័យ​ដាក ហា​ម៉ា​ស្ដូ​ហ្សូ​ល មិន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី​​ដែល​ស្ថិតក្រោម​ការថែរក្សា​របស់ខ្លួន​នោះ​ទេ ប៉ុន្តែ​ក្រោយពី​មាន​ការពិគ្រោះ​យោបល់ ដោយ​ឈរ​លើ​ករណី​​លើក​លែង បណ្ណាល័យ​អាច​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​ទាំង​នោះ ​ក្នុង​រយៈពេល​មាន​កំណត់​មួយ​។​

អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ បាន​បញ្ជាក់ទៀត​​ថា៖ «អង្គការសហប្រជាជាតិ ​មិន​​ត្រូវ​​បាន​បកស្រាយ ​ក្នុង​ការគាំទ្រ ឬ​យល់ព្រម​ជា​ផ្លូវការ​ចំពោះ​ខ្សែ​បន្ទាត់​ព្រំដែន និង​ឈ្មោះ​នានា ដែល​បាន​បង្ហាញ ​នៅ​លើ​ផែនទី​ទាំងនោះ​ទេ​»​។​

ផែនទីដែលអង្គការសហប្រជាជាតិ ថានឹងឲ្យកម្ពុជាខ្ចីនោះ ទំនងជាផែនទីទាំង១៨ផ្ទាំង ដែលធ្លាប់ត្រូវបាន​លើក​ឡើង ដោយអ្នកនាំពាក្យ របស់​អង្គការពិភពលោកមួយនេះ ​អ្នកស្រី អេរី កាណេកូ (Eri Kaneko)។ អ្នកស្រី បាន​ឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ផែនទី​របស់​កម្ពុជា​ចំនួន​១៨​ផ្ទាំង​ និង​​កំពុង​ស្វែងរក​ឯកសារ​ផ្សេងៗ​ទៀត​។

គណៈកម្មការចំពោះកិច្ចមួយ ត្រូវបានបង្កើត

ភ្លាមៗ បន្ទាប់ពីទទួលបានលិខិតនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានតបសំបុត្រមួយទៅវិញ​ដែរ ដើម្បីថ្លែង​អំណរគុណ នូវកាយវិការរបស់អគ្គលេខាធិការ អង្គការសហប្រជាតិ ទាក់ទងនឹងការស្នើសុំផែនទី នៃ​ប្រទេសកម្ពុជានេះ។ លោក ហ៊ុន សែន ថែមទាំងបានបង្កើត «គណៈកម្មការចំពោះកិច្ច សម្រាប់សម្រប​សម្រួល ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី» មួយទៀត នៅក្នុងយប់ដដែលនេះផង។

គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងយប់ថ្ងៃ ០៦ ខែសីហា ឆ្នាំ២០១៥នេះ មានឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន ជាអនុប្រធាន និង លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី ក្រសួង​រៀបចំ​ដែនដី ជាអនុប្រធាន ព្រមទាំងមន្រ្តីរដ្ឋាភិបាល មួយចំនួនទៀត ជាសមាជិក៕


» ខាងក្រោមនេះ ជាខ្លឺមសារទាំងស្រុង នៃលិខិតរបស់លោក បាន គីមូន និងរបស់លោក ហ៊ុន សែន (ចុចពីលើ ដើម្បីពង្រីកអាន)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...