សម រង្ស៊ី ពន្យល់ពីហេតុផល ដែលមិនខ្វល់ពីបណ្ដឹងរបស់រដ្ឋាភិបាល ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានពន្យល់ពីហេតុផលមួយចំនួន ដែលធ្វើឲ្យលោក មិនបាន«ឈឺក្បាល» ជាមួយនឹងរាល់បណ្ដឹង ដែលរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាល ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ទៅកាន់តុលាការកម្ពុជានោះឡើយ។ ជាពិសេសបណ្ដឹងចុងក្រោយមួយ ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដាក់ទៅកាន់តុលាការ ចោទលោក ពីបទ«ក្បត់ជាតិ» ថាលោកបានកាត់ខេត្តចំនួន៤ ឲ្យទៅជនជាតិភាគតិចវៀតណាម។
លោកបញ្ជាក់ថា នៅពេលដែលរឿងក្ដី មានជាប់ទាក់ទងនឹងនយោបាយ តុលាការ«អាយ៉ង» របស់ប្រទេសកម្ពុជា តែងរងនូវការរិះគន់ និងការចំអកយ៉ាងខ្លាំងថា រាល់ការចោទប្រកាន់បន្ថែមទៀត ដែលតុលាការលើកឡើង ដើម្បីដាក់បន្ទុកលើរូបលោក ក្លាយជា«ឥតន័យ» និង«អស់សំណើច»។ លោក សម រង្ស៊ី បន្តថា៖ «អ្នកឯងយល់ហើយ ថាហេតុអ្វីបានជាខ្ញុំមិនដែលខ្វល់»។
កាលពីព្រឹកថ្ងៃទី២២ ខែមីនា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលខ្លួន ទៅបំភ្លឺ នៅថ្ងៃទី៧ ខែឧសភាខាងមុខ ក្នុងករណីខាងលើ។ រដ្ឋាភិបាលលោក ហ៊ុន សែន ចោទលោក សម រង្ស៊ី ថាបានចុះកិច្ចព្រមព្រៀងមួយ ជាសម្ងាត់ ដើម្បីលួចកាត់ទឹកដីកម្ពុជាចំនួន៤ខែត្ត ទៅឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ជាមួយមេដឹកនាំចលនាជនជាតិដើមភាគតិច ម៉ុងតាញ៉ា ឬដេហ្គា (Degar) លោក កុក សរ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។
បណ្ដឹងចុងក្រោយនេះ នឹងក្លាយជាបណ្ដឹងមួយទៀត ក្នុងចំណោមបណ្ដឹងយ៉ាងហោច ចំនួន១០ករណី ដែលប្ដឹងប្រឆាំងលោក សម រង្ស៊ី ទៅកាន់តុលាការកម្ពុជា។ មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់បន្តថា៖ «សំណុំរឿងជាឆាកកំប្លែងមួយនេះ គ្រាន់តែបានបង្ហាញ ពីការភ័យខ្លាច របស់លោក ហ៊ុន សែន និងការខិតខំ ទាំងអស់សង្ឃឹម ដើម្បីផាត់ខ្ញុំចេញ ពីការបោះឆ្នោតប៉ុណ្ណោះ»។
លោក សម រង្ស៊ី បានបញ្ចប់សេចក្ដី ដោយឃ្លាមួយនេះ៖ «តែប្រវត្តិសាស្ត្របង្ហាញច្បាស់ហើយថា មិនមានជនឃោឃៅណាម្នាក់ ទទួលបានជ័យជំនះ នៅទីបញ្ចប់នោះទេ»៕